លោក ស ខេង រំឭកមន្ត្រីឲ្យសហការជាមួយសង្គមស៊ីវិលដោយតម្កល់ប្រយោជន៍ជាតិជាធំ

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅថ្ងៃ២៩ សីហា ២០១៩

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំឭកមន្ត្រីក្រោមឱវាទ​ជាថ្មីទៀតឲ្យពង្រឹងកិច្ចសហការល្អ​ជាមួយអង្គការសង្គមស៊ីវិល តម្កល់ប្រយោជាតិជាធំ ដើម្បីជំរុញដល់ការអភិវឌ្ឍជាតិ​តាមបែបប្រជាធិបតេយ្យ។

ក្នុងវេទិការស្តីពី​ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​នេះ លោក ស ខេង ថ្លែងថា រដ្ឋាភិបាល​បន្តប្តេជ្ញាចិត្តអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដោយចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូមិនអាចខ្វះបាន។

ប៉ុន្តែ មេដឹកនាំបក្សកាន់អំណាចរូបនេះ អះអាងថា មួយរយៈនេះ លោកទទួលព័ត៌មានថា កិច្ចសហប្រតិបត្តិការ​រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល ហាក់មិនចុះសម្រុងគ្នា។

បើតាមលោក ស ខេង  ៦ខែមកនេះ មន្ត្រីរាយការណ៍មកថា បញ្ហាដែលបានកើតឡើងជាមួយសង្គមស៊ីវិល មានតែ ៦ករណីប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា សង្គមស៊ីវិល អះអាងថា ក្នុងរយៈពេលដូចគ្នា ការរំខានពីអាជ្ញាធរ បាន​កើត​ឡើង​ដល់ទៅ ៧១ករណី។លោកថា បញ្ហានេះ ភាគីទាំងពីរគួតែដាក់បញ្ហាលើតុ ហើយជជែកគ្នាដើម្បីតម្កល់ផលប្រយោជន៍ជាតិ។

លោក ស ខេង ថ្លែង​ថា៖ « ខ្ញុំស្នើថា ទាំងសងខាងត្រូវយកបញ្ហាមកដាក់លើតុទាំងអស់គ្នា ព្រោះយើងសុទ្ធតែមានឆន្ទៈ និងគោលជំហរ​បម្រើជាតិមាតុភូមិរបស់យើង។ ដូច្នេះ មិនគួរមានការលាក់បាំងនោះទេ»

វេទិកា​ពិភាក្សា​រវាង​ភាគី​រដ្ឋាភិបាល និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន ៣​លើក​រួច​មក​ហើយ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​អភិបាល​ខេត្ត-រាជធានី​ទូទាំង​ប្រទេស។

សមាគមអាដហុក កាលពីខែមុននេះ បានចេញរបាយកាណ៍មួយបង្ហាញថា រយៈពេលត្រឹម ៦ដើមឆ្នាំនេះ សេរីភាពបញ្ចេញមតិ និងសកម្មភាពអង្គការសមាគម ត្រូវបានគំរាមកំហែងដោយអាជ្ញាធរមូលដ្ឋាន។

របាយការណ៍ដដែល អះអាងថា សកម្មភាពរារាំង និង​រំខានទាំងនោះ អាជ្ញាធរបានសួររកច្បាប់អនុញ្ញាត មុនធ្វើសកម្មភាព ទោះបីក្រសួងមហាផ្ទៃធ្លាប់ចេញប្រកាសថា អង្គការសមាគមដែលបានចុះបញ្ជីនៅក្រសួង អាចធ្វើសកម្មភាពបាននៅទាំងប្រទេសដោយមិនចាំបាច់ជូនដំណឹងទៅអាជ្ញាធរមុនក៏ដោយ។

តំណាងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានចូលរួមកម្មវិធីនេះ បានលើកឡើងថា សកម្មភាពពួកគេមិនត្រឹមតែរារាំងពេលចុះធ្វើសកម្មភាពនេះទេ តែអាជ្ញាធរខេត្តខ្លះទប់ស្កាត់មិនឲ្យពួកគេធ្វើសកម្មភាពតែម្តង ដោយចោទថា ជាក្រុមបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាល។

រដ្ឋលេខាក្រសួងមហាផ្ទៃ លោក ប៊ុន ហ៊ុន បានឆ្លើយតបថា រាល់សកម្មភាពរបស់អង្គការសមាគមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃពួគេអាចធ្វើសកម្មភាពដោយមិនចាំបាច់ជូនដំណឹងទេ ហើយថាបើមានការរារាំងឬរំខានពីអាជ្ញាធរ ត្រូវទាក់ទងទៅអភិបាលខេត្តផ្ទាល់ ឬមកទាក់ទងមកថ្នាក់ជាតិ ដើម្បីអន្តរាគមន៍។

មន្ត្រីជាន់ខ្ពស់របស់ក្រសួមហាផ្ទៃរូបនេះ អំពាវនាវ​ទៅ​សង្គមស៊ីវិល រួមទាំអង្គការឃ្លាំមើលការបោះឆ្នោតខុមប្រហែងផង កុំឲ្យ​ព្រួយបារម្ភពីការចោទថា ជាក្រុមបដិវត្តពណ៌ ដោយថា បើរដ្ឋាភិបាលរកឃើញដូចនេះមែន សមត្ថកិច្ចនមិនទុកពួកគេរហូតពេលនេះទេ។

លោក ប៊ុន ហ៊ុន ប្រាប់​ថា៖ « ធ្វើបែបនេះវាធានាបាននូវការធ្វើការជាមួយគ្នា សហការគ្នានិងការយល់ចិត្តគ្នាទៅវិញទៅមក។ដូចសម្តេចក្រឡាហោមលោកបានបញ្ជាក់ពេលបើករួចហើយថាអង្គការសមាគមគឺជាដៃគូដល្អ របស់រដ្ឋាភិបាល»

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ដែលបានចូលរួមក្នុងកម្មវិធីនេះដែរ បានឲ្យ VOD ដឹងថា សង្គមស៊ីវិបានចុះធ្វើសកម្មភាពតាមលក្ខខណ្ឌរបស់ខ្លួនដែលបានតម្កល់នៅក្រសួង​មហាផ្ទៃ ប៉ុន្តែ លោក​ថា បញ្ហាដែលបានកើតឡើង មកពីអាជ្ញាធរនៅ​ថ្នាក់ក្រោមជាតិបំពានសេចក្តីណែនាំរបស់ក្រសួង។

លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «បើសិនជាមានការចាត់វិធានការទៅលើមន្ត្រីមូលដ្ឋាន ដូចជាប៉ូលីស ជាដើមហ្នឹង ខ្ញុំគិតថា ប្រហែលជាគាត់អត់ហ៊ានប្រព្រឹតផ្ទុយពីការណែនាំរបស់ក្រសួងមហាផ្ទៃទេ»

លោក ស ខេង បាន​ថ្លែង​ថា អង្គការសមាគមដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានជាង ៥ពាន់ ប៉ុន្ តែលោកថា មានតែជាង ៣ពាន់ប៉ុណ្ណោះ បានបំពេញកាតព្វកិច្ច ចំណែក​អង្គការ​សមាគម​ចំនួន ៨១​ទៀត ត្រូវបានលុបចោល។

មុន​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ចេញ​ផ្សាយ​សៀវភៅ «ស» មួយ ដែល​​ចោទ​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០០ រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនផងថា បាន​ចូលរួម​ក្នុង​បដិវត្តន៍​ពណ៌ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ