សង្គម​ស៊ីវិល​បី ​​បដិសេធ​​ចូល​រួម​​ប្រជុំ​​តាម​​ការ​អញ្ជើញ​របស់​​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ត្រូវបានរបួសមុខនៅថ្ងៃនេះ

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ បាន​សម្រេច​មិន​ទៅ​ចូលរួម​ប្រជុំ​​បិទ​ទ្វារ​តាម​ការ​អញ្ចើញ​ពី​សំណាក់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នោះ​ឡើយ ដោយ​ថា បាន​ឆ្លើយ​តប​តាម​ការ​អញ្ចើញ​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ម្ដង​រួចម​ក​ហើយ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និងសមាគម​ធាង​ត្នោត ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កោះ​អញ្ចើញ​ជា​ថ្មី​ម្ដង​ទៀត ឱ្យ​ទៅ​ចូលរួម​ប្រជុំ​ចង្អៀត ឬ​ប្រជុំ​បិទ​ទ្វារ​មួយ​នៅ​ថ្ងៃ​ស្អែក​នេះ បន្ទាប់​ពីគេ​បាន​ចេញ​របាយការណ៍​និយាយ​អំពី​អន្ទាក់​បំណុល។

ចំណែក​ឯ​​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ចេញ​លិខិត​​អញ្ចើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​នៅ​ថ្ងៃ​ស្អែក​នេះ​ផងដែរ បន្ទាប់​ពី​នាយក​ប្រតិបត្តិ លោក ព្រាប កុល បាន​ផ្ដល់​សម្ភាស​​នៅ​លើ​ទស្សនាវដ្ដី Southeast Asia Globe កាល​ពី​ខែ​សីហា​កន្លង​មក។

ទាក់ទងនឹងការអញ្ជើញលើកទីពីរ​នេះ នាយករងនៃអង្គការលីកាដូ លោក អំ​ សំអាត បាន​ឱ្យ​ដឹង​ថា លោក​នឹង​មិន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​​នៅ​ឯ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត​នោះ​ឡើយ​នៅ​ថ្ងៃ​ស្អែក​នេះ ដោយ​លោក​ថា គណៈ​គ្រប់​គ្រង​អង្គការ​របស់​លោក បាន​សម្រេច​តម្កល់​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​លើក​ទី​១ រវាង​មន្ត្រី​តំណាង​អង្គការ​លីកាដូ និង​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល។

លោក អំ សំអាត ប្រាប់ថា៖ «ការអញ្ជើញហ្នឹងល្អសម្រាប់កិច្ចសហប្រតិបត្តិការ ក៏ប៉ុន្តែ បើការអញ្ជើញនោះផ្តោតទៅលើការចេញរបាយការណ៍ និងការផ្តល់ព័ត៌មានទៅអ្នកសារព័ត៌មាន យើងបារម្ភក្នុងនាមសង្គមស៊ីវិលហ្នឹង បារម្ភខ្លាចសារធារណៈជន និងសារធារណៈ​មតិ​ជាតិហ្នឹង គេយល់ឃើញផ្លូវផ្សេងទៅវិញ»

លោក សឿង សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោត​ ដែល​បាន​ចេញ​របាយការណ៍​រួម​គ្នា​ជាមួយ​អង្គការ​លីកាដូ​នោះ​ ក៏​បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​បិទ​ទ្វារ​ទៅតាម​ការ​អញ្ចើញ​ពី​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ផង​ដែរ ដោយ​លោក​ថា ផ្អែក​លើ​ហេតុផល​តែ​មួយ​ដូច​លីកាដូដែរ។

លោក សឿង សារ៉ន បានពន្យល់បន្ថែមថា៖ «ក្នុងសង្គមប្រជាធិបតេយ្យ តាមពិតដូចដៃគូរបស់យើងបានប្រាប់ហើយ សង្គមប្រជាធិបតេយ្យ សិទ្ធសេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាសម្តេចក្រឡាហោម លោកបានលើកឡើងអីចឹង ស្វាគមន៍នូវការបញ្ចេញមតិគ្រប់ជ្រុងជ្រោយ​ពីគ្រប់ភាគីទាំងអស់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។ អីចឹង ខ្ញុំគិតថា វាជាសិទ្ធសេរីភាពមួយនៃការបញ្ចេញមតិរបស់យើង គ្រប់ភាគីពាក់ពន្ធទាំងអស់»

ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​បញ្ជាក់​តាម​ប្រាប់​វីអូឌី​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​ថា លោក​នឹង​មិន​អាច​ចូលរួម​កិច្ច​ប្រជុំ​នេះ​បាន​ឡើយ ដោយសារ​លោក​ស្ថិត​ក្នុង​ដំណើរ​បេសកកម្ម​នៅ​តំបន់​អឺរ៉ុប។

លោក ព្រាប កុល បានរៀប​រាប់​លើ​បណ្តាញទំនាក់ទំនងសង្គម​​ថា​៖ «ការិយាល័យ​អង្គការតម្លាភាពនៅកម្ពុជា បានទទួលលិខិតរបស់អ្នកនាំពាក្យរដ្ឋាភិបាលរួចហើយ។ យើងខ្ញុំសូមថ្លែអំណរគុណចំពោះការអញ្ជើញនេះ។ ដោយហេតុថា ខ្ញុំកំពុងជាប់រវល់បំពេញបេសកម្មអន្តរជាតិនៅទ្វីបអឺរ៉ុប ខ្ញុំមិនអាចចូលរួមប្រជុំតាមកាលវិភាគនៃការអញ្ជើញនេះបានទេ»

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ប្រាប់​ថា លោកសោកស្តាយដែលស្ថាប័នសង្គមស៊ី​វិលបដិសេធការចូលរួមកិច្ចពិភាក្សានេះ ប៉ុន្តែ លោក​បញ្ជាក់​ថា ស្ថាប័ន​របស់​លោក​នឹង​បន្ត​បញ្ជូន​លិខិត​អញ្ចើញ​ជា​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា៖ «អាហ្នឹងគឺបង្ហាញអំពីកិច្ចមិនសហប្រតិបត្តិការណ៍ក្នុងភាពជាដៃគូ។ អាហ្នឹងយើងច្បាស់ណាស់ ទីមួយគាត់ យើងមិនចង់និយាយថា រហូតគ្រាន់តែជាអង្គការដែលរៀបចំបម្រើនយោបាយ​បរទេសក្នុងការបំផ្លាញមុខមាត់ រឺការបំផ្លាញការខិតខំ រឺការបំផ្លាញភាព​សុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ