តុលាការកំពង់ធំឃុំខ្លួនអ្នកបង្ហោះសារគាំទ្រ លោកសម រង្ស៊ី ៣នាក់

អតីតសកម្មជននិងសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំងត្រូវបានតុលាកា ខេត្តកំពង់ធំ សម្រេចឃុំខ្លួនកាលពីថ្ងៃទី២ និងទី៣ ខែកញ្ញា ឆ្នាំ២០១៩ លោក នូ ភឿន (ខាងឆ្វេង) លោក រស់ គឹមសៀង (កណ្តាល) លោក ស៊ុន ប៊ុនថុន (ខាងស្តាំ) (រូបភាព៖ អតីតសកម្មជនបក្សប្រឆាំង)

សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនអតីតសកម្មជននិងសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង ៣នាក់ នៅពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានបង្ហោះសារនិងចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរីដោយគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។

មេធាវីការពារក្ដីឱ្យអតីតសកម្មជនគណបក្សប្រឆាំងលោក សំ សុគង់ ប្រាប់វីអូឌីនៅថ្ងៃនេះថា  ព្រះរាជអាជ្ញាបានចោទប្រកាន់កូនក្ដីលោកចំនួន ៥ បទចោទ​។ លោកបន្តថា ការសម្រេចចោទប្រកាន់និងឃុំខ្លួនកូនក្ដីរបស់លោក ដោយតុលាការសំអាងលើការបង្ហោះសារ ការចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរី ដោយគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

លោក សំ សុគង់ បញ្ជាក់ថា ដោយផ្អែកលើសកម្មភាពទាំងនេះ តុលាការចោទប្រកាន់កូនក្តីរបស់ ចំនួន៥បទចោទ។​

លោកថា៖«ទាក់ទងបទចោទមកលើកូនក្ដីខ្ញុំបាទចំនួន ៥ បទចោទគឺទី១ បទបរិហាកេរិ៍្តជាសាធារណៈ ទី២ ជេរប្រមាថជាសាធារណៈទី៣ បទ ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ មិនគោរពទៅតាមសាលដីកាសម្រេចរបស់តុលាការ ទី៥ ទាក់ទងនឹងសកម្មភាពធ្វើនយោបាយ »។

លោក សំ សុគង់ បន្តថា បទចោទជេរប្រមាថជាសាធារណៈដែលតុលាការបានចោទប្រកាន់កូនក្ដីរបស់លោក ក្រោយពីកូនក្ដីលោកបានសន្ទនាជាមួយគ្នាតាមខ្សែទូរសព្ទនិយាយពីថ្នាក់ដឹកនាំបក្ស។

លោក ស៊ុន ប៊ុនថុន ជាសមាជិកក្រុមប្រឹក្សាឃុំបារាយ និង លោក នូ  ភឿន សមាជិកប្រតិបត្តិឃុំ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។ ដោយឡែក លោក រស់ គឹមសៀង ជាអតីតប្រធានយុវជនខេត្តកំពង់ធំ ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។

ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំលោក អ៊ិន សុធា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយថា លោកជាប់រវល់។

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ធំ លោក សុខ រដ្ឋា ចាត់ទុកការចោទប្រកាន់ និងការឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំងថា ជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

លោកថា៖« ជាទូទៅសិទ្ធិជាមូលដ្ឋានដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយគាត់ប្រើមិនបាន ហើយមានៈទៅរឹតត្បឹតសេរីភាពរបស់ពួកគេ ដែលមិនឱ្យប្រើប្រាស់សេរីភាពជាមូលដ្ឋានរបស់ពួកគេហ្នឹង ។អ៊ីចឹងអ្នកដែលទៅរឹតត្បឹតហ្នឹង អ្នកហ្នឹងទេ ជាអ្នកប្រព្រឹត្តអំពើខុសច្បាប់វិញ»។

លោក សុខ រដ្ឋា បន្តថា ប្រសិនជារដ្ឋាភិបាលនៅតែបន្តរឹតត្បិតសេរីភាពមិនឱ្យបញ្ចេញមតិស្របទៅតាមរដ្ឋធម្មនុញ្ញនោះ ​បង្ហាញឱ្យសហគមជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋមើលឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលមិនបានគោរពសិទ្ធិមនុស្សដែលមានចែងនៅរដ្ឋធម្មនុញ្ញ និងមិនបានស្រឡាញ់ប្រជាពលរដ្ឋឡើយ។

បើតាមហ្វេសប៊ុករបស់លោក Rus Kimsieng ក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ បានបង្ហោះសារគាំទ្រការវិលត្រឡប់របស់អតីតមេដឹកគណបក្សប្រឆាំង សម រង្ស៊ី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្រៅពីការបង្ហោះសារគាំទ្រ លោក Rus Kimsieng បានចែករំលែកព័ត៌មានវិទ្យុអាស៊ីសសេរី ស្ដីពីការរៀបចំ កម្លាំងពលករ ដើម្បីអមដំណើរ អតីតមេដឹកគណបក្សប្រឆាំង សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ផងដែរ។

តាមរបាយការណ៍របស់អង្គការលីកាដូបង្ហាញថា នៅឆ្នាំ២០១៩នេះ មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន​១៤៧រូប តុលាការ សមត្ថកិច្ច កោះហៅសាកសួរ និងឃុំខ្លួន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ