ក្រសួង​អប់រំ​ប្រកាស​ថា បេក្ខជន​ជិត ៧០​ភាគរយ​ប្រឡង​ជាប់​បាក់ឌុប​ឆ្នាំ​នេះ

បេក្ខជនប្រឡងបាក់ឌុប កំពុងពិនិត្យលទ្ធផល ដែលបានប្រកាសក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ (រូបភាព៖ ហ៊ី ឆាយ)

បេក្ខជន​ប្រឡង​​​ដល់​ទៅ​ជិត ៧០​ភាគរយ ត្រូវ​បាន​ប្រកាស​ថា ​បាន​ប្រឡង​ជាប់​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប​​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ក្រសួង​អប់រំ បាន​បង្ហាញ​ថា បេក្ខជន​ជិត ៨​ម៉ឺន​នាក់ (៧៩,០៥២​នាក់) បាន​ប្រឡង​ជាប់​នៅ​ក្នុង​សម័យ​ប្រឡង​ថ្នាក់​ជាតិ​ឆ្នាំ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ដដែល​នេះ បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​នេះ មាន​ចំនួន​ស្មើ​នឹង ៦៨.៦២​ភាគរយ ដោយ​បាន​កើន​តែ​ជាង ១.៥​​ភាគរយ​ប៉ុណ្ណោះ បើធៀប​ទៅចំនួន​បេក្ខជន​ប្រឡង​ជាប់ ៦៧.០៧​ភាគរយ​កាល​ពី​ឆ្នាំ​មុន។

ក្រសួង​អប់រំ បាន​ប្រកាស​ឱ្យ​ដឹង​ទៀត​ថា បេក្ខជន​បាន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ប្រឡង​ជាប់​និទ្ទេស B មាន​ចំនួន​ ២,៤៣០​នាក់ ប្រឡង​ជាប់​​និង​និទ្ទេស C មាន​ចំនួន ៥,៨៤៧​នាក់។ ក្រៅ​ពី​និទ្ទេស​ទាំង ៤​ប្រភេទ​នេះ បេក្ខជន​ដល់​ទៅ ១៤,១០០​នាក់ បាន​ប្រឡង​ជាប់​និទ្ទេស D ហើយ​បេក្ខជន​ភាគ​ច្រើន​លើស​លប់​ដល់​ទៅ ៥៦,២៣២​នាក់ បាន​ប្រឡង​ជាប់​និទ្ទេស E។

ក្រសួង​បាន​លម្អិត​បន្ថែម​ថា បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​នៅ​តាម​បណ្ដា​រាជ​ធានី​-ខេត្ត​ចំនួន ២១ ក្នុង​ចំណោម​ ២៥​រាជ​ធានី-ខេត្ត ក្នុង​នោះ​នាំ​មុខ​ដោយ​រាជ​ធានី​ភ្នំពេញ ដែល​មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A ដល់​ទៅ ១៤១​នាក់។

បន្ទាប់​មក​ ​ខេត្ត​សៀមរាប បាត់ដំបង តាកែវ កំពង់ចាម ព្រៃវែង បន្ទាយមានជ័យ កណ្ដាល និង​កំពត មាន​ចំនួន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ A ចន្លោះ​ពី ២០ ទៅ​ក្រោម ៤០​នាក់ ខណៈ​បណ្ដា​ខេត្ត​ចំនួន ១២​ទៀត មាន​​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A នៅ​ក្រោម​ចំនួន ២០​នាក់​ប៉ុណ្ណោះ។

ត្បិតការប្រកាសលទ្ធផល​ប្រឡង​បាក់ឌុប ត្រូវ​បាន​ប្រកាស​នៅ​តាម​មណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃ​នេះ​ក្ដី ប៉ុន្តែ ខាងក្រសួងពុំទាន់បាន​ប្រកាសអំពីនីតិវិធីនៃការដាក់ពាក្យតវ៉ា សម្រាប់បេក្ខជនរូបណាដែលចង់តវ៉ាចំពោះលទ្ធផលនៃការប្រឡងរបស់ខ្លួនឡើយ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បាន​បញ្ជាក់​ថា ក្រសួងមានជំនឿចិត្តលើប្រសិទ្ធភាព​នៃ​លទ្ធផល​ប្រឡង​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ក្រសួង​បាន​​ពង្រឹងក្រុមការងារបច្ចេកទេសទទួលខុសត្រូវក្នុងការកែវិញ្ញាសាររបស់សិស្ស​នៅ​ឆ្នាំ​នេះ និង​បន្ថែមការប្រុងប្រយ័ត្នលើការបូក និងបញ្ចូលពិន្ទុសិស្សក្នុងប្រព័ន្ធកុំព្យូទ័របន្ថែមទៀត។

លោក រស់ សុវាចា មាន​ប្រសាសន៍ថា៖ «ក្រសួងមកដល់ពេលនេះ គឺមិនទាន់មានគោលការណ៍ចំហរដើម្បីឱ្យបេក្ខជនមានការលើកឡើងទាក់ទងនឹងការកង្វល់ផ្សេងៗដូចឆ្នាំមុននោះទេ។ មូលហេតុដោយសារក្រសួងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងក៏ដូចជាការសិក្សាពីមេរៀនពិសោធន៍​ឆ្នាំកន្លងមក បានធានាឱ្យមានសុក្រិតភាព ប្រសិទ្ធភាពនៅក្នុងដំណាក់កាលទាំងអស់នៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាសិសេសទៅលើដំណាក់កាលចុងក្រោយ គឺការងារកំណែ និងការងារស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀតផ្ទាត់ពិន្ទុ»

ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយយ៉ាវី បាន​ជំរុញ​ទៅ​ក្រសួង​ឱ្យ​បង្ហាញ​ពី​របៀប​ដោះ​ស្រាយ​បញ្ហា​ប្រកប​ដោយ​ប្រសិទ្ធភាព មុនរឿងកើតឡើង អាចឈានរហូតមានមនុស្សសម្លាប់ខ្លួន រួចទើបរកវិធីទប់ទល់តាមក្រោយ។

អ្នកស្រី អ៊ុក ឆាយយ៉ាវី បានប្រាប់ថា៖ «ក្រសួងត្រូវតែមានអំណៈអំណាងមួយ មុនអ្វីដែលកើតឡើងចាស ព្រោះការដែលកើតឡើងហើយ ហើយបន្ទោសលើបច្ចេកទេសនេះ ឬបច្ចេកទេសនោះ បានន័យថា អត់ហ៊ានទទួលខុសត្រូវនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន»

ក្រសួង​អប់រំ​បាន​ប្រកាស​ឱ្យ​ដឹង​ថា បេក្ខជន​ជិត ១២​ម៉ឺន​នាក់ (១១៧,០៤៣​នាក់) បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប​​រយៈ​ពេល ២​ថ្ងៃចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ