លោកសម រង្ស៊ី ជំរុញលោក ហ៊ុន សែនយកសំណុំរឿងឃាតកម្ម៣ទៀតតតាំងគ្នានៅបារាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី  បានលើកឡើងថា បើលោក ហ៊ុន ​សែនថា ចង់ការពារកិត្តិយស គួរយកសំណុំរឿងឃាតកម្ម៣ផ្សេងទៀត រួមទាំងករណីបាញ់សម្លាប់តារាសិល្បៈខ្មែរ អ្នកស្រី ពិសិដ្ឋ ពីលីកា មកតតាំងគ្នានៅតុលាការបារាំង។

កាលពីថ្ងៃអង្គារម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងអគ្គស្នងការរង​នគរបាលជាតិជាកូនប្រសារ គឺលោក ឌី វិជ្ជា បានសម្រេចឲ្យមេធាវីដាក់​ពាក្យ​ប្តឹង លោក សម រង្ស៊ី ទៅតុលាការក្រុងប៉ារីស ចោទពី​បទ​ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​»

បណ្តឹងនេះ ធ្វើឡើងក្រោយពី លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន រៀបគម្រោងបំផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី កាលពីឆ្នាំ២០០៨ ហើយថា ករណីនេះលោក ឌី វិជ្ជា ដែលជាកូនលោក ហុក ឡងឌី កំពុងរកពេលសងសឹកលោក ហ៊ុន សែន វិញ។

លោក សម រង្ស៊ី នៅថ្ងៃពុធនេះ បានសរសេរលើហ្វេសប៊ុករបស់លោក ស្វាគមន៍ការដាក់ពាក្យបណ្តឹងនេះ។ ប៉ុន្តែថា បើលោក ហ៊ុន សែន ចង់ការពារកិត្តិយស គួរតែប្តឹងករណី «សម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ ២០០៤ សម្លាប់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ ២០១៦ និងការសម្លាប់សិល្បការិនីខ្មែរ ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ ១៩៩៩ »ដែលលោកចោទ ដូចគ្នា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការជំរុញរបស់លោក​ សម រង្ស៊ីនេះ ។

លោកថា៖«ការប្តឹងជាសិទ្ធិរបស់ដើមបណ្តឹងមិនមែនលើអ្នកចុងចោទហ្នឹងចេះតែថា ឲ្យប្តឹងអ្នកនេះឬអ្នកនោះទេ អាហ្នឹងគ្រាន់តែជាវោហាសាស្ត្រនយោបាយដើម្បីបន្លំប្រជាពលរដ្ឋតែប៉ុណ្ណោះ»។

ការដែលអ្នកនយោបាយខ្មែរមិនអាចរកពេលជជែកទល់មុខគ្នាបាន ជិត២ឆ្នាំមកនេះ ធ្វើឲ្យកម្ពុជាប្រឈមកាន់តែខ្លាំងទៅនឹងការគំរាមកំហែងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបញ្ហានេះ វិស័យឯកជនអះអាងថា នឹងប៉ះពាល់ដល់ពលរដ្ឋខ្មែរច្រើនលាននាក់ ។

អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា លើកឡើងថា ការស្វែងរកយុត្តិធម៌ឲ្យគ្រួសារជនរងគ្រោះដែលត្រូវគេបាញ់សម្លាប់ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកថា ស្ថានភាពបច្ចុប្បន្ន បើអ្នកនយោបាយមិនអាចរកពេលជជែកគ្នាបាន ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដូចសហគមន៍អន្តរជាតិកំពុងដាក់សម្ពាធទេ ពលរដ្ឋអាចនឹងមើលឃើញថា អ្នកនយោបាយខ្មែរ បង្កើតតែជម្លោះបុគ្គល តែមិនបានការពារផលប្រយោជន៍ជាតិ។

លោកថា៖«យើងគិតថា វាអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ ជាពិសេសខាងកម្មករហ្នឹងឯងដូចដែលសមាគមរោងចក្រធ្វើការបង្ហាញ។អញ្ចឹងហើយគួរតែងាកមកគិតបញ្ហានេះវិញដែលជារឿងរួមរបស់ជាតិ»។

សមាគមរោងចក្រកាត់ដេរកម្ពុជាGMAC កាលពីសប្តាហ៍មុន បានបង្ហាញក្តីបារម្ភថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប នឹងប៉ះពាល់ផ្ទាល់ដល់កម្មករ៧៥ម៉ឺននាក់ កំពុងបំពេញការងារ និងប៉ះពាល់ដោយប្រយោលដល់ពលរដ្ឋខ្មែរ៣លានាក់ផ្សេងទៀត ។

ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប យកធ្វើជាសម្ពាធ​ទាមទារទៅរដ្ឋាភិបាលកម្ពុជា ឱ្យស្តារប្រជាធិបតេយ្យ តាមរយៈទាមទារឱ្យដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំង ដែលរំលាយទៅហើយនោះ បានដំណើរការឡើងវិញដោយគ្មានលក្ខខណ្ឌ។

របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប (GDP) របស់កម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ