សង្គមស៊ីវិលថា ការ​មិនដាក់មុខរបរសំណង់​ក្នុង​បញ្ជី​​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​ ធ្វើឲ្យប៉ះពាល់មុខការងារ​សម្រាប់​ពលរដ្ឋខ្មែរ

សង្គមស៊ីវិល និងសហជីព លើកឡើងថា ប្រជា​ពលរដ្ឋ​ខ្មែរ​ នឹង​ប្រឈម​មុខ​នឹង​កង្វះ​ការងារ ហើយ​សម្រេច​ចិត្ត​ចំណាក​ស្រុក បន្ទាប់​ពី​ការងារ​សំណង់ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រភេទ​ការងារ​ដែល​ហាម​ឃាត់​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​នោះ​ឡើយ។

ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីក្រសួងការងារ និងវិជ្ជាជីវៈ បាន​សម្រេច​កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញ ហាមជនបរទេសប្រកបមុខរបរ​ចំនួន​១០ប្រភេទ ដែល​ជាមុខរបរ​រកចំណូល​ផ្ទាល់ខ្លួន ឬថា មុខរបរស្វ័យនិយោជន៍។

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ ដែលអះអាងថា បានចូលរួមប្រជុំជាមួយក្រសួងការងារកាលពីម្សិលមិញ បានរៀបរាប់ថា លោកបានស្នើទៅក្រសួងការងារឲ្យកំណត់ប្រភេទមុខរបរសំណង់ ដើម្បីដាក់បញ្ជូលនៅក្នុងប្រភេទមុខរបរទាំង ១០ប្រភេទនោះដែរ ប៉ុន្ តែលោក​ថា ក្រសួងបាន​ចាត់​ការងារ​សំណង់មិនជាប់ពាក់ព័ន្ធនឹងប្រភេទមុខរបរស្វ័យនិយោជន៍នោះទេ ពីព្រោះកម្មករសំណង់បរទេសមានក្រុមហ៊ុន ឬគ្រឹះស្ថាន​គ្រប់គ្រងស្របតាមច្បាប់ការងារ។

ទោះជាបែបនេះក្តី លោក អាត់ ធន់ បានបង្ហាញការសោកស្តាយចំពោះក្រសួងការងារ ដែលមិនបានដាក់បញ្ជូលប្រភេទមុខរបរសំណង់នៅក្នុង ១០ប្រភេទនោះ។ ករណីនេះ លោក​ជំរុញទៅក្រសួងឲ្យ​អនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់ ទើបទទួលបានផលវិជ្ជមាន។

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «សមត្ថកិច្ចរបស់ក្រសួងការងារ និងអាជ្ញាធរកម្ពុជា ដូចជាប៉ូលីស ត្រូវចាប់បញ្ជូនទៅវិញម៉េច បើមិនចាប់បញ្ជូន គឺជាភាពកម្សោយរបស់រដ្ឋ ក្នុងការអនុវត្តច្បាប់»

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ក្រសួងការងារខ្វះចន្លោះ​ក្នុងការហាមឃាត់ប្រភេទមុខរបរសំណង់​ដល់ជនបរទេស​ ខណៈបច្ចុប្បន្ននេះ ​លោកសង្កេតឃើញថា មានជន​ជាតិ​ចិន និងវៀតណាម មកធ្វើការងារសំណង់នៅកម្ពុជាយ៉ាងគំហុក។

ទោះជាបែបនេះក្តី លោកផ្តល់ជាអនុវសាសន៍ដល់រដ្ឋាភិបាលគួរតែដាក់បញ្ហានេះក្នុងគោលនយោបាយរបស់ខ្លួន ដើម្បីជាផ្នែកមួយទៀត អាចជួយកាត់បន្ថយកុំឲ្យប្រជាពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។

លោក មឿន តុលា មានប្រសាន៍ថា៖ «ឧទាហរណ៍មានគម្រោងសាងសង់ អភិវឌ្ឍន៍អ្វីមួយ គេតម្រូវថា គម្រោងសាងសង់ ត្រូវតែយកពលករនៅក្នុងសហគមន៍យ៉ាងហោចណាស់បានចំនួន ៣០ភាគរយ ហើយ​ចាំគិតពីពលករដែលមកពីតំបន់ផ្សេង ឬប្រទេសផ្សេង គេមានគោលនយោបាយមួយដាច់ដោយឡែកមួយក៏បានដែរ ដើម្បីកំណត់អំពីកម្រិតនៃកូតា ដើម្បីទទួលយកកម្លាំងពលកម្មសហគមន៍ កម្លាំងពលកម្មថ្នាក់ជាតិ ហើយកម្លាំងពលកម្មបរទេស»។​​

អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បានពន្យល់​ថា ក្រសួងការងារមិនដាក់បញ្ជូលប្រភេទមុខរបរសំណង់ចូលក្នុងប្រភេទមុខរបរទាំង ១០ប្រភេទនោះ ដោយសារមានក្រុមហ៊ុន​គ្រឹះស្ថានសំណង់មួយចំនួន បានអនុវត្តតាមច្បាប់ការងារ ដែលកំណត់បុគ្គលិកបរទេស ១០ភាគរយនៅក្នុងការដ្ឋាន ឬក្រុមហ៊ុន​មួយ។

លោក ហេង សួរ មានប្រសាសន៍ថា៖ «យើងមានជំនឿថា រយៈពេល ៣ ទៅ ៤ឆ្នាំទៀត កម្មករនិយោជិតផ្នែកសំណង់របស់យើង ប្រហែលជាអាចបំពេញបានជាបណ្តើរៗ​នូ​វផ្នែកចំណេះដឹង ផ្នែកបច្ចេកទេស ហើយគាត់អាចឈានទៅដល់ការធ្វើការជំនួសកម្មករផ្នែកសំណង់ ដែលជាជនបរទេស​នោះ»

យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ របរ​បើក​បរ​យាន​ជំនិះ លក់​ដូរ​ចល័ត​នៅ​តាម​ទីសាធារណៈ ម៉ាស្សា ឬ​ចាប់​សរសៃរ ថែ​រក្សា​សម្រស់ ប៉ះ​កង់​យាន​ជំនិះ​ កាត់​ដេរ ផលិត​វត្ថុ​អនុស្សាវរីយ៍ ផលិត​ឧបករណ៍​សិល្បៈ​ ឬ​កែច្នៃ​គ្រឿង​​អលង្កា​ ជាដើម មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​នោះ​ឡើយ។

ចំនួនជនជាតិខ្មែរទៅធ្វើការនៅក្រៅប្រទេសមានឯកសារស្របច្បាប់ និងមិនមានឯកសារស្របច្បាប់ គិតត្រឹមថ្ងៃទី២៩ ខែសីហានេះ មានចំនួនជាង ៣លាននាក់ ក្នុងនោះធ្វើការនៅប្រទេសថៃ មានជិត ២លាននាក់ ម៉ាឡេស៊ីជាង ១០ម៉ឺននាក់ កូរ៉េខាង​ត្បូង​ប្រហែល ៧ម៉ឺននាក់ ចិន និងជប៉ុនរាប់ម៉ឺននាក់។

របាយការណ៍បូកសរុបការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញកាលពីខែមីនា ឆ្នាំ២០១៨ ឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រសួងការងារ ​បានផ្តល់បណ្ណ និងសៀវភៅការងារដល់កម្មករបរទេស ចំនួនជាង៥ម៉ឺននាក់(៥៦ ៩៧៥)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ