រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជានឹងបំពាក់ GPS គ្រប់ទូក​នេសាទ​ដើម្បី​បង្ក្រាបបទ​ល្មើស​ជលផល

រដ្ឋបាលជលផលបង្ក្រាបបទល្មើសមួយក្នុងខេត្តកណ្ដាលកាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០១៩ (រូបថតរដ្ឋបាលជលផល)

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន អះ​អាង​ថា កម្ពុជានឹងបំពាក់​ប្រព័ន្ធ​កំណត់​ទីតាំង GPS (Global Positioning System)នៅ​លើ​ទូក​នេសាទ​ទាំង​អស់​ ជា​កិច្ច​ខិត​ប្រឹង​ប្រែង​របស់​សមត្ថកិច្ច​កម្ពុជា​ ដើម្បី​បង្ក្រាបបទល្មើសនេសាទ។

រដ្ឋ​មន្ត្រី​កសិកម្ម​រូប​នេះ បាន​បញ្ជាក់​បែប​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​អ្នក​សារព័ត៌មាន​​សាក​សួរ​អំពី​ចំណាត់ការ​របស់​ក្រសួង​បង្ក្រាប​បទល្មើស​ជល​ផល​នៅ​កម្ពុជា។

លោក វេង សាខុន ឱ្យដឹងថា ​រដ្ឋបាលជលផលនឹងចុះបញ្ជីទូកនេសាទ និងបំពាក់ឧបករណ៍កំណត់ទីតាំងភូមិសាស្ត្រ GPS លើ​ទូក​នេសាទ​ទាំង​អស់​នៅ​​ទូទាំង​ប្រទេសឱ្យបានមុនឆ្នាំ២០២៣។

លោក វេង សាខុន ថ្លែង​ថា​៖ «​ទិសដៅរបស់យើងដែល​ត្រូវធ្វើបន្តនេះ គឺគ្រប់ទូកនេសាទ​ទាំងអស់ត្រូវតែតម្លើង GPS ហើយភ្ជាប់ជាមួយ  Satellite (ផ្កាយរណប)។ យើង​អាចត្រួតពិនិត្យ​នៅពេល​ខាងមុខថា ទូកនេសាទមួយណាជាទូកនេសាទ​ប្រ​ព្រឹត្តិ​បទល្មើស​ទាំងទឹកសាប​ទាំង​សមុទ្រ។ នេះជាផែនការដែលយើងរួមគ្នា​ធ្វើបន្ត»

លោករដ្ឋមន្ត្រីរូបនេះ បន្ថែមថា ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះ បាន​ទទួលការ​គាំ​ទ្រ​​ជា​ថវិកាពីសហភាពអ៊ឺរ៉ុប​ក្នុងគម្រោង​អភិវឌ្ឍន៍វិស័យជលផលប្រកបដោយ​ចេរភាព និងបរិយាប័ន្ន ឬ​ការរួមបញ្ជូលគ្រប់ភាគី​​​នៅក្នុង​ប្រទេស​កម្ពុជា។

ទិន្នន័យទូកនេសាទ​ដែល​ផ្ដល់​ឱ្យ​ដោយ​ប្រធានរដ្ឋបាល​ជលផល​ លោក អេង ជាសាន បង្ហាញថា គិតត្រឹមបំណាច់ខែកក្កដាឆ្នាំនេះ ទូកនេសាទនៅតំបន់សមុទ្រកម្ពុជាមានចំនួន ៧ ៧១៥​គ្រឿង ក្នុងនោះ ទូកចែវចំនួន ១៣៤​គ្រឿង ទូកម៉ាស៊ីនកម្លាំងក្រោម ១០សេះ ៤ ៩៣៤​គ្រឿង ទូកកម្លាំងលើស ១០សេះ  ២ ៦៤៧​គ្រឿង​។ ទូកដែលមានកម្លាំងលើសពី ១០០​សេះ មានជាង ៣០០គ្រឿង។ នៅទឹកសាបចំនួនទូកសរុបមាន​ជាង ១០​ម៉ឺន​គ្រឿង ( 109 298គ្រឿង) ដែលភាគច្រើន​ជាទូក​តូចៗ។

លោកអេង ជាសាន ប្រាប់វីអូឌីថា ពុំមានក្រុមហ៊ុននេសាទដែលធ្វើអាជីវកម្ម​នេ​​សាទនៅកម្ពុជាឡើយ។ លោកមិនទាន់អាចបញ្ជាក់បានទេ ​ពី​កាល​បរិច្ឆេទ​​នៃការ​បំពាក់ GPS នៅលើទូកនេសាទនេះ។

ប្រធានសម្ព័ន្ធនេសាទកម្ពុជា ដែលធ្វើការងារអភិរក្សជលផល​នៅ​បឹង​ទន្លេសាប​ខេត្ត​ពោធិ៍សាត់ លោក ឡុង សូចែត មានប្រសាសន៍ថា លោក​ស្វាគមន៍​ចំណាត់​ការ​របស់ក្រសួងកសិកម្មក្នុងការប្រឆាំងបទល្មើសជលផល​ តែលោកស្នើសុំឱ្យ​ការ​អនុវត្ត​ចំណាត់​ការ​ទាំង​អស់​ឱ្យ​មាន​ប្រសិទ្ធិភាពជាងមុន។

ប្រជានេសាទ​ម្នាក់រស់នៅខេត្តកោះកុងឈ្មោះ សុះ បង្ហាញទស្សនៈផ្ទាល់ខ្លួនថា លោកមិនជឿថា គម្រោង​ការដាក់ GPS នៅតាមទូកនេសាទនោះ ជាគម្រោង​ផ្ដល់ផលប្រយោជន៍ចំពោះប្រជាពលរដ្ឋនោះទេ។

លោក សុះ ៖ «គាត់យកទៅដាក់ក្នុងព្រៃក្នុងអីហ្នឹងមួយរយៈ ដើម្បីតាមដានថា អ្នកណាចាប់សត្វចាប់អ្វី តែលទ្ធផលគ្មានបានអីទេ អត់បានបង្ហាញពលរដ្ឋអីផង។

យកមកបំពាក់ក្នុងទូក ប្រជាពលរដ្ឋគាត់យកថវិកាក្នុងការបំពាក់នៅទូកហ្នឹង គាត់អនុវត្តនិតិវិធីរបស់គាត់មក គាត់បិទនេសាទខុសច្បាប់ហ្នឹងហ្មង គឺវាល្អ វាជួយប្រជាពលរដ្ឋបានច្រើន។

គាត់គួរតែតឹងតែងចំពោះបទអ្នកណានេសាទក្នុងដែនតំបន់ស្មៅសមុទ្រ តំបន់ហាមឃាត់តែប៉ុណ្ណឹងពលរដ្ឋអូខេបាត់ហើយ»

លោក សុះ បន្តថា បច្ចុប្បន្ន អ្នកភូមិរបស់លោក នេសាទបានផលតិចតួចដោយ​សារ​ធនធានជនផលខ្សត់ខ្សោយ ហើយ​លោក​ថា ម្យ៉ាងទៀតអ្នកភូមិនេសាទ រកត្រីមិនឈ្នះ​ឈ្មួញ​នេសាទធំៗផង។

លោក សុះ ៖ «កុំឱ្យឌុន(អូស) ក្នុងទឹករាក់កន្លែងតំបន់ស្មៅសមុទ្រអីហ្នឹងទៅអូខេហើយ តែដោយសារគាត់(មន្ត្រីជលផល)ធ្វើអត់បានសោះ។ ចេះតែចាប់ៗ តែលបខ្យល់ដាក់ពេញសមុទ្រហិនអស់។ ត្រីក្ដាមបង្គារពស់អន្ទង់អីចូលទាំងអស់ លបហ្នឹងយកពីវៀតណាមមកមានប្រើស ២ គឺទឹកនាចក៏ត្រូវ ជោរ​ក៏ត្រូវ​ដាក់ដល់បាតដីវាមានប្រវែង ១១ម៉ែត្រ ឬ ១០ម៉ែត្រ»

ទាក់ទងនឹងការបង្ក្រាបបទល្មើសជលផល លោករដ្ឋមន្ត្រី វេង សាខុន អះ​អាង​ថា ពេលខាងមុខនេះជាពេលដែលត្រូវបង្ក្រាបបទល្មើសទាំងអស់ឱ្យបានជាដាច់ខាតរួមទាំងទូកថៃ ឬវៀតណាមដែលធ្លាប់​តែលួចចូលនេសាទខុសច្បាប់ក្នុងដែនទឹកកម្ពុជាផង។

ទិន្នន័យដែលផ្ដល់ដោយប្រធានរដ្ឋបាលជលផល បញ្ជាក់ថា ការបង្រ្កាបបទល្មើសនេសាទឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២០ ខែកក្កដាមានចំនួន ១ ៦២២ករណី  ក្នុង​នោះ​បញ្ជូនសំណុំរឿងទៅតុលាការ ៩២ករណីនិងផាកពិន័យ ៤២ករណីក្នុងនោះ បញ្ជូនជនសង្ស័យចំនួន ៨៣នាក់ក្នុងចំណោមនោះ​ជនសង្ស័យ​ ០៨នាក់ ត្រូវតុលាការចោទប្រកាន់ហើយសម្រាប់ឃុំខ្លួនក្នុងពន្ធនាគារ។

របាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋបាលជលផល បង្ហាញថា ការបង្រ្កាបបទល្មើស នៅឆ្នាំ២០១៨ មានចំនួន៣ ១៦៦ករណី និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន៧៤ករណី ក្នុងនោះអ្នកនេសាទ ៤២នាក់ជាប់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ