ជនជាតិដើមភាគតិចនៅ​មណ្ឌលគិរី ស្នើអាជ្ញាធរជួយការពារដីកប់សពដូនតានិងចម្ការវិលជុំ

តំណាងជនជាតិដើមភាគតិចពូនងមកពីឃុំដាក់ដាំនៃស្រុកអូររាំង និងឃុំប៊ូស្រានៃស្រុកពេជ្រាដា ជួបជុំគ្នាដើម្បីដាក់ពាក្យបណ្ដឹងនៅសាលាខេត្តមណ្ឌលគិរី ( រូបបានមកពីអ្នកសម្របសម្រួលក្រុមការងារបណ្ដាញសហគមជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា)

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ស្នើរដ្ឋាភិបាលជួយការពារ​ដីកប់សពដូនតា និងចម្ការវិលជុំរបស់​ពួកគាត់​ទំហំជាង៣០០០ហិកតា។

លោក ព្យាន ហ្វាង អះអាងជាតំណាងជនជាតិដើមភាគតិចពូនងមកពី២ឃុំនៃស្រុកអូររាំង និងស្រុកពេជ្រាដា ប្រាប់វីអូឌីថា អ្នកភូមិរបស់គាត់​ឡើងមកដាក់ពាក្យបណ្ដឹងសាលាខេត្តមណ្ឌលគិរី នៅថ្ងៃនេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តនេះជួយអន្តរាគមន៍ទៅក្រុមហ៊ុនមេហ្គាហ្វើស ខបភើបរ៉េសិន ប៊េហាដ (MEGA FIRST CORPERATION BEHAD ) ឱ្យឆ្វៀលដី ៣៣០៨ ហិកតា ​ចេញពីដីសម្បទានសេដ្ឋកិច្ចវិញ។

លោកបន្តថា ដីដែលរដ្ឋាភិបាលផ្ដល់ឱ្យក្រុមហ៊ុនបានប៉ះពាល់ដល់ដីភូមិចាស់ ព្រៃកប់សព ព្រៃបំរុងទុក ដីសម្រាប់ឃ្លៀលគោក្របី ប្រភពទឹក រុក្ខជាតិកម្រ ចម្ការវិលជុំ កន្លែងជម្រកសត្វគ្រប់ប្រភេទ រួមកន្លែងរកអនុផលបែបប្រពៃណីរបស់ជនជាតិដើមភាគតិចផងដែរ។

លោកបន្តថា ពួកគាត់មិនអាចចូលទៅអាស្រ័យផលនៅលើដីនោះបានទៀតទេ​ ដោយថា  បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើការឈូសឆាយ ដើម្បីយកដីនោះដាំដំណាំដូង។

លោក ថា​៖«ឥឡូវគេអត់ឱ្យចូលហ្នឹង បើយើងចូលទៅគេពង្រឹងប៉ូលិស ទាហាន អត់ឱ្យយើងនៅផងហ្នឹង។ ថ្ងៃមុនខ្ញុំទៅដាក់ផ្លាក គេបញ្ជាពីខេត្តមក ទាំងប៉ូលិសទាំង ប៉េអឹម ២០ ទៅ៣០ នាក់ មករារាំងកន្លែងពួកខ្ញុំទៅដាក់ផ្លាក កន្លែងដែលគេ[ក្រុមហ៊ុន]បានប៉ះពាល់ហ្នឹង។  ពួកខ្ញុំមិនឱ្យដាំហ្នឹង ខ្ញុំចង់រក្សានៅកន្លែងហ្នឹងណុង ឱ្យវាដុះព្រៃ វិញ មិនចង់ឱ្យពួកគាត់ដាំទេ»។

លោក ព្យាន ហ្វាង អះអាងថា ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដីធ្លីជាមួយក្រុមហ៊ុនមេហ្គាហ្វើស មានចំនួ ១១៩ គ្រួសារ ស្ថិតឃុំដាក់ដាំ ស្រុកអូររាំង  និងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

អ្នកសម្របសម្រួលក្រុមការងារបណ្ដាញសហគមជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីលោក គ្រើង តុលា ចាត់ទុកការផ្ដល់ដីសម្បទានរបស់រដ្ឋាភិបាល ដោយមិនបានចុះសិក្សាជាមុននេះ កំពុងបង្កផលប៉ះពាល់ដល់ទំនៀបទម្លាប់ និង ការរស់នៅរបស់ជនជាតិដើមភាគតិច។

លោកថា៖«នេះជាការធ្វេ​ស​ប្រហែសរបស់ក្រុមគណៈកម្មការថ្នាក់ជាតិ ក៏ដូចថ្នាក់ក្រោមជាតិ ដែលតែងតែធ្វេសប្រហែសក្នុងការចុះវាយតម្លៃផលប៉ះពាល់ហ្នឹង គឺមិនបានសិក្សាជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក ទៅលើផលប៉ះពាល់ក្នុង ១ ហិកតា មានអ្វីខ្លះ ក្នុង១ ម៉ែត្រការ៉េ មានប៉ះពាល់អ្វីខ្លះគាត់មិនបានធ្វើទេ ។ ទី២ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន គាត់តែងតែជឿទៅលើរបាយការណ៍ ​គាត់មិនដែលជឿលើប្រជាពលរដ្ឋទេ។ កាលណាគាត់ជឿលើរបាយការណ៍ អ៊ីចឹងអ្នកក្រោមជាតិធ្វើរបាយការណ៍កុហក អ៊ីចឹងហើយធ្វើឱ្យប៉ះពាល់»។

អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីលោក សុខ សារ៉ា មានប្រសាសន៍ថា លោកមិនទាន់ទទួលបានពាក្យបណ្ដឹងរបស់ជនជាតិដើមភាគតិចនៅឡើយទេ ។

លោក ថា៖«ម៉េចដោះស្រាយទាន់ទើបដាក់ព្រឹកមិញ នៅចូលល្មមដល់ខ្ញុំនៅជំនាញវាយត្រាចូលហើយ បានគេបញ្ជូនមកសុំគោលការណ៍ រៀបចំក្រុមការងារពិនិត្យ ជាក់ស្ដែង ចុះទៅធ្វើការតាមពាក្យបណ្ដឹងអ៊ីចឹង។ យើងពិនិត្យមើលថា គោលការណ៍របស់រដ្ឋាភិបាល អ៊ីចឹងទើបដាក់ព្រឹកមិញ ស្មាននេះមិនទាន់ដឹងអីទេអធ្យាស្រ័យ»។

មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ជំរុញឱ្យរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាដីធ្លីជូនជនជាតិដើមភាគតិចឱ្យបានឆាប់ ប្រសិនបើដីដែលរដ្ឋាភិបាលផ្ដល់ឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍នោះ បានប៉ះពាល់ដល់ប្រពៃណីនិងចម្ការវិលជុំរបស់ជនជាតិដើមភាគតិច។

លោក មានប្រសាសន៍ថា៖«ថ្នាក់ជាតិគួរតែមានវិធានការដោះស្រាយបញ្ហាហ្នឹង។  បើសិនជាថ្នាក់ខេត្តមិនអាចដោះស្រាយបាន គួរតែថ្នាក់ជាតិពន្លឿនការដោះស្រាយឱ្យបានឆាប់ ជូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ព្រោះគាត់ជាប្រជាពលរដ្ឋរស់នៅអាស្រ័យផលព្រៃឈើ ដីធ្លីនេះ។ បើសិនជាគាត់មិនព្រមដោះស្រាយបញ្ហាដីធ្លីនេះ គឺជាភាពអយុត្តិធម៌សម្រាប់​ជនជាតិដើមភាគតិច»។

លោក អ៊ាង ម៉េងលី បន្តថា រដ្ឋាភិបាលបានចេញប្រកាសមួយ ដោយតម្រូវឱ្យក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចត្រូវអនុវត្ត​គោល​នយោបាយ​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាម​រូបមន្ត​ស្បែក​ខ្លារួចមកហើយ ប៉ុន្តែកន្លងមក លោកមើលឃើញថា ក្រុមហ៊ុនមិនបានអនុវត្តតាមនោះឡើយ។

លោកបន្តថា ដើម្បីឱ្យក្រុមហ៊ុនទាំងអស់អនុវត្តតាមគោល​នយោបាយ​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា លោកថា រដ្ឋាភិបាលត្រូវចាត់វិធានការដោយដកអាជ្ញាបណ្ណ និងដាក់ពិនិត្យ​ ទៅលើក្រុមហ៊ុនទាំងនោះទើបមានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ