សកម្មជន​បរិស្ថាន អាឡិច ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​សម្រេច​​លើក​លែង​ការ​ចោទ​ប្រកាន់

រូបលោក អាឡិច កាលពីពេលកន្លងទៅ

មេធាវីការពារក្ដីឱ្យសកម្មជន​បរិស្ថាន​ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន (Alejandro Gonzalez Davidson) ឱ្យដឹងថា តុលាការខេត្តកោះកុង បានសម្រេច​ថា កូនក្ដីរបស់លោក​មិន​មាន​ទោស​នោះ​ឡើយ និង​រួច​ផុត​ពី​ការ​​ចោទ​ប្រកាន់​។

សកម្មជន​បរិស្ថាន​​សញ្ជាតិ​អេស្ប៉ាញ លោក អាឡិច ត្រូវបានតុលាការខេត្តកោះកុងបានចោទប្រកាន់ ពីបទ «សមគំនិតក្នុងបទគំរាមកំហែងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ» ប្រព្រឹត្តទៅនៅចំណុចភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុងកាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំ២០១៥​កន្លង​មក។

សំណុំ​រឿង​ចោទ​ប្រកាន់​លើ​សកម្មជន​បរិស្ថាន​រូប​នេះ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង លើក​យក​មក​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា​កន្លង​មក​នេះ ប៉ុន្តែ ​សាលា​ក្រម​​ត្រូវ​បាន​លើក​ពេល​មក​ប្រកាស​នៅ​ថ្ងៃម្សិលមិញ។

លោក សំ ចំរើន មេធាវីការពារក្ដីឱ្យ​លោក អាឡិច បាន​ប្រាប់វីអូឌីថា តុលាការ​ខេត្ត​កោះកុង បានប្រកាសសាលក្រម​នៅថ្ងៃម្សិលមិញ ដោយ​សម្រេច​ឱ្យកូនក្ដីរបស់លោករួចផុត​ពីបទចោទប្រកាន់ហើយ ប៉ុន្តែ តុលាការមិនបានបង្ហាញពីមូលហេតុនោះទេ។

លោក សំ ចំរើន ប្រាប់​តាម​ទូរស័ព្ទ​ថា៖ «តុលាការប្រកាសសាលក្រមហើយ ប៉ុន្តែ មិនបានអានសំអាងហេតុទេ ដោយសារ​ជនជាប់ចោទអវត្តមាន។ អាន​ ២​ចំណុច អានទី​១ សម្រេចឱ្យលោក អាឡិច រួចផុតបទចោទប្រកាន់ ទី២ គាត់តែថា សាលក្រមប្រកាសជាសាធារណៈអីចឹង»។

សកម្មជន​ការពារ​បរិស្ថាន លោក អាឡិច ស្ថាបនិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិដែល​បាន​ព្យាយាម​ការពារ​តំបន់​អារ៉ែង ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥​​កន្លង​មក។

ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់​តុលាការ​កម្ពុជា​កាលពីម្សិលមិញថា​ ខណៈ​ដែល​លោក​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​​តុលាការ​កម្ពុជា បាន​សម្រេច​ថា សកម្មជន​បរិស្ថាន​គ្មាន​ទោស​ទណ្ឌ​នោះ។

លោក អាឡិច ប្រាប់​តាម​ WhatsAppថា៖ «ខ្ញុំមិនទាន់ដឹងថា ព្រះរាជអាជ្ញាបឹ្តងជំទាស់ ឬអត់ទេ ប៉ុន្តែ បើសិនជាព្រះរាជអាជ្ញាមិនប្ដឹងជំទាស់ទេ ការសម្រេចចិត្តរបស់ចៅក្រមជំនុំជម្រះ គឺជាព័ត៌មានមែនទែនដែលខ្ញុំអាចទទួលយកបាន ដោយសារ​អ្វីដែលខ្ញុំនិយាយរយៈពេលប៉ុន្មានឆ្នាំនេះ វាជាការពិតមែន»

លោក អាឡិច ថ្លែង​បន្ត​ថា​៖ «ពេលដែលខ្ញុំនិយាយថា អត់មានទោស អត់មានសាក្សីទាំងអស់ គឺជាការពិតមែន ចៅក្រមបានសម្រេចទៅតាមអ្វីជាការពិត។ នេះជារឿងដែលអបអរសាទ ខ្ញុំរំភើប ភ្ញាក់ផ្អើល ពីព្រោះខ្ញុំមិនដែលជួបអ្នកទោសមនសិកាត្រូវបានចៅក្រមទម្លាក់បទចោទប្រកាន់ ឬចៅក្រមរកឃើញថា អត់បានទោស ខ្ញុំមិនដែលជួបទេកន្លងមក»

លោកស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតសកម្មជនចលនាមាតាធម្មជាតិ ៣នាក់​ផ្សេងទៀត ដែល​ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់បទល្មើសដូចគ្នានឹងលោកដែរ ដែល​លោកថា ដើម្បីរួចផុតពីការពិន័យប្រាក់របស់តុលាការ។

អតីតសកម្មជនចលនាមាតាធម្មជាតិ ៣នាក់ មានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។

បើទោះបីជា​អ្នកទាំង ៣ ត្រូវ​តុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញនៅឆ្នាំ២០១៨នេះ ប៉ុន្តែ សកម្មជន​បរិស្ថាន​ទាំង ៣​រូប បន្ត​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​តុលាការ​នៅ​ឡើយ។

ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី បាន​ឲ្យ​ដឹង​ថា ចៅក្រមបានសម្រេចទម្លាប់បទចោទប្រកាន់លោក អាឡិច ប៉ុន្តែ សម្រាប់អតីតសកម្មជនបរិស្ថាន ៣​នាក់​ទៀត លោកមិនបានទទួលព័ត៌មាននេះទេ។

មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ចាត់ទុកការសម្រេចរបស់តុលាការជារឿងល្អ ប៉ុន្តែ លោកជំរុញតុលាការទម្លាក់បទចោទប្រកាន់អតីតសកម្មជនមាតាធម្មជាតិ ៣​នាក់ផងដែរ។

លោក ហ៊ួរ អ៊ីន ប្រាប់ថា៖ «អីចឹង ដើម្បីឱ្យមានភាពយុត្តិធម៌​សម្រាប់​សកម្មជនទាំង ៣នាក់ទៀត តុលាការកំពូលគួរតែពិចារណាមកលើអតីតសកម្មជនអង្គការមាតាធម្មជាតិនេះដែរ ដើម្បីលើកទឹកចិត្តឱ្យយុវជនដទៃទៀតដែលមានឆន្ទៈការពារធនធានធម្មជាតិ ហ៊ានចេញមុខការពារធនធានធម្មជាតិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ