រដ្ឋ​មន្ត្រី​មហាផ្ទៃ​​ចោទ​សួរ​ពីតួលេខ​ខុស​គ្នា​នៃ​ការ​រឹត​ត្បិត​សេរីភាព​សង្គម​ស៊ីវិល

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅថ្ងៃ២៩ សីហា ២០១៩។

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​នេះ បាន​ចោទ​សួរ​អំពី​គម្លាត​ដ៏​ធំ​រវាង​តួលេខ​របស់​រដ្ឋាភិបាល និង​របាយការណ៍​របស់​អង្គការ​ស៊ីវិល​មួយ ដែល​បាន​កត់ត្រា​អំពី​ចំនួន​ករណី​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ និង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ដើម​ឆ្នាំ​នេះ។

ក្នុង​វេទិកា​ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល​លើកទី៣ នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​​សន្និដ្ឋាន​ក្នុង​សុន្ទរ​កថា​របស់​លោក​ថា សង្គម​ស៊ីវិល​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពាក់​កណ្ដាល​ទី​១ នៃ​ឆ្នាំ​២០១៩​នេះ។

​លោក ស ខេង បាន​​សន្និដ្ឋាន​បែប​នេះ បន្ទាប់​ពី​ក្រុម​ការងារ​អន្តរ​ក្រសួង​មួយ​របស់​រដ្ឋាភិបាល បាន​រាយការណ៍​ថា ការ​រារាំង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ បាន​កើត​ឡើង​ត្រឹម​តែ ៦​ករណី​ប៉ុណ្ណោះ​នៅ​អំឡុង​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៩​នេះ។

ប៉ុន្តែ លោក ស ខេង បាន​ចោទ​សួរ​អំពី​គម្លាត​ខុស​គ្នា​ខ្លាំង​រវាង​តួលេខ​ចេញ​ដោយ​ក្រុម​ការងារ​អន្តរក្រសួង​ដើម្បី​ដោះ​ស្រាយ​សំណើ សំណូម​របស់​អង្គការ​សង្គម​ស៊ីវិល និង​តួលេខ​ចេញ​ដោយ​​​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ ដែល​លោក​ពុំ​បាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ។

លោក ស ខេង ថ្លែង​ថា​៖ «ហើយ​ក្នុង​រយៈ​ពេល​នេះ តាម​របាយការណ៍ គឺ​បាន​បញ្ជាក់​ថា បាន​ទទួល​សំណើ​នេះ [សំណើ​សុំ​ដំណោះ​ស្រាយ​ការ​រឹត​ត្បិត​សេរីភាព​របស់​សង្គម​ស៊ីវិល]​ចំនួន ៦​ប៉ុណ្ណោះ ប៉ុន្តែ អង្គការ​ក្នុង​ស្រុក​មួយ គឺ​បាន​រាយការណ៍​ថា រហូត​ដល់ ៧១​ករណី​ដែល​មាន​ការ​រឹត​ត្បិត​សកម្មភាព​អង្គការ​មិន​មែន​រដ្ឋាភិបាល។ នេះ​ជា​ចំណុច​មួយ​ដែល​យើង​ហាក់​បីដូច​ជា​មាន​ការ​មន្ទិល​សង្ស័យ​ថា ហេតុ​អ្វី​បាន​ជា​ព័ត៌មាន​នេះ​មិន​បាន​មក​ដល់​ក្រុម​ការងារ​អន្តរ​ក្រសួង។ ប៉ុន្តែ តួលេខ​នេះ វា​ខុស​គ្នា​ច្រើន​ពេក»

របាយការណ៍​របស់​ខ្លួន​ចេញ​កាល​ពី​ចុង​ខែកក្កដា​កន្លង​មក សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​​រក​ឃើញ​ថា ការ​រឹត​ត្បិត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ទៅ​លើ​សេរីភាព​នៃ​ការ​ជួប​ជុំ​​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នានា បាន​កើត​ឡើង​ដល់​ចំនួន ៧១​ករណី​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ