ភរិយា​អតីត​មេ​ឃុំ​មក​ពី​បក្ស​ប្រឆាំង​ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​ផ្ដល់​ដំណឹង​ពី​ទីតាំង​ឃុំ​ខ្លួន​ប្ដី​របស់​គាត់

លោក ហ៊ុន សុខគង់ អតីតមេឃុំបូសខ្នុរ ស្រុកចំការលើ (រូបភាពលោកកាលពីនៅជាមេឃុំ) ដែលត្រូវសមត្ថកិច្ចចាប់និងឃុំខ្លួនកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក)

ភរិយាអតីតមេឃុំ​មួយ​រូប​របស់​គណបក្សប្រឆាំង​នៅ​ខេត្ត​កំពង់ចាម ស្នើទៅសមត្ថកិច្ច និងតុលាការឱ្យប្រាប់ពីដំណឹងស្វាមីរបស់ខ្លួន ដោយថា តាំងពីសមត្ថកិច្ចចាប់ខ្លួនមកដល់ថ្ងៃនេះ អ្នកស្រីមិនទាន់ដឹងថា ស្វាមី​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែងណានោះទេ។

លោក ហ៊ុន សុខគង់ អតីតមេឃុំបុសខ្នុរមកពីគណបក្សសង្គ្រោះជាតិ ស្រុកចំការលើ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​នៅ​ឯ​ក្រុង​ប៉ោយប៉ែត និង​បញ្ជូន​ត្រឡប់​ទៅ​ស្នងការខេត្តកំពង់ចាម កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៩។

ភរិយាលោក ហ៊ុន សុខគង់ គឺអ្នកស្រី ខាន់ សុគន្ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកស្រី​នៅ​ពុំ​ទាន់​បាន​ជួប​មុខ​ស្វាមី​អ្នកស្រី​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​លោក ហ៊ុន សុខគង់ ត្រូវ​បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​នោះ។

អ្នកស្រីបន្តថា អ្នកស្រី​បាន​ស្នើ​ទៅស្នងការខេត្ត ដើម្បីសុំជួបស្វាមី​កាល​ពីថ្ងៃសុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ប៉ុន្តែ សមត្ថកិច្ចមិនអនុញ្ញាតឱ្យគាត់ចូលជួបស្វាមីឡើយ។

អ្នកស្រី សុគន្ធា ប្រាប់​ថា រហូតមកដល់ថ្ងៃនេះ គាត់មិនបានដឹងពីមូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនស្វាមី ហើយក៏មិនបានដឹងថា ស្វាមីរបស់គាត់ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ឬ​នៅស្នងការខេត្តនោះទេ។

អ្នកស្រី សុគន្ធា ប្រាប់ថា៖«ខ្ញុំមានការបារម្ភខ្លាំងពីសុខភាព សុវត្ថិភាពគាត់។ ​​​ខ្ញុំសំណូមពរឱ្យខាងអាជ្ញាធរ និងតុលាការបង្ហាញពីការចាប់ខ្លួនរបស់គាត់​ថា គាត់មានទោសអី ខុសអី សូមបង្ហាញឱ្យខ្ញុំដឹង ឱ្យខាងគ្រួសារគេផង។ អីចឹង យកគេឃុំឃាំងដោយអត់ឱ្យគ្រួសារគេដឹងអីចឹង។ វាជារឿងមិនត្រូវទេ ព្រោះបើសិនជា​គាត់មានទោសអី យើងគួររប្រាប់គ្រួសារគេឱ្យដឹង មិនមែនបិទសិទ្ធិ មិនឱ្យប្រពន្ធកូនគេដឹង ជួប ដឹងពីសុខភាព សុខទុក្ខ សុវត្ថិភាពគាត់ម៉េចៗ គាត់អត់មានប្រាប់ផងហ្នឹង»

ស្នងការខេត្តកំពង់ចាម លោក ឯម កុសល បាន​បដិសេធ​ផ្ដល់​ព័ត៌មាន ដោយ​ប្រាប់​ថា លោក​កំពុង​ស្ថិត​នៅ​ក្នុង​កម្មវិធី​បំពាក់​សក្តិ​ដល់​មន្ត្រី។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ជុំ ណារ៉ាន់ និងព្រះរាជអាជ្ញា លោក ហួត វុទ្ធី បានទេ ដោយ​ទូរសព្ទចូលគ្មានអ្នក​ទទួល។

មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស អ្នកស្រី ធីម ណារីន បាន​ឱ្យ​ដឹងថា អតីតមេឃុំបុសខ្នុរ លោក ហ៊ុន សុខគង់ ត្រូវបានសមត្ថកិច្ចបញ្ជូនឃុំខ្លួននៅពន្ធនាគារខេត្តត្បួងឃ្មុំ តាំងពីថ្ងៃទី៧ ខែកញ្ញា ក្រោមបទចោទប្រកាន់ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជា​អាទិ៍ និងបទសមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

អ្នកស្រីចាត់ទុកការសម្រេចចោទប្រកាន់ និងការបញ្ជូន​លោក ហ៊ុន សុខគង់ ទៅឃុំខ្លួននៅពន្ធនាគារ ដោយមិនប្រាប់ក្រុមគ្រួសារនេះថា ជាការរំលោភសិទ្ធិបុគ្គល។

អ្នកស្រី ធីម ណារីន មាន​ប្រសាសន៍ថា៖ «គ្រប់ករណីទាំងអស់ ភាគីជាប់ចោទគាត់មានសិទ្ធិនៅក្នុងការផ្ដល់ព័ត៌មានទៅតំណាងរបស់ខ្លួន ទៅមេធាវីរបស់ខ្លួន និងទៅសាច់ញាតិរបស់ខ្លួនបាន ប៉ុន្តែ ដោយឡែកបើតាមសាច់ញាតិរបស់ជនជាប់ចោទ ឃើញថា មក​ដល់​ពេល​នេះ [មិន​បាន​ដឹង​ថា] ​ប្ដីរបស់គាត់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារណាមួយទេ។ អីចឹង នេះជាហេតុផលមួយ ដែលខ្ញុំគិតថា ការលាក់បាំងអំពីការបញ្ជូន​ទៅទីកន្លែងណា ឬក៏ឃុំខ្លួននៅណានេះ វាមិនទាន់មានសុក្រឹត្យភាពនៅឡើយទេ»

តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក ហាក់ ហ៊ាន់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានចេញដីកា ៣ផ្សេងគ្នា​កោះហៅអតីតមេឃុំបុសខ្នុរ លោក ហ៊ុន សុខគង់ អតីតក្រុមប្រឹក្សាខេត្តកំពង់ចាម លោក គង់ ស៊ីវង្ស និង​អតីតសមាជិកយុវជនគណបក្សប្រឆាំង លោក រិន រដ្ឋ ឱ្យ​ចូល​បំភ្លឺ។

ក្រោយពេលតុលាការចេញដីកាកោះហៅនេះ លោក គង់ ស៊ីវង្ស និង​លោក រិនរដ្ឋ បានគេចខ្លួនទៅក្រៅប្រទេស ចំណែកលោក ហ៊ុន សុខគង់ ត្រូវចាប់ខ្លួន​មិនថ្ងៃកំណត់ចូលបំភ្លឺ។​

បើតាមអតីតសមាជិកយុវជនគណបក្សប្រឆាំង លោក រិន រដ្ឋ ថ្លែងវីអូឌីតាមប្រព័ន្ធអេឡិចត្រូនិចថា តុលាការចេញដីកាកោះហៅពួកគាត់ទាំង ៣នាក់នេះ ធ្វើឡើងបន្ទាប់ពីជួបអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងខែកញ្ញានេះ មានអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤​នាក់ ហើយ ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន​ ក្នុងនោះ​មាននៅខេត្តកំពង់ធំចំនួន ៣​នាក់។

អ្នកទាំង ៣នាក់ ត្រូវតុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន​កាលពីថ្ងៃទី២ និង៣ ខែកញ្ញា​កន្លងទៅ ពាក់ព័ន្ធនឹងអ្វី​ដែល​អាជ្ញាធរ​ចោទ​ថា បាន​បង្ហោះសារ និងចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរីដោយគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ