អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អញ្ចើញ​​មេ​សង្គម​ស៊ីវិល​ម្នាក់​ទៀត​​ឱ្យ​ចូល​រួម​ប្រជុំ​បិទ​ទ្វារ​ក្រោយ​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត

លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា (រូប ពីហ្វេសប៊ុក Preap Kol)

ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ទៀត ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កោះ​អញ្ចើញ​ឱ្យ​បំភ្លឺ បន្ទាប់​ពី​លោក​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្ដី​ក្នុង​ស្រុក​មួយ។

សារ​បង្ហោះ​នៅ​លើ​​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​រៀបរាប់​ថា ខ្លួន​បាន​ចេញ​លិខិត​អញ្ចើញ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាពអន្តរជាតិ​កម្ពុជា លោក ព្រាប កុល ឱ្យ​ចូលរួម​កិច្ច​ពិភាក្សា​បិទ​ទ្វារ​មួយ នៅ​ព្រឹក​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​នេះ ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទស្សនាវដ្ដី SEA Globe។

លោក ព្រាប កុល បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​តាម​រយៈ​សារ​ហ្វេសប៊ុក​ថា ការិយាល័យ​អង្គការ​របស់​លោក បាន​ទទួល​លិខិត​អញ្ចើញ​នោះ​ហើយ ប៉ុន្តែ លោក​ប្រាប់​ថា​ លោក​ពុំ​អាច​ចូលរួម​បាន​នោះ​ឡើយ ដោយសារ​លោក​កំពុង​ស្ថិត​ក្នុងដំណើរ​បំពេញ​បេសកកម្ម​​នៅ​ទ្វីប​​អឺរ៉ុប​។

លោក ព្រាប កុល ៖ «ខ្ញុំកត់សម្គាល់ឃើញថា ការអញ្ជើញប្រធានស្ថាប័ន អង្គការសង្គមស៊ីវិលពីសំណាក់រដ្ឋាភិបាលក្រោយមានការធ្វើអត្ថាធិប្បាយអំពីបញ្ហាសង្គម ឬក្រោយមានការសម្តែងមតិនៅតាមរយ:សារពត៌មាន គឺជាការវិវត្តថ្មីមួយនៅកម្ពុជា ដែលគួរជាទីចាប់អារម្មណ៍»

នៅ​ក្នុង​​អត្ថបទ​របស់​ខ្លួន​ក្រោម​ចំណង​ជើង​ថា «Cambodia’s Crossroad»​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា​កន្លង​មក ទស្សនាវដ្ដី SEA Globe បាន​​លើក​ថា កម្ពុជា​បាន​ទទួល​កំណើន​សេដ្ឋកិច្ច​រីកលូត​លាស់​​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ។

លោក ព្រាប កុល ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន ជា​ពិសេស​អ្នក​ក្រ ឬ​​ពល​រដ្ឋ​ងាយ​រង​គ្រោះ មិន​ទទួល​បាន​ផល​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នេះ​ឡើយ។

លោក ព្រាប កុល ត្រូវ​បាន​ដក​ស្រង់​សម្ដី​បន្ត​ថា៖ «កម្ពុជា​គួរ​តែ​មាន​គោល​នយោបាយ​មាន​និន្នាការ​ទៅ​រក​អ្នក​ក្រីក្រ និង​ប្រជា​ពលរដ្ឋ​ក្នុង​​ស្រុក ដើម្បី​ធានា​ថា ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​វិនិយោគ​បរទេស»

លោក ព្រាប កុល ក៏​បាន​ផ្ដល់​នូវ​មតិ​បន្ថែម​ថា អ្នក​ដឹកនាំ​ជំនាន់​ថ្មី ត្រូវ​តែ​គិត​ឱ្យ​ខុស​ប្លែក​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ សម្រាប់ធានា​នូវ​គំនិត​បរិយាប័ន (ការ​ចូលរួម​ពី​គ្រប់​ភាគី) និង​ការ​ពិភាក្សា​វែក​ញែក​ដោយ​សេរី ទៅ​លើ​គោល​នយោបាយ​នានា ដើម្បី​ធានា​ថា ទទួល​បាន​គំនិត​ល្អ​បំផុត​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​វិនិយោគ។

អ្នក​យក​ព័ត៌មាន​វីអូអេ លោក ស៊ុន ណារិន បាន​ប្រាប់​ថា ការ​អញ្ចើញ​អ្នក​ជំនាញ​ទៅ​សួរ​នាំ​ក្រោយ​ពី​គាត់​បាន​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត​នេះ ពិត​ជា​ជះ​ឥទ្ធិពល​ដល់​អ្នក​សារព័ត៌មាន ដែល​សរសេរ​ព័ត៌មាន​អំពី​កម្ពុជា ខណៈ​ដែល​លោក​ថា កម្ពុជា​មិន​សូវ​សម្បូរ​អ្នក​ហ៊ាន​បញ្ចេញ​មតិ​ផង​នោះ។

លោក ស៊ុន ណារិន ប្រាប់​ថា៖ «ខ្ញុំ​គិត​ថា វា​ប៉ះ​ពាល់​ការងារ​អ្នក​កាសែត ប្រសិន​ណា​ការ​ហៅ​ហ្នឹង ជា​ការ​ដាក់​គំនាប​លើ​គាត់ ហើយ​គាត់​មាន​ភាព​ភ័យ​ខ្លាច ហើយ​គាត់​លែង​ហ៊ាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន។ អីចឹង អ្នក​សារព័ត៌មាន​គាត់​ខ្វះ​ប្រភព​អ្នក​ជំនាញ​និយាយ​លើ​បញ្ហា​អ្វី​មួយ​ដែល​អ្នក​កាសែត​សរសេរ។ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​គួរ​ឱ្យ​បារម្ភ​សម្រាប់​អ្នក​សារព័ត៌មាន។ តែ​ប្រសិន​ចេតនា​របស់​រដ្ឋាភិបាល​គ្រាន់​តែ​ចង់​ដឹង ចង់​បាន​ការ​ពន្យល់​បន្ថែម​ក្នុង​ន័យ​ល្អ ជា​រឿង​ល្អ​មួយ​ដែរ។ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ជា​សារ​ព្រមាន​ច្រើន​ជាង»

អនុប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ឯក ថា បដិសេធមិនឆ្លើយសំណួរទាក់ទងនឹងការកោះហៅមន្ត្រីសង្គមស៊ីវិលចូលក្នុងកិច្ចប្រជុំបិទទ្វានេះឡើយ ហើយ​លោក​បង្វែរ​ឱ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ។

វីអូឌី បានព្យាយាមទាក់ទងទៅ លោកផៃ ស៊ីផាន តាមរយៈទូរស័ព្ទ និង​បណ្ដាញ​ទំនាក់​ទំនង​តេឡេក្រាម​ផង​ដែរ ប៉ុន្តែ លោក​ពុំ​បាន​ទទួល​ទូរស័ព្ទ និង​ឆ្លើយ​តប​នោះ​ឡើយ​រហូត​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

លោក ព្រាប កុល គឺ​ជា​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ទី​៣​ហើយ ដែល​ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កោះ​អញ្ចើញ​ឱ្យ​បំភ្លឺ​ បន្ទាប់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​សមាគម​ធាង​ត្នោត ក្រោយ​ពី​ស្ថាប័ន​សង្គម​ស៊ីវិល​ទាំង​ពីរ​នេះ បាន​ចេញ​របាយការណ៍​​រួម​គ្នា​មួយ​ ដែល​និយាយ​អំពី​ការអនុវត្តផ្តល់ប្រាក់កម្ចីគ្មានក្រមសីលធម៌ មានការលក់ដីដោយបង្ខំ ការបាត់បង់លំនៅឋាន ពលកម្មកុមារ ការចំណាកស្រុក ការបញ្ចាំខ្លួនដោះបំណុល និងការចងការប្រាក់ឯកជន។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទៅ​សួរ​នាំ ឬ​ពិភាក្សា​នេះ អាច​ជា​ប្រការ​ល្អ​បើសិន​ជា​ធ្វើ​ឡើង​ក្នុង​ចេតនា​ល្អ តែ​ចំពោះ​ករណី​នេះ លោក​យល់​ថា ករណី​នេះ​វា​ជា​ទម្រង់​ថ្មី​មួយ​ដែល​បង្អាក់ និង​រំខាន​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​សាធារណៈ​ពី​បញ្ហា​សង្គម​នៅ​កម្ពុជា។

លោក ស៊ឹង សែនករុណា៖ «បច្ចុប្បន្ន​នេះ យើង​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ស្រាប់​ផង​ចំពោះ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​រឿង​សង្គម និង​នយោបាយ​រឿង​រសើបៗ​អី​ហ្នឹង។ ដល់​ពេល​មាន​លិខិត​បែប​ហ្នឹង​ទៀត វា​ធ្វើ​ឱ្យ​សតិ​អារម្មណ៍​របស់​យើង​ដែល​ជា​អ្នក​បញ្ចេញ​មតិ​តាម​បណ្ដាញ​ព័ត៌មាន​ហ្នឹង រឹត​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ