រដ្ឋាភិបាល​គ្រោង​ជជែក​ជាមួយ​សង្គម​ស៊ីវិល​ជុំ​វិញ​បំណុល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​ ថ្លែងក្នុងសន្និសីតកាសែត ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ (រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍)

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​គ្រោង​កោះ​ប្រជុំ​ជា​មួយ​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត​ ដើម្បី​ពិភាក្សា​លើ​ចំណុច​ខ្វែង​គ្នា​រវាង​ភាគី​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​ស្ថាប័ន​មីក្រី​ហិរញ្ញវត្ថុ​ លើ​របាយការណ៍​ដែល​អង្គការ​ទាំង​ពីរ​នេះ​បាន​ចេញ​​នា​ពេល​ថ្មី​ៗ​នេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និង​សមាគម​ធាង​ត្នោត​ បាន​ចេញ​របាយការណ៍​មួយ​កាល​ពីថ្ងៃ​ទី​៧ ខែ​​សីហា ដែល​បញ្ជាក់ថា បំណុល​មីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បណ្តាលឱ្យ​មាន​ការ​​រំលោភ​សិទ្ធិ​មនុស្ស​​ជាលក្ខណៈ​ប្រព័ន្ធ​ធ្ងន់ធ្ងរ និង​បាន​រិះគន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុថា បាន «ជញ្ជក់ឈាម» និងមិនអនុវត្ត​តាមគោលការណ៍​ក្រមសីលធម៌​ក្នុងការ​ផ្តល់ប្រាក់ក​ម្ចី ខណៈ​​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​​បាន​ចាត់ទុក​របាយការណ៍​នោះ​ថា ​គ្មាន​លក្ខណៈវិទ្យាសាស្ត្រ និង​គ្មាន​ភាព​ត្រឹមត្រូវ​។

ថ្លែង​នៅ​ក្នុង​សន្នីសិទ​ការសែត​នៅ​ព្រឹកនេះ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក ​ផៃ ស៊ីផាន​ ​ដោយ​បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ទាំង​ពីរ​នេះ​ថា ​ជា​ការ​បញ្ចេញ​មតិ​មួយ​ ខណៈ​លោក​ថា​ នា​ពេល​ខាង​មុខ​លោក​នឹង​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​មួយ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មួយ​អង្គការ​ទាំងពីរ​នេះ​ផង​ដែរ។

លោក ផៃ ស៊ីផាន ថ្លែង​​ថា៖ «ខ្ញុំ​នឹង​ត្រៀម​លក្ខណៈ​អញ្ជើញ​គាត់​មក​ចូលរួម​ដើម្បី​ជជែក​គ្នា​ តើ​ការ​លើក​របស់​គាត់​មក​ហ្នឹង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ មាន​ទឡ្ហីករណ៍​អី​ខ្លះ​? ខ្ញុំ​នឹង​រៀប​ចំ​វេទិកា​បិទ​ទ្វារ​សម្រាប់​អញ្ជើញ​ធនាគារ​ សម្រាប់​អញ្ជើញ​ផ្នែក​ស្រាវជ្រាវទាំង​អស់​គ្នា សមាសភាព​ទាំង​អស់​គ្នា​មក​អង្គុយ​ជជែក​គ្នា​។ យើង​អត់​ឈរ​លើ​ស្ថានភាព​ច្រាន​ចោល​ថ្កោល​ទោស​នោះ​ទេ យើង​អត់​ទេ! យើង​ស្វាគមន៍​សម្រាប់​ការ​ស្រាវជ្រាវ​សុំ​លើក​ឡើង​មក»

របាយការណ៍របស់​លីកា​ដូ​ និង​សមាគម​ធាង​ត្នោត ដែល​បាន​ចេញ​ផ្សាយ​បានជ្រើសរើសយកគ្រួសារចំនួន ២៨ ធ្វើជា​ករណី​សិក្សា ដែល​គ្រួសារទាំងនោះ «បានរងគ្រោះពី​អំពើ​រំលោភសិទ្ធិមនុស្សជាច្រើនលើកច្រើនសារ ឬក្នុងកម្រិតធ្ងន់ ដោយសារ​តែ​ជាប់​​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ» ហើយបានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុនេះរីកចម្រើន ដោយពឹង​ផ្អែក​លើ​ប្រតិបត្តិ​ការ​​លក់ដីធ្លីដោយការបង្ខិតបង្ខំ ពលកម្ម​កុមារ ចលនាចំណាកស្រុកដោយសារជាប់បំណុល និងអំពើរំលោភបំពាន​ផ្សេងៗ​ទៀត​។

ទោះ​ជាយ៉ាងនេះក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបដិសេធចំណុចចោទប្រកាន់ទាំងនេះ ដោយលើកឡើងថា ករណី​បែបនោះ​កម្រ​កើត​ឡើង​ណាស់ ហើយបានអះអាងថា គោលនយោបាយ និងគោលការណ៍ជាច្រើន ត្រូវ​បាន​បង្កើតឡើងយ៉ាងត្រឹមត្រូវ ដើម្បី​ចៀស​វាង​អំពើ​រំលោភ​បំពានឲ្យដល់កម្រិតអតិបរមា។ គ្រឹះស្ថានទាំងនេះ​ ក៏បានបញ្ជាក់ផងដែរថា តែងតែ​មានការ​ចរចា​ដើម្បី​រក្សា​ទំនាក់ទំនងល្អរវាងអ្នកផ្តល់កម្ចី និងអ្នកខ្ចី។

សម្រាប់​អគ្គនាយក​ត្រួត​ពិនិត្យ​ និង​ធនាគារ​ជាតិ​លោក រ័ត្ន សុវណ្ណនរៈ បាន​លើក​ឡើង​ថា ​បន្ទាប់​ពី​ទទួល​របាយការណ៍​នេះ ​ធនាគារ​ជាតិ​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ផង​ដែរ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ដែល​របាយការណ៍​នេះ​លើក​ឡើង​នោះ​ទេ។

លោក រ័ត្ន សុវណ្ណនរៈ ប្រាប់​ថា៖ «ពេល​នោះ​ យើង​បាន​ពិភាក្សា​ច្រើន​ជា​មួយ​សមាគម​ ដើម្បី​ស្វែង​រក​ភស្ភុតាង។ ប្រសិន​បើ​មាន ​យើង​នឹង​ចាត់​ការ​ភ្លាម​ហើយ ព្រោះ​​គ្រឹះស្ថាន(មីក្រូហិរញ្ញវត្ថុ)នីមួយ​ៗ​ត្រូវ​អនុវត្តន៍​តាម​ច្បាប់ តែ​កន្លង​មក​គ្រឹះស្ថាន​អនុវត្តន៍​ល្អ​បាន​ច្រើន​ទៅ​តាម​ច្បាប់ ហើយ​គេ​ក៏​មាន​ក្រមសីល​ធម៌​វិជ្ជាជីវៈដែរ»

ប្រធានសមាគម​ធាង​ត្នោត ​លោក សឿង សារ៉ន មាន​ប្រសាសន៍​ប្រាប់​ VOD ថា ​អង្គការ​លោក​ក៏​ដូច​ជា​លីកា​ដូ​នៅ​តែ​ប្រកាន់​ជំហរ​ចំពោះ​របាយការណ៍​ដែល​បាន​ចេញ​នោះ ខណៈ​លោក​ស្វាគមន៍​ចំពោះ​ការ​ប្រជុំ​ណាមួយ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទៅ​លើ​ការ​ចេញ​របាយការណ៍​នេះ​ផង​ដែរ។

លោក សឿង សារ៉ន ប្រាប់​ថា៖ «យើង​ស្វាគមន៍​ ហើយ​បើសិន​ជា​មាន​វេទិកា​តុមូល​រវាង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​​ រឹត​តែ​ប្រសើរ។ […] អ្វី​ដែល​យើង​រក​ឃើញ​នេះ​ គឺ​ជា​ការ​ពិត ​គឺជា​​ភស្ភុតាងដែល​យើង​បាន​ជួប​ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​ចំនួន​ ២៨​គ្រួសារ​ដែល​យើង​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ចំនួន​ ៣​សប្ដាហ៍​ហ្នឹង»

ការ​ពី​ម្សិល​មិញ ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​លោកបណ្ឌិត​ សុខ ទូច បាន​ចាត់​ទុក​របាយការណ៍​របស់​សមាគម​ធាង​ត្នោត និង​លីកាដូ​នេះ​ថា ​ជា​ការសិក្សា​ដោយ​គ្មាន​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដោយ​ថា ​សំណាក​នៃ​ការ​ស្រាវជ្រាវ​របស់​អង្គការ​ទាំង​ពីរ ​គឺទៅ​លើ​មនុស្ស​ ២៨​គ្រួសារ ខណៈ​អ្នក​ជាប់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​មាន​ដល់​ទៅ​ជាង​ ២លាននាក់។​

ទោះ​ជាយ៉ាង​ណា​ សម្រាប់​អង្គការ​ដែល​ចេញ​របាយការណ៍​នេះ​ នៅ​តែ​ប្រកាន់​ជំហរ​ពី​ភាព​ត្រឹមត្រូវ​នៃ​របាយការណ៍​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ