រដ្ឋាភិបាល​សម្រេច​មោឃភាព​លិខិត​បើក​ផ្លូវ​ដឹក​ជញ្ជូន​ឈើ​ទាំងអស់

រថយន្ត​ធុន​ធំ​ដឹក​ឈើ​ហ៊ុប ត្រូវបាន​រក​ឃើញ​​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃឡង់ ក្នុង​ខេត្ត​ក្រចេះ នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​មីនា ដើម​ឆ្នាំ​២០១៩​នេះ។ រូបថត៖ លោក អ៊ួច ឡេង

រដ្ឋាភិបាល​កម្ពុជាដាក់​ចេញ​នូវ​សេចក្តី​សម្រេច​​៥​ចំណុច​ប្រឆាំង​នឹង​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ក្នុង​នោះ​រួម​មាន​ការ​មោឃភាព​លិខិត​បើក​ផ្លូវដឹក​ឈើ​ទាំង​អស់​ មុន​នឹង​សម្រេច​ឱ្យរៀបស្នើ​សុំ​ និង​អនុញ្ញាត​ជា​​ថ្មី​ ដោយ​ថា ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ រដ្ឋលេខា​ធិការ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ លោក ហ៊ឹង ថូរ៉ាក់​ស៊ី​ បាន​សម្រេច​តាម​ចំណារ​របស់​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ដោយ​បញ្ជាដល់​ក្រសួង​កសិកម្ម និង​គណៈកម្មការជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធម្មជាតិ​ ឱ្យ​ធ្វើ​លុប​ចោល​លិខិត​បើក​ផ្លូវ​ដឹក​ឈើ និង​អនុផល​ព្រៃ​ឈើ​​ទាំងអស់ រួម​​ទាំង​ឈើ​ដែលដឹក​​ចេញ​ពី​ដី​សម្បទានផង​ដែរ​ ដើម្បី​រៀប​ចំ​លិខិត​អនុញ្ញាត​ថ្មី។ បន្ថែម​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​​សម្រេច​ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​មិន​គោរព​ច្បាប់​ផង​ដែរ។

ក្នុង​លិខិត​ដដែល ​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​បាន​សម្រេចផង​ដែរ​​ឱ្យ​អាជ្ញា​ធរ​មាន​វិធាន​ការ​​បង្កកទ្រព្យ​សម្បត្តិ​របស់​ជន​ល្មើស​​ដែល​ពាក់ព័ន្ធ​បទ​លើ្មស​ព្រៃ​ឈើ និង​ចារ​ឈ្មោះ​លើ​ផ្ទាំង​ថ្ម​ចំណាំ​​នៅ​ក្បែរ​កន្លែង​ដាក់​គំនរ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ផង​ដែរ។

អ្នក​នាំពាក្យ​កង​រាជអាវុធហត្ថ​ លោក អេង ហ៊ី មាន​ប្រសាសន៍​ថា​ ​ក្រោយ​មាន​លិខិត​នេះ​ កង​កម្លាំង​គណៈកម្មាការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ នឹង​សហការ​​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ​ចុះ​ពិនិត្យ​លើ​ព្រៃ​សម្បទាន និង​ការ​ដឹកជញ្ជូន​ឈើ​ទាំង​អស់​ផង​ដែរ ប៉ុន្តែ ​សម្រាប់​ការចាប់​ ឬ​ឃាត់​នោះ​ លោក​ថា ​អាស្រ័យ​លើ​ការ​សម្រេច​របស់​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ និង​បរិស្ថាន​ប៉ុណ្ណោះ។

លោក​ អេង ហ៊ី៖ «យើង​ធ្វើ​តាម​ជំនាញ ជំនាញ​គាត់(រដ្ឋបាល​ព្រៃឈើ ឬ​ក្រសួង​បរិស្ថាន)មើលឃើញ​ថា ​គាត់​ធ្វើហើយ​ថា ​មាន​លិខិត​អនុញ្ញាត។​ អាហ្នឹង​យើង​ធ្វើ​តាម​ហ្នឹង ​យើង​មិន​អាច​កាត់​មុខ​ជំនាញ​របស់​គាត់​ទេ​»

ទោះ​ជា​យ៉ាង​ណា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក វេង សាខុន បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOD តាម​​បណ្ដាញ​ទំនាក់​ទំនង WhatsApp​ថា ​ចំពោះ​រឿង​នេះ ​ក្រសួង​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ។

លោក វេង សាខុន ប្រាប់​ថា៖ «យើង​កំពុង​ធ្វើ​កិច្ច​ការ​នេះ​យ៉ាង​ប្រយ័ត្ន​ប្រយែង​បំផុត។ មិន​ទាន់​មាន​ការ​សម្រេច​យ៉ាងណាទេ»

ប្រធាន​កម្មវិធី​អនុផល​ព្រៃឈើ​នៃ​អង្គការ​ NTFP លោក ស៊ឹម ប៊ុនធឿន មាន​ប្រសាសន៍​ថា​ ការ​ប្រមូល​អនុផល​ព្រៃ​ឈើ​ វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ថែម​ទាំង​ជួយ​ដល់​ព្រៃ​ឈើ​វិញ​ផង​ តែ​លោក​ការ​សម្រេច​នេះ​ប្រហែល​ជា​មក​ពី​ការ​ក្ដោប​ន័យ​រួម​របស់​ឈើ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ លោក​មិនទាន់​ទទួល​ព័ត៌មាន​ពី​ក្រសួង​កសិកម្ម​ក្នុង​ការ​ធ្វើ​មោឃភាព​លិខិត​បើក​ផ្លូវ​ដឹក​ជញ្ជូន​អនុផល​នេះ​នៅ​ឡើយ​ទេ។

លោក​ ស៊ឹម ប៊ុនធឿន ប្រាប់ថា៖ «ការ​លុប​ចោល​ដោយ​សារតែ​វា​ក្ដោប​ន័យ​ទាក់ទង​នឹង​រឿង​ឈើ​ទេ​ណា! អញ្ចឹង​បើ​ក្រៅ​ពី​ឈើ​ខ្ញុំ​គិត​ថា ​ខ្ញុំ​អាចដាក់​សំណើ​សាជា​ថ្មី​បាន​ ដោយ​សារ​យើង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​យើង​ត្រូវ​ការ​ឱ្យ​គាត់​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​របស់​គាត់​ទាក់ទង​នឹង​ការ​ធ្វើ​អនុផល​ព្រៃ​ឈើ​ទាំង​អស់​ហ្នឹង!​»

សកម្មជន​បរិស្ថាន​ លោក សាន ម៉ាឡា មាន​ប្រសាសន៍​ថា ​ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ​ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ការ​លើកឡើង​​ពី​បញ្ហា​នេះ​ដោយ​សង្គម​ស៊ីវិល និង​សកម្ម​ជន​បរិស្ថានពី​ការ​លួច​កាប់​ឈើ​ក្រោម​រូបភាព​សម្អាត​ដី​សម្បទាន​​ គឺ​ជា​ការ​ពិត ខណៈ​រដ្ឋ​នៅ​មិនទាន់​ច្បាស់​លាស់​ក្នុង​ការ​គ្រប់គ្រង​ព្រៃ​ឈើ​នៅ​ឡើយ​។

លោក សាន ម៉ាឡា៖ «ខ្ញុំ​គិត​ថា ​យើង​មិន​គួរមោឃភាព​ចោល​ទទេរ​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ថា ​ការ​ចេញ​លិខិត​អនុញ្ញា​ត​កាល​ពី​កន្លង​មក​ថា​មាន​ភាព​មិន​ប្រក្រតី​អី​ខ្លះ​ ហើយ​អាច​មាន​ការ​ឃុប​ឃិត​គ្នា​ដែរ​ឬ​ទេក្នុង​ការ​ចេញ​លិខិត​ទាំង​អស់​ហ្នឹង មាន​ការ​ឃុប​ឃិត​គ្នា​ដែរ​ឬ​ទេ​ការ​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់​»

លោក​មិន​យល់​ថា​ វិធាន​ការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ​អាច​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ដោយ​សារ​ការ​អនុវត្តន៍​ពី​មុន​ៗ គឺ​រឿង​នេះ​នៅ​កើត​មាន​ឡើង​ដដែល​។

លោក​ឱ្យ​ជាយោបល់​ថា ដើម្បី​ទប់​ស្កាត់​បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ រដ្ឋាភិបាល​គួរ​តែ​បើក​ចំហរ​ឱ្យ​មាន​ការ​ចូល​រួម​ពី​​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​ការ​ទទួល​យោបល់ និង​គាំទ្រ​ដល់​សង្គម​ស៊ីវិល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ លើស​ពី​នេះ លោក​ថា ​រដ្ឋាភិបាល​គួរ​ទទួល​យកភស្ភុតាង​ដែល​រក​ឃើញ​ដោយ​សកម្មជន​បរិស្ថាន នឹង​ធ្វើ​ការ​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធិភាព​ ជាជាង​ច្រាន​ចោល​ដូច​ដែល​ធ្លាប់​ធ្វើ​រាល់​ដង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ