អ្នកវិភាគថា ជំនួបរវាងលោក ហ៊ុន សែន និង​មេដឹកនាំ​​វៀតណាម លើស​ពី​កិច្ច​សហ​ប្រតិបត្តិការ

ជំនួបពិភាក្សារវាង លោក ហ៊ុន សែន ជាមួយនិងលេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម ង្វៀន វ៉ាន់ណេន នាព្រឹកថ្ងៃច័ន្ទ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព (ប្រភព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

អ្នកវិភាគ និងអ្នកជំនាញ​គោលនយោបាយអន្តរជាតិ មើលឃើញថា ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់វៀតណាមកាលពីថ្ងៃម្សិលមិញ អាចមានរឿងនៅពីក្រោយឆាកបន្ថែមទៀត ជាជាងត្រឹមតែការប្តេជ្ញា​ពង្រឹងកិច្ចសហការ ព្រមទាំងដោះស្រាយបញ្ហាព្រំដែនរួមគ្នា ពីសំណាក់ថ្នាក់ដឹកនាំប្រទេសទាំងពីរនោះ។

កាលពីថ្ងៃម្សិលមិញ ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាមលោក ង្វៀន វ៉ាន់ណេន នៅវិមានសន្តិភាព។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន អះអាងថា ជំនួបនោះថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្តេជ្ញាធ្វើការងាររួមគ្នា ផ្លាស់ប្តូរសភាពការណ៍​ក្នុងប្រទេស និងប្តេជ្ញាដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរផងដែរ។​

មិនខុសអ្វីពីហ្វេសប៊ុករបស់លោក ហ៊ុន សែន នោះ​ឡើយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ​ថា ​ថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិតជា​បានជជែកគ្នាអំពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរួមគ្នាទៅថ្ងៃអនាគត ព្រមទាំង​​​បញ្ហាអភិវឌ្ឍន៍តាមព្រំដែនជាដើម។

លោក កៅ គឹមហួន មានប្រសាសន៍ថា៖ «ហើយអ្វីដែល​កម្ពុជាទទួលបានសមិទ្ធផលទាំងឡាយ រួមទាំងការបន្ត​ពង្រឹងសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាពិសេសទៀតការអភិវឌ្ឍនូវ ដោយមិនមែនតែកម្ពុជា-វៀតណាមទេ គឺការអភិវឌ្ឍទឹកដីនៃព្រំប្រទល់នៃប្រទេសទាំងពីរនេះ»

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ថ្នាក់ដឹកនាំវៀតណាមបាន​ធ្វើ​ដំណើរ​មកកម្ពុជាជាបន្តបន្ទាប់ ក្រោយទំនាក់ទំនងប្រទេសទាំងពីរនេះ មានភាពរយាលច្រើន​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បន្ទាប់ពីកម្ពុជាបានបង្ហាញជំហរ​ងាកទៅរកចិនកាន់តែខ្លាំង។

លោកមើលឃើញថា ជំនួបរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីម្សិលមិញនោះ អាចមានរឿងសំខាន់ផ្សេងទៀត ពិសេសបញ្ហាសន្តិសុខក្នុងតំបន់តែម្តង ដោយថា បច្ចុប្បន្ន ចិនកុម្មុយនីស្តកាន់តែមានឥទ្ធិពលខ្លាំងមកលើកម្ពុជា ស្របពេលមានការចោទប្រកាន់រឿងយោធាចិននៅលើទឹកដីកម្ពុជាផង ដែលធ្វើឱ្យវៀតណាមកាន់តែបារម្ភ។

លោក ឯម សុវណ្ណារ៉ា បន្តថា៖ «បញ្ហានេះ វៀតណាម ក៏ដូចជាលោកខាងលិចដែរ គឺមានការបារម្ភ ពិសេស​វៀតណាមមានការបារម្ភជាងគេពាក់ព័ន្ធបញ្ហាសន្តិសុខតំបន់ ព្រោះវៀតណាមពាក់ព័ន្ធជាមួយចិន រឿងសមុទ្រចិនខាងត្បូង។ ប្រសិនបើចិនមានទំនាក់ទំនងល្អជាមួយកម្ពុជា ត្រឹមកម្រិតធម្មតា កម្រិតការទូតធម្មតា វាមិនអីទេ ប៉ុន្តែ ប្រសិនបើដូចលោកខាងលិចចោទប្រកាន់មកលើកម្ពុជាយើង អាហ្នឹង ខ្ញុំគិតថា វៀតណាមកាន់តែបារម្ភខ្លាំងហើយ ព្រោះវាពាក់ព័ន្ធនឹងសុវត្ថិភាព សន្តិសុខតំបន់នៃផ្ទៃសមុទ្ររបស់វៀតណាមដែរ ពិសេសសមុទ្រចិនខាងត្បូង»

រីឯសាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​ នៃ​មហា​វិទ្យាល័យ​ Occidental​ នៅ​សហរដ្ឋអាមេរិក​ ​និង​ជា​អ្នកជំនាញ​គោល​នយោបាយអន្តរជាតិ​ ​លោក​ អៀ សុផល បាន​ឱ្យ​ដឹងតាម​សារ​អេឡិចត្រូនិក​អ៊ីម៉ែល​ថា នៅក្រោយជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ មេដឹកនាំខ្មែរអាចប្រាប់មន្ត្រីជាន់ខ្ពស់វៀតណាមជាថ្មីទៀតអំពីជំហរ​នៃទំនាក់ទំនងកម្ពុជា-ចិន។

លោកថា មេដឹកនាំកម្ពុជា​ប្រហែលប្រាប់ទៅថ្នាក់ដឹកនាំវៀតណាមថា ខ្លួនមិន​អនុញ្ញាតឱ្យចិនតាំងមូលដ្ឋានយោធាទ័ពជើងទឹកនៅលើទឹកដីនេះឡើយ ប៉ុន្តែ ​លោកថា បញ្ហានេះថ្នាក់ដឹកនាំវៀតណាមគេឆ្លាតណាស់ ​គេនឹងមិនជឿនូវអ្វីដែលលោក ហ៊ុន សែន ប្រាប់គេនោះទេ។

ចំណែកអ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសវិញ លោក គឹម សុខ បានលើកឡើងថា​ ​ស្ថានភាពបច្ចុប្បន្ន លោក ហ៊ុន សែន ក៏មានក្តីបារម្ភខ្លាំង ពិសេសបារម្ភចំពោះការលូកដៃរបស់វៀតណាម ដើម្បីរុះរើក្បាលម៉ាស៊ីនគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោកតែម្តង។

លោក គឹម សុខ មានប្រសាសន៍ថា៖ «ពីព្រោះទី១ យួន ក៏មិនពេញចិត្តចំពោះលោក ហ៊ុន សែន ដែលស្និតយ៉ាងជ្រៅជាមួយហ្នឹងចិន​ដែរ ហើយទី២ យួនកំពុងក្លាយជាដៃគូយុទ្ធសាស្ត្រ​ជាមួយសហរដ្ឋអាមេរិកទាំងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងយោធា។ ដូច្នេះ យួនអាចពិចារណាយុទ្ធវិធី​ណាមួយក្នុងការផ្គូរផ្គង ផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំ​គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យស្របទៅនឹងនយោបាយរបស់សហរដ្ឋអាមេរិក»

​កាលពីពាក់កណ្តាលខែវិច្ឆិកា ២០១៨ សារព័ត៌មាន​ The Asia Times បានចុះ​ផ្សាយអត្ថបទរបស់ខ្លួនមួយ​ដែលមានចំណងជើងថា ​​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​ស្នូលនៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ ដោយថា ​​កម្ពុជា​ងាក​ទៅ​រក​ចិន​ខ្លាំង និង​ឥត​ងាក​រេ។

សារព័ត៌មាននេះ អះអាងថា កម្ពុជាបាន​ផ្តល់​ដី​សម្បទានសេដ្ឋកិច្ច​ទៅក្រុមហ៊ុន​ចិន​ជាង ៤៥ ០០០ហិកតា រយៈ​ពេល ៩៩ឆ្នាំ នៅ​ខេត្ត​កោះកុង ហើយចិនបានសាងសង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅដែល​អាច​ឲ្យ​កប៉ាល់​ចម្បាំង​ចិនចូល​ចត​បាន និងព្រលានយន្តហោះយ៉ាងធំ ដោយថា នេះអាចជាមូលដ្ឋានយោធារបស់ចិនផងដែរ។ ប៉ុន្តែ អត្ថបទនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលច្រានចោលជាបន្តបន្ទាប់។

ក្រោយពេលអត្ថបទនេះ ចេញផ្សាយ សកម្មភាព​ទស្សនៈកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ មិនក្រោមពី ១០លើកឡើយ​ចាប់តាំងពីចុងខែ​វិច្ឆិកា ឆ្នាំ២០១៨មក ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ