មេដឹកនាំ​ម៉ាឡេស៊ី​គ្រោង​មក​ធ្វើ​បទ​បង្ហាញ​ដល់​និស្សិត​កម្ពុជា​នៅ​ដើម​ខែ​ក្រោយ

លោក​បណ្ឌិត មហាធៀរ មហាម៉ាត់ (ប្រភព៖ ហ្វេសប៊ុក ផ្លូវការរបស់លោក​បណ្ឌិត មហាធៀរ មហាម៉ាត់)

មន្ត្រី​អប់រំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ម៉ាឡេស៊ី គ្រោង​មក​ធ្វើ​បទ​បង្ហាញ​មួយ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​កម្ពុជា​នៅ​ដើម​ខែ​នេះ។

សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ជេត ជាលី បានប្រាប់វីអូឌីនៅថ្ងៃនេះថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​បណ្ឌិត មហាធៀរ មហាម៉ាត់ គ្រោង​ធ្វើបឋកថា​ ឬ​បទ​បង្ហាញ​មួយ​ដល់​និស្សិត​សាកលវិទ្យាល័យ​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​កញ្ញា​ខាង​មុខ​នេះ ស្រប​ពេល​មេដឹកនាំ​ម៉ាឡេស៊ី​រូប​នេះ មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

សម្រាប់​ប្រធាន​បទ​នៃ​ការ​ចែក​រំលែក​នា​ពេល​ខាង​មុខ​នេះ ​ថ្នាក់​ដឹកនាំ​សាកល​វិទ្យាល័យ​មួយ​នេះ ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ដោយ​ថា លោក​កំពុង​ធ្វើការងារ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា។

លោក ជេត ជាលីមានប្រសាសន៍ថា៖ «យើងធ្វើសំបុត្រអញ្ជើញគាត់មក គាត់ព្រមមកសាកលវិទ្យាល័យ​​នៅរសៀលថ្ងៃទី២ ខែក្រោយ។ ប្រធានបទកំពុងធ្វើការងារជាមួយគ្នា [ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា]»

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រកាស​ថា កម្មវិធី​ចែក​រំលែក​​ពី​សំណាក់​មេដឹកនាំ​ម៉ាឡេស៊ី​រូប​នេះ ត្រូវ​បាន​បើក​ចំហរ​ឲ្យ​មហា​ជន និង​និស្សិត​ ដែល​បាន​ចុះ​ឈ្មោះ និង​ជ្រើស​រើស​ឲ្យ​ចូល​រួម​តែ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កេត សោផាន់ បាន​បញ្ជាក់​ប្រាប់​តាម​តេឡេក្រាម​នៅ​រសៀល​ថ្ងៃ​នេះ​ថា មេដឹកនាំ​ម៉ាឡេស៊ី គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ដើម​ខែ​ក្រោយ​នេះ​មែន ប៉ុន្តែ លោក​ថា កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ម៉ាឡេស៊ី​រូប​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​នៅ​ឡើយ។

លោក កេត សោផាន់ ប្រាប់​ថា​៖ «លោកគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា​នៅដើមខែក្រោយនេះ។ ចំពោះកម្មវិធីផ្សេងៗ កំពុងពិភាក្សាបញ្ចប់»។

លោក មហាធៀរ វ័យ ៩៤​ឆ្នាំ បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ឆ្នាំ​២០១៨ បន្ទាប់​ពី​គណបក្ស Pakatan Harapan របស់​លោក​បាន​យក​ឈ្នះ​គណបក្ស​ Barisan Nasional របស់​អតីត​នាយករដ្ឋ​មន្ត្រី លោក ណាជីប រ៉ាហ្សាក់ នា​ការ​បោះ​ឆ្នោត​កាល​ពី ១​ឆ្នាំ​មុន។

លោក មហាធៀរ បាន​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លើក​ដំបូង​ចន្លោះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ និង​ជា​អតីត​មេដឹកនាំ​គណបក្ស Barisan Nasional ជាមួយ​លោក ណាជីប រ៉ាហ្សាក់ ផង​ដែរ មុន​ចាក​ចេញ​ពី​បក្ស​នេះ​នៅ​ឆ្នាំ​២០១៦។ លោក​បាន​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ​ជាមួយ​ការ​បង្កើត​គណបក្ស​ថ្មី​កាល​ពី​ឆ្នាំ​២០១៧ ដើម្បី​ប្រជែង​នឹង​លោក ណាជីប ដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​ពុក​រលួយ។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លើក​ទី២ លោក មហាធៀរ បាន​រិះគន់​គម្រោង​វិនិយោគ​ដ៏​មហិមា​របស់​ចិន​នៅ​ម៉ាឡេស៊ី ដែល​លោក​ចាត់​ទុក​ថា ធ្វើ​ឲ្យ​ប្រទេស និង​ប្រជាជន​ម៉ាឡេស៊ី​ខាត​បង់​ប្រយោជន៍​ ហើយ​ប្រទេស​ចិន​ទទួល​បាន​ប្រយោជន៍​លើស​លុប​នៅ​ក្នុង​ទំនាក់​ទំនងទ្វេ​ភាគី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ