កម្ពុជា​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ជាង​១០០​នាក់​ទៀត​សង្ស័យ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីធឺណិត

ជនជាតិចិនជាង១រយនាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតអាគារពាណិជ្ជកម្ម SUNTOWN នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសង្ស័យថាពាក់ព័ន្ធករណីជំរិតតាមប្រព័ន្ធអ៊ីនធឺណេត (រូបភាព៖ គេហទំព័រ​អគ្គស្នងការនរគបាលជាតិ)

​ជនជាតិចិនជា១០០នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​សង្ស័យ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ចាប់​ជំរិត​មនុស្ស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (VOIP)។ នេះ​បើតាម​គេហ​ទំព័រ​នគរបាល​ជាតិ។

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បាន​រាយការណ៍​ថា ជន​ជាតិ​ចិន ១០៥​នាក់ ត្រូវ​បាន​នគរបាល​អន្តោ​ប្រវេសន៍​កម្ពុជា ចាប់​ខ្លួន​​នៅ​ក្នុង​អគារ​ពាណិជ្ជកម្ម SUN TOWN ស្ថិត​នៅ​ក្នុង​សង្កាត់​អូរបែកក្អម ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ។

នាយក​ការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី ទទួល​បន្ទុក​ការងារ​អន្តោ​ប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ លោក ជា ចិត្រា ត្រូវ​បាន​ដក​ស្រង់​សម្ដី ដែល​បាន​ប្រាប់​ថា ជនជាតិចិនទាំងនោះ បាន​ស្នាក់នៅដោយ​ខុសច្បាប់ ហើយ​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត (VOIP)ផងដែរ។

​​អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក អាត់ បូនី មានប្រសាសន៍ថា ជនជាតិចិនទាំងនោះ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃតាំងពីថ្ងៃម្សិលមិញ ក្រោយឃាត់ខ្លួនរួច។

លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើង​ស្ថិតក្នុងការសង្ស័យនៅឡើយ ដោយមិនទាន់ដឹងប្រាកដថា ជារឿងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ លោកបញ្ជាក់ថា មន្ត្រីជំនាញកំពុងបន្តនីតិវិធីករណីនេះ។

លោក អាត់ បូនី ប្រាប់ថា៖ «ហ្នឹងហើយ ឥឡូវហ្នឹង ជនជាតិចិនទាំងអស់ហ្នឹង គេបានបញ្ជូនទៅកន្លែងអន្តោប្រវេសន៍ ប៉ុន្តែ ពួកគេទាំងអស់ហ្នឹង គ្រាន់តែសង្ស័យទេ មិនមែនថា អ្នកទាំងអស់ហ្នឹងសុទ្ធតែប្រព្រឹត្តិ VOIP ហ្នឹងទេណា។ អីចឹង ដើម្បីសាកសួរ ដើម្បីធ្វើឯកសារឡើងវិញទាំងអស់។ ដូច្នេះ នីតិវិធីកំពុងដំណើរការ»

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា វត្ថុតាងដកហូតហូតរួមមាន ទូរស័ព្ទដៃចំនួន ១៩១គ្រឿង។ កុំព្យូទ័រយួរដៃ(laptop)ចំនួន ០៤គ្រឿង ឧបករណ៍​អាយភេត(Ipaid)០២គ្រឿង កាមេរ៉ាចំនួន ០២គ្រឿង លិខិតឆ្លងដែនចំនួន ៤៧ក្បាល, រថយន្ត ០១គ្រឿង។ លើសពីនេះ មាន ​MONITER ចំនួន ៩៥គ្រឿង និងCASE ចំនួន ៨០គ្រឿង​។

កាលពីថ្ងៃទី ១៤ សីហា សមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចចិនចាប់ខ្លួនជនជាតិចិនជាង ១២៧នាក់ ដែលជាប់ពាក់ព័ន្ធករណីចាប់ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត(VOIP)។ ក្រោយកសាងសំណុំរឿងចប់ សមត្ថកិច្ចកម្ពុជា សម្រេចបណ្តេញពួកគេទាំងនោះចេញពីកម្ពុជាទៅកាន់ប្រទេសដើមវិញ។

ទោះជាយ៉ាងណា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ​មិនទាន់បង្ហាញតួលេខ​បូកសរុបការចាប់​បញ្ជូន​​​​ជន​ជាតិចិនចេញពីកម្ពុជាក្នុងឆមាសទី១ឆ្នាំ២០១៩នេះនៅឡើយទេ។

ចាប់តាំងពីឆ្នាំ ២០១៤ ដល់ខែមករា ឆ្នាំ២០១៩ ជនបរទេស ១៤,៩០៩​នាក់មកពី ៩៣​ប្រទេសផ្សេងៗគ្នា ត្រូវបានសមត្ថកិច្ច​កម្ពូជា​ចាប់​បញ្ចូន​ចេញពីប្រទេសកម្ពុជា ក្នុងចំណោមនោះ ជនជាតិចិន​មាន​ចំនួន​ដល់​ទៅ ១,៦៤៩នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​បទប្រព្រឹត្តិបទល្មើស​​ឧក្រិដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ