សហភាពអ៊ឺរ៉ុបផ្ដល់ជំនួយ១១២លានអ៊ឺរ៉ូដល់កម្ពុជាលើវិស័យជលផល

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន និង អគ្គរដ្ឋទូតសភាពអ៊ឺរ៉ុប លោក ចច អេតហ្អា ទស្សនាពិពណ៌រូបភាពកសិកម្មបន្ទាប់ពីពិធីចុះហត្ថលេខាទទួលជំនួយផ្លូវការនាព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ នៅក្រសួងកសិកម្ម (ថតដោយ៖ វណ្ណ វិចារ)

សហភាពអ៊ឺរ៉ុបផ្ដល់ជំនួយ១១២លានអ៊ឺរ៉ូដល់កម្ពុជាឱ្យធ្វើការលើកកម្ពស់វិស័យជលផល ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។​

 ពិធីផ្ដល់ជំនួយនេះជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព  របស់​ឯក​អគ្គរដ្ឋ​ទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជាដែលទើបផុតអាណត្តិ លោក ចច អេដហ្គា( George​ED​GAR) និងរដ្ឋមន្ត្រី​ក្រសួង​កសិកម្មលោក វ៉េង សាខុន នៅព្រឹកថ្ងៃទី២១សីហា​នាក្រសួងកសិកម្ម។

ក្រសួងកសិកម្មលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន​ថាជំនួយរបស់​សហភាព​អ៊ឺរ៉ុប​នេះ​ធ្វើឡើងក្នុងគម្រោង​អភិវឌ្ឍន៍វិស័យជលផលប្រកបដោយ​ចេរភាព​(ភាព​ស្ថិតស្ថេរ) និងបរិយាប័ន្ន(ការរួមបញ្ជូលគ្រប់ភាគី)​​នៅក្នុងប្រទេស​កម្ពុជា។​ ភាគី​ទាំងពីរដាក់ក្ដីរំពឹងថា គម្រោងនេះ នឹងអាចនាំឱ្យវិស័យជលផល កាន់តែ​ប្រសើរ​ឡើង។ 

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប លោក ចច អេដហ្គា( GeorgeEDGAR) មាន​ប្រ​សាសន៍​ថា ថវិកាជំនួយនេះ ជាផ្នែកមួយនៃការជំរុញទំនាក់ទំនង​រវាង​សហ​ភាព​អ៊ឺរ៉ុបនិងកម្ពុជា។ លោកបន្តថា សហភាពអ៊ឺរ៉ុបរំពឹងថាគម្រោងនេះ​នឹងអាចរួម​ចំណែកជួយឱ្យ ការប្រើប្រាស់​ធនធាន​ជលផល​នៅកម្ពុជានឹងមាននិរន្តភាពដែល​ផ្ដល់ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរនៅទូទាំងប្រទេស។

លោក ចច អេដហ្គា៖ «ជំនួយនេះយើងបានសម្រេចថានឹង​ជួយតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយគម្រោងនេះគ្របដណ្ដប់ស្ទើរ គ្រប់​សកម្ម​ភាព​ជំរុញវិស័យជលផលនៅកម្ពុជា។ អ៊ឺរ៉ុបយល់ថា ធនធានជលផលផ្ដល់​ប្រូ​តេអ៊ីន​ច្រើនសម្រាប់សុខភាពពលរដ្ឋ​មានសារៈ​សំខាន់​ណាស់សម្រាប់​ពលរដ្ឋ​ខ្មែរទើបយើងជួយជំនួយនេះ។»

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន មានប្រសាសន៍ថា គម្រោងថ្មីនឹងអាច​ជួយ​ឱ្យវិស័យជលផល កាន់តែប្រសើរឡើង។ លោកបន្ត​ថា តាមគម្រោងនេះកម្ពុជានឹងពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងធនធានជលផលតាមរយៈការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព ពង្រឹង​សមត្ថ​ភាព​​ភាគីពាក់ព័ន្ធរួម ​​សង្គមស៊ីវិល សហគមនេសាទ ជាដើម។

លោក វេង សាខុន៖ «កម្ពុជារបស់យើងពេលត្រូវត្រីតែ២ឬបី​ខែទេក្នុងមួយឆ្នាំ​ដូច្នេះយើងត្រូវវេចខ្ចប់បែបណា យើងត្រូវការការចូលរួមទាំងអស់​រាប់តាំងពី​សហគមន៍​នេសាទរហូតដល់ផ្នែកឯកជន។ បញ្ហាសំខាន់មួយទៀតគឺ​ជួយ​បណ្ដុះបណ្ដាលសង្គមស៊ីវិលដែលធ្វើការងារ​ខាងហ្នឹង ជាការតាមដានត្រួត​ពិនិត្យឬផ្ដល់ចំណេះដឹងអីផ្សេងៗទៀត។»

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មលើកឡើងថា ជំនួយថវិកា១១២លានអ៊ឺរ៉ូនេះ ត្រូវបែងចែកចំណាយលើផ្នែកធំៗ២គឺការគ្រប់គ្រងធនធានជលផលទទួលបាន៨៧លានអ៊ឺរ៉ូ  ចំណែកឯវារីវប្បកម្ម២៥លានអ៊ឺរ៉ូ។ សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ការគ្រប់គ្រងជលផល ផ្តោតជាពិសេសទៅលើការគ្រប់គ្រងជលផលប្រកបដោយភាពស្ថិតស្ថេរយូរអង្វែងនៅតំបន់បឹងទន្លេសាបនិងធនធានជលផលសមុទ្រ។

អ្នកអនុវត្តគម្រោងនេះគឺរដ្ឋបាលជលផល និងអង្គការអន្តរជាតិនានាពាក់ព័ន្ធ ព្រមទាំងសង្គមស៊ីវិលក្នុងស្រុកមួយចំនួនទៀតដែលត្រូវបានជ្រើសរើសតាមរយៈការដាក់សំណើ។ ចំពោះផ្នែកវារីវប្បកម្មវិញ គឺមានបំណងជំរុញពលរដ្ឋចិញ្ចឹមមច្ឆជាតិ ឱ្យមានទិន្នផលខ្ពស់ដើម្បីបំពេញតម្រូវការក្នុងប្រទេសកម្ពុជា។

កាលពីអាណត្តិមុន២០១៣ដល់២០១៨  សហភាពអ៊ឺរ៉ុបបានផ្តល់ជំនួយ​ឥត​សំណង​ចំនួន២០លាន​អ៊ឺរ៉ូ ដែលគម្រោងនោះគាំទ្រដល់ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​និងចិញ្ចឹមសត្វ។ ក្រសួងកសិកម្មបញ្ជាក់ថា គម្រោងនោះបានផ្ដល់​ប្រយោជន៍ដល់ប្រជាពលរដ្ឋដល់ពេទ្យសត្វភូមិ៦ ៦៤៧នាក់ និងជួយបណ្ដុះ​បណ្ដាល​ផ្លូវច្បាប់ជូនដល់ សហគមន៍​នេសាទ១៦២នៅទួទាំងប្រទេស។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០២៣  សហភាពអ៊ឺរ៉ុប បានផ្ដល់ជំនួយឥតសំណង ជួយដល់វិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៅកម្ពុជាចំនួន ២៥៨លានអ៊ឺរ៉ូ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ