កងទ័ពកម្ពុជា និងឡាវ កំពុងចរចាគ្នាពីបញ្ហាព្រំដែននៅចំនុចទន្លេរពៅក្នុងតំបន់មុំបីនៃ ស្រុកឆែប ខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងទ័ពជើងគោកលោក ម៉ៅ ផល្លា ដែលថ្លែងប្រាប់វីអូឌីនៅព្រឹកនេះ។
អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លាមានប្រសាសន៍ថា កងទ័ពឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរក្នុងចំនុចទន្លេរពៅនេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវសំអាងថានេះជាទឹកដីរបស់គេ។ លោកបន្តថា កម្ពុជាមានជំហរដាច់ខាតមិនអនុញ្ញាតឱ្យទ័ពឡាវធ្វើបែបនេះ។
លោក ម៉ៅ ផល្លា៖ មកដល់ពេលនេះយើងនៅរក្សាលំនឹង មកដល់ពេលនេះយកទាមទារឱ្យដក(ទ័ព)និងដកពាក្យ ដែលថាប្រជាជនកម្ពុជាឈ្លានពានទឹកដី។វាយកផែនទីជាឯកតោភាគីមកសំអាង ដូចកាលថៃយកមកអ៊ីចឹង។មកដល់ពេលនេះ គាត់(លោកហ៊ុន ម៉ាណែត)បានត្រលប់ពីចរចារវិញហើយមេមេជួបគ្នាអស់ហើយ។ យើងព្យាយាមបញ្ចៀសការប៉ះទង្គិចទាំងសងខាង តែយើងរង់ចាំមើលសភាពការណ៍ជាក់ស្ដែងបន្តទៀត។
លោកម៉ៅ ផល្លា បញ្ជាក់ថាតំបន់ដែលជម្លោះនោះមិនមានប្រជាពលរដ្ឋរស់នៅនោះឡើយ ដោយមានតែទាហានឈរជើងប៉ុណ្ណោះ៕
វីអូឌី សូមសម្រួលពាក្យពី«ប្រឈម» មកកងទ័ពទាំងពីរកំពុង«ចរចា»វិញ បន្ទាប់ពីលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក បញ្ជាក់បន្ថែមនៅម៉ោង២ និង ១៣នាទីរសៀលនេះថា ស្ថានភាពធម្មតាអាចគ្រប់គ្រងបាន ពុំមែនជាការប្រឈមមុខដាក់គ្នានោះទេ។