កម្ពុជា​​នឹង​បង្កើត​​សាលា​ឧទ្ធរណ៍​​នៅ​តាម​ខេត្ត​ដើម្បី​​ជួយ​ពន្លឿន​សំណុំរឿង តែ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ធានា​ឯករាជ្យភាព​ប្រព័ន្ធ​យុត្តិធម៌

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។ (ហ៊ី ឆាយ)

កម្ពុជា​​នឹង​បង្កើត​​សាលា​ឧទ្ធរណ៍​​នៅ​តាម​ខេត្ត​ដើម្បី​​ជួយ​ពន្លឿន​សំណុំ តែ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ធានា​ឯករាជ្យភាព​ប្រព័ន្ធ​យុត្តិធម៌។

មន្ត្រីឲ្យដឹងថា ចាប់ពីឆ្នាំក្រោយទៅ សាលាឧទ្ធរណ៍ចំនួន ៣ទៀត នឹងដំណើរការ ដែលធ្វើឲ្យសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញទទួលដោះស្រាយបណ្តឹងតែ ២រាជធានី-ខេត្ត​ប៉ុណ្ណោះ។

ព្រះរាជក្រឹត្យចុះថ្ងៃទី១៧ សីហា តបតាមសំណើរបស់នាយករដ្ឋមន្ត្រី សម្រេចឲ្យបង្កើតសាលាឧទ្ធរណ៍នៅខេត្តត្បូងឃ្មុំ បាត់ដំបង និងខេត្តព្រះសីហនុ ប៉ុន្តែ សាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ ទទួលបន្ទុកដោះស្រាយបណ្តឹងតែនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ។

អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាអង្គចៅក្រម លោក សំ ប្រជាមានិត ឲ្យ VOD ដឹងថា សាលាឧទ្ធរណ៍ទាំង៣នោះ នឹងបើកដំណើរការចាប់ពីថ្ងៃទី១ ខែ​មេសា​ឆ្នាំ​ក្រោយ​នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា ការពង្រីកតុលាការជាន់ខ្ពស់បន្ថែមនេះ ធានាដល់ការកាត់បន្ថយ​ការចំណាយ​សម្រាប់អ្នកនៅខេត្តឆ្ងាយៗ ដែលស្វែងរកសេវាយុត្តិធម៌ ហើយថា ការរក្សាទុកឲ្យសាលាឧទ្ធរណ៍នៅភ្នំពេញទទួលដោះស្រាយបណ្តឹងតិចជាងមុន មកពីមន្ត្រីជំនាញរកឃើញថា តំបន់ទាំងពីរនេះ មានសំណុំរឿងច្រើន។

លោក សំ ប្រជាមានិត ប្រាប់ថា៖ «ការបែងចែកនេះ ក្រុមការងារគេពិនិត្យទៅលើស្ថានភាពសំណុំរឿងនៅតំបន់មួយៗ វាច្រើន ឬតិច។ រាជធានីភ្នំពេញ និងខេត្តកណ្តាលសំណុំរឿងច្រើន»។

ប្រធានគ្រប់ផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ហៅ​យន្តការនេះថា ជាសញ្ញាវិជ្ជមាន​ក្នុងការចូលរួមចំណែកកាត់បន្ថយការបំពានសិទ្ធិជនជាប់ចោទ ដែល​កំពុងឃុំខ្លួនក្នុងពន្ធនាគារ ក្នុងស្ថានភាពចង្អៀនណែន មិនទាន់បានឡើងតតាំងក្តីនៅសាលាឧទ្ធរណ៍នៅឡើយ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ផ្តល់ជាយោបល់ថា ដើម្បីធានាដល់យន្តការលើកកម្ពុជាសិទ្ធិមនុស្ស​តាមរយៈកាត់ក្តី ក្រសួងមួយនេះ ត្រូវលុបបំបាត់អំពើពុករលួយ បក្ខពួកនិយម និងកាត់ក្តីបែបស្តង់ដារពីរជាដើម។

លោក អំ សំអាត ប្រាប់ថា៖ «ការបង្កើត[សាលាឧទ្ធរណ៍បន្ថែម]ហ្នឹងវាគ្រាន់តែចូលរួមចំណែកកែទម្រង់ប្រព័ន្ធយុត្តិធម៌មួយផ្នែក តែអ្វីដែលសំខាន់ហ្នឹង ធ្វើម៉េចឲ្យប្រព័ន្ធតុលាការហ្នឹងឯករាជ្យ។ អាហ្នឹងបានធានាស្មើភាពគ្នាចំពោះមុខច្បាប់ បានន័យថា ធានានូវការគោរពសិទ្ធិមនុស្ស ធានានូវភាពយុត្តិធម៌»។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់យើញប្រហាក់ប្រហែលដែរថា ការធានាពីយុត្តិធម៌សង្គម ស្ថាប័នយុត្តិធម៌មួយនេះ មិនគ្រាន់តែពង្រីកតុលាការជាន់ខ្ពស់នៅតាមបណ្តាខេត្តប៉ុណ្ណោះទេ តែត្រូវធ្វើយ៉ាងណាកុំឲ្យអ្នកនយោហបាយយកស្ថាប័នខ្លួនធ្វើជាឧបករណ៍នយោបាយបាន។

 លោក មាស នី ប្រាប់ថា៖ «ឫសគល់ធំ គឺការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ហើយនិងឯករាជ្យភាពរបស់តុលាការ ហើយបើតុលាការមិនឯករាជ្យ ហើយការអនុវត្តច្បាប់នៅតែមានភាពធូរលុង ការបង្កើតយន្តការកាន់តែច្រើន វាអាចធ្វើឲ្យប្រព័ន្ធហ្នឹងកាន់តែលែងធ្វើការទៀត»។

សាលាឧទ្ធរណ៍នៅខេត្ត​ត្បូងឃុំ ទទួលដោះស្រាយបណ្តឹងពីសាលាដំបូងចំនួន១០ មានខេត្ត ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ  ព្រះវិហារ ខេត្តក្រចេះ  ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និងខេត្តស្វាយរៀង។

សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នឹងទទួលដោះស្រាយបណ្តឹងពីសាលាដំបូងចំនួន ៧ មានខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្ត សៀមរាប ។

សាលាឧទ្ធរណ៍នៅខេត្តព្រះសីហនុ នឹង​ទទួលដោះស្រាយបណ្តឹងពីសាលាដំបូងចំនួន៥ មកពីខេត្ត តាកែវ  កំពត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project)កាលពីខែកុម្ភៈ បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» បន្តចាត់ថ្នាក់កម្ពុជា​ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ទន់ខ្សោយបំផុត ក្នុងចំ​ណោមប្រទេស១២៦ ដែលកម្ពុជាជាប់លេខ ១២៥ លើតែប្រទេសវេណេស៊ុយអេឡាមួយប៉ុណ្ណោះ។

របាយកា​រណ៍​នេះ បាន​វាយ​តម្លៃ​បែប​នេះ​ដោយ​ផ្អែក​លើ​សូចនាករ ឬកត្តាវាស់វែង​មួយចំនួន ដូចជា ការទប់អំណាចរបស់រដ្ឋាភិបាល អំពើពុករ​លួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិសេរីភាពមូលដ្ឋាន ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ