លោក ទៀ បាញ់ ថាក្រសួងចាប់ផ្តើមធ្វើជំរឿនអ្នកមាន​ងារជាឧកញ៉ា​ក្នុង​ជូរកងទ័ព

យោធា​កម្ពុជា ក្នុងពិធីរំលឹកខួបបុណ្យឯករាជ្យជាតិ លើកទី៦៥ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ (រូបភាពដោយ៖ ជន ចាន់រ៉ែន)

ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​លោក ទៀ បាញ់ ប្រកាសជាសាធារណៈ ថាក្រសួងចាប់ផ្ដើមប្រមូលទិន្នន័យជាក់លាក់ពី​ឧកញ៉ាក្នុង​ជួរកងទ័ព។

​លោក ទៀ បាញ់ ថ្លែង​បែបនេះក្នុងពេលដែលលោកឆ្លើយសំណួររបស់ ​អ្នកសារព័ត៌មាន​ក្រោយពី​ចូលរួម​សម្ពោធ​បន្ទាយ​ថ្មី​របស់​កងឯកភាពកង​កិត្តិយស​ត្រែទ័ព​ នា​រាជធានី​ភ្នំពេញ ​នៅព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ។

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូបនេះ មានប្រសាសន៍ថា លោកបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទប្រមូលទិន្នន័យ​ទាំងអស់គ្រប់បញ្ជាការដ្ឋានកងទ័ព ដែលរួមមាន បញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការអាវុធហត្ថនិងក្រសួងការពារជាតិផ្ទាល់និងអង្គភាពមួយចំនួនទៀត។ លោកបន្តថា បន្ទាប់ពីប្រមូលទិន្ន័យរួច លោកនឹងបើកកិច្ចប្រជុំមួយជាមួយ​អ្នកទាំងនោះដើម្បីឱ្យ​មាន​ការ​សម្រេច​ចិត្ត​បន្តទៅទៀត។ ប៉ុន្តែលោកទៀបាញ់ បញ្ជាក់ថាការធ្វើការងារនេះ ត្រូវធ្វើដោយ​ប្រយ័ត្ន​ប្រយែងជៀស​វាង​ការ​អាក់​អន់ស្រពន់ចិត្តពីអ្នកទាំងនោះ។

លោក ទៀ បាញ់ មានប្រសាសន៍បន្តថា៖«ខ្ញុំបានឆ្លើយប្រាប់ហើយកុំទាន់ចង់ដឹង​(ពីចំនួន​ឧកញ៉ា​ក្នុងកងទ័ព) រហ័ស​ពេក។ ខ្ញុំសុំបញ្ជូនព័ត៌មានបន្តទៀតទៅគ្រប់អង្គភាព​បញ្ជា​ការ​ទាំងអស់ត្រូវធ្វើស្ថិតិទាំងអស់។ រូចជួបអ្នកមានងារ២នោះ​ឱ្យហើយឱ្យរើសយកមួយ​។​តាមមើលនៅធំៗដែរ គេថាគ្រាក់ៗ​ដែរមិនមែនធម្មតាទេ»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​ ២៣ ​ខែ​សីហា ​ថារាជរដ្ឋាភិបាលកម្ពុជា ហាម​មិន​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ដូចជា​ទា​ហាននគរបាល ​និង​កងរាជ​អាវុធហត្ថ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀត​ឡើយ​ដែល​កន្លង​មក​មាន​មួយ​ចំនួន​បាន​យក​តួនាទី​ទាំង​នេះ​ទៅ​ប្រកប​ការងារ​ផ្សេងៗ​ខុស​ច្បាប់​។

ទាក់ទងនឹងងារឧត្តមសេនីយ៍ឧកញ៉ានេះ អ្នកនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ​លោក លោក ​ថោង សូលីម៉ូ មានប្រសាសន៍ថា មកដល់ថ្ងៃទី០៣ខែកញ្ញានេះ អគ្គបញ្ជាការ​កងទ័ពបានប្រមូលទិន្នន័យឧត្តមសេនីយ៍ឧកញ៉ារួចហើយនឹងធ្វើរបាយការណ៍ជូនថ្នាក់លើព្រមទាំងប្រមុខរាជរដ្ឋាភិបាល ។ លោកបន្តថា សរុបទាំងអស់អ្នកមានងារជាឧត្តមសេនីយ៍ឧកញ៉ា ​មាន​ចំនួន​៦១នាក់ ខណៈដែលឋានរន្តស័ក្ដិខ្ពស់បំផុតត្រឹមឧត្តមសេនីយ៍ឯកផ្កាយបី។

លោក ថោង សូលីម៉ូ ប្រាប់ថា៖« ក្នុងអគ្គបញ្ជាការមាន៤៥រូបគាត់លាលែងពីឧកញ៉ាកាន់តួនាទី​ការងារ​ជាឧត្តមសេនីយ៍ដដែល ហើយ១៦នាក់គាត់លាលែងការងាររដ្ឋវិញ។ ចំពោះតួនាទីគឺមាន​ខ្ពស់​បំផុតត្រឹមអនុប្រធានអគ្គនាយកដ្ឋានទេ អត់មានដល់នាយឧត្តមសេនីយ៍ឡើយ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែន​ករុណ ស្វាគមន៍ចំពោះចំណាត់ការលើឧត្តម​សេនីយ៍​ឧកញ៉ានេះ ប៉ុន្តែលោកស្នើឱ្យស៊ើបអង្កេតពីការបំពេញការងាររបស់អ្នកទាំងនោះផង ពិសេសពាក់​ព័ន្ធនឹង​ការប្រើប្រាស់តួនាទីដើម្បីប្រកបរបររកស៊ីខុសច្បាប់នានា។

លោក ស៊ឹង សែនករុណា លើកឡើងថា៖ «តើអ្នកទាំងអស់ហ្នឹងធ្វើកិច្ចការហ្នឹងបានត្រឹមត្រូវឬទេ ឬក៏យក​ងារ​យកអីហ្នឹង បើរកឃើញថាមានអំពើខុសច្បាប់គួរចាត់វិធានការផ្លូវច្បាប់ ហើយរឹបអូស​យក​ទ្រព្យសម្បត្តិទុកជាសម្បត្តិរដ្ឋទៅ។ពីមុនមកយើងមិនដែលឃើញការចាត់វិធានការហ្នឹងបានត្រឹមត្រូវដែរ មួយរយៈកាលចុងក្រោយមានការចាត់វិធានការមួយ​ចំនួនទៅលើឧកញ៉ាតែតិច​តួចនៅឡើយ។​ យើងសង្ឃឹមថាយុទ្ធនាការណ៍នេះនឹងធ្វើតទៅមុខទៀត»។

កាលពីខែសីហាកន្លងទៅមន្ត្រីយោធាមានឋានន្តរស័ក្ដិវរសេនីយ៍ទោ មានង៉ាជាឧកញ៉ា១​រូបគឺលោកគង់ ក្រឹងត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងបទល្មើស​ព្រៃឈើ។ក្នុងខែសីហា​ដដែលតុលាការសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស អតីតឧត្តមសេនីយ៍យោធា​នៅ​បញ្ជា​ការ​ដ្ឋានអង្គរក្សនិងជាឧកញ៉ាផងគឺលោក ហូរ ចំរើន ដាក់ពន្ធនាគារ១៨ខែ ករណីឆបោក និងចេញសែកស្អុយ។

តាមព្រះរាជក្រឹត្យ ងារឧកញ៉ា ​លោកឧកញ៉ា អ្នកឧកញ៉ា ជាងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់ កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិច្ចាគទ្រព្យធន វិភាគទានចូលរួមចំនែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រលាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ។ល។

អនុក្រឹត្យមួយ ចុះថ្ងៃទី២០មីនាឆ្នាំ២០១៤ បង្ហាញថា ដើម្បី​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» សប្បុរសជន​ត្រូវ​​ធ្វើ​អំណោយ​ជូន​រដ្ឋដែល​មាន​តម្លៃ​លើស​ពី​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ ខណៈដែលមុនថ្ងៃទី២០មីនាឆ្នាំ២០១៤ តម្លៃបរិច្ចាករបស់ងារឧកញ៉ាមានត្រឹម១០ម៉ឺនដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ