ពលរដ្ឋ៣៨គ្រួសារនៅខណ្ឌដង្កោស្នើសាលារាជធានីឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍

ប្រជាពលរដ្ឋ ៣៨ គ្រួសារ នៅខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលារាជធានីភ្នំពេញ (រូបភាពពីវីដអូ)

ប្រជាពលរដ្ឋ ៣៨ គ្រួសារ នៅខណ្ឌដង្កោ ស្នើទៅសាលារាជធានីភ្នំពេញកាត់ឆ្វៀលដី ៧០ អារ ចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយទឹក ០៣រួចផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ មុននឹងរដ្ឋាភិបាលអភិវឌ្ឍន៍ទីតាំងនោះ។

 នៅថ្ងៃនេះ ប្រជាសហគមន៍តាកុកស្ថិតក្នុងភូមិព្រែកថ្លឹក សង្កាត់ជើងឯក ខណ្ឌដង្កោជាង ១០០ នាក់ បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលារាជធានីភ្នំពេញជាថ្មីទៀត ដើម្បីសុំឱ្យស្ថាប័ននេះ ពន្លឿការដោះស្រាយបញ្ហាដីធ្លីដល់ពួកគេឱ្យបានឆាប់។

អ្នកស្រី អ៊ឹម សារឿន ដែលអះអាងថា ជាតំណាងសគមន៍តាកុក ស្ថិតក្នុងភូមិព្រែកថ្លឹក សង្កាត់ជើងឯក បានឱ្យដឹងថា  កន្លងមក សាលារាជធានីភ្នំពេញបានសន្យាជាមួយគាត់ថា នឹងបង្កើតគណៈកម្មការមួយចុះទៅសិក្សា ដើម្បីធ្វើការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ប៉ុន្តែអ្នកស្រីថា រហូតមកដល់ថ្ងៃនេះ សាលារាជធានីភំ្នពេញមិនទាន់បានចុះទៅសិក្សានៅឡើយ។

អ្នកស្រីបន្តថា ការដែលអាជ្ញាធរពន្យារពេលដោះស្រាយបញ្ហាដីធ្លីនេះ ធ្វើឱ្យពួកគាត់បារម្ភ ដោយខ្លាចអាជ្ញាធរបណ្ដេញចេញទាំងបង្ខំ ដូចសហគមន៍បឹងកក់ បុរីកីឡាជាដើម។

អ្នកស្រីថា៖«ខ្លាចបណ្ដេញចេញ​ឱ្យទៅនៅឆ្ងាយ ពីសាលារៀន ​​ពីមន្ទីរពេទ្យពួកកូនចៅខ្ញុំរស់នៅ  ហើយណាមួយខ្លាចក្រែងគាត់គ្មានដំណោះស្រាយសមរម្យឱ្យពួកខ្ញុំ ។ ពួកខ្ញុំទាមទាររស់នៅកន្លែងហ្នឹង​​ ដើម្បីកូនចៅពួកខ្ញុំ។ ណាមួយខ្ញុំមកនេះ ខ្ញុំចង់ដឹងថា គាត់រៀបចំគណៈកម្មការថាចុះទៅសិក្សាថាចុះទៅសហគមន៍ខ្ញុំអស់រយៈពេល ២ ខែជាងហើយអស់ឃើញចុះទៅសោះ»

តំណាងសគមន៍តាកុក អ្នកស្រី ប៉ោ ស្រីម៉ៅ អះអាងថា  កន្លងមក អាជ្ញាធរមូលដ្ឋានបានចោទ ពួកគាត់ថា បានរស់នៅលើប្រឡាយ០៣ ដែលរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍  ដើម្បីរំដោះទឹកប្រើប្រាស់នៅរដូវស្សា និងប្រាំង នាពេលខាងមុខនេះ  ប៉ុន្តែអ្នកស្រីថា អ្នកភូមិជិត ៤០ គ្រួសារ មិនបានរស់នៅលើប្រឡាយទឹក ដូចអាជ្ញាធរចោទប្រកាន់ឡើយ។

អ្នកស្រីថា ពួកគាត់ឡើងមកតវ៉ានៅមុខសាលារាជធានីភ្នំពេញនាថ្ងៃនេះ ដោយចង់ឱ្យសាលារាជធានីភ្នំពេញចុះទៅសិក្សាដល់ទីតាំងផ្ទាល់ទៅតាមការសន្យា រួចចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់ទាំងអស់គ្នា។

អ្នកស្រីថា៖« កាលមុនគាត់និយាយថា នឹងចងក្រងក្រុមពួកគាត់​ ដើម្បីចុះទៅ ដើម្បីសិក្សាអភិវឌ្ឍន៍នៅនឹងកន្លែងឱ្យពួកខ្ញុំ [អត់មានការផ្លាស់ប្ដូរទីលំនៅទេ] ហើយសុំប័ណ្ណកម្មសិទ្ធិ»។

តំណាងពលរដ្ឋរូបនេះ ឱ្យដឹងថា អ្នកភូមិធ្លាប់បានទៅសុំ​កិច្ចអន្តរាគមន៍ពីមន្ទីររៀបចំដែនដី និងអាជ្ញាធរខណ្ឌដង្កោដែរ ប៉ុន្តែមិនទទួលបានដំណោះស្រាយឡើយ។

ក្រោយតវ៉ាពេញមួយព្រឹក នាយករងរដ្ឋបាលខណ្ឌដង្កោលោក កេង ថា  បានចុះទៅជួបក្រុមប្រជាពលរដ្ឋ ដោយឱ្យពលរដ្ឋត្រឡប់ទៅជួបនិងចរចានៅសាលាខណ្ឌដង្កោវិញ។

លោកថា៖«ជួបនៅសាលាក្រុងនៅសប្ដាហ៍ក្រោយ ប៉ុន្តែអភិបាលខណ្ឌគាត់ស្នើសុំឱ្យដាក់ញត្តិនិងឯកសារ។ លោកបងអភិបាលកំពុងនៅខណ្ឌរង់ចាំពួកបងដែរ​ [ពួកបង]ថាត្រឡប់ទៅខណ្ឌវិញប៉ុន្តែអត់ឃើញ»។

បើតាមតំណាងប្រជាពលរដ្ឋ អ្នកស្រី អ៊ឹម សារឿន ដែលបានជួបជាមួយអភិបាលខណ្ឌដង្កោ ប្រាប់វីអូឌីនៅរសៀលនេះថា សាលាខណ្ឌបានឱ្យពួកគាត់ដាក់ឯកសារពាក់ព័ន្ធទាំងអស់ ហើយនៅសប្ដាហ៍ក្រោយទើបបានជួបជាមួយសាលារាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយបញ្ហាទាំងអស់នេះ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដីបានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ក្នុងលិខិតចុះថ្ងៃទី៣ ខែឧសភា ផ្ញើទៅសាលារាជធានីភ្នំពេញ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ អះអាងថា ប្រជាពលរដ្ឋ ៣៨គ្រួសារ នៅសហគមន៍តាកុក គឺកំពុងរស់នៅប៉ះពាល់លើដីប្រឡាយ ០៣ ដែលគ្រោងអភិវឌ្ឍ ដើម្បីរំដោះទឹកប្រើប្រាស់នៅរដូវស្សា និងប្រាំង និងជាគម្រោងដែលត្រូវអភិវឌ្ឍនៅពេលអនាគតផងដែរ ដោយមិនអាចចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋបានឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ