រដ្ឋាភិបាលឆ្លើយតបទៅអាមេរិកថា លោក កឹម សុខា រស់នៅក្នុងផ្ទះយ៉ាងសុខស្រួល

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០ កញ្ញា ២០១៩ ​ឆ្លើយតបទៅអាមេរិកថាលោក កឹម សុខា រស់នៅក្នុងផ្ទះយ៉ាងសុខស្រួល

រដ្ឋាភិបាលក​ម្ពុជា ឆ្លើយតបប្រាប់សហរដ្ឋអាមេរិកថា លោកកឹម សុខា ពេលនេះត្រូវបានដោះលែងពីការឃុំឃាំងនៅពន្ធនាគារហើយកំពុងរស់នៅក្នុងផ្ទះយ៉ាងសុខស្រួល​ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។​

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ​ម័រហ្គេន អ័រតាហ្គឹស (Morgan Ortagus) តាមរយៈវីដេអូរឃ្លីប កាលពីថ្ងៃអង្គារម្សិលមិញ ជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យផ្សះផ្សាជាតិឡើងវិញ ទម្លាក់បទចោទលោក កឹម សុខាឲ្យគណបក្សប្រឆាំង ដំណើរឡើងវិញ ដើម្បីពង្រឹងយន្តការប្រជាធិបតេយ្យនៅកម្ពុជា។

មន្ត្រីអ្នកនាំពាក្យអាមេរិករូបនេះចាត់ទុក«ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្រ្គោះជាតិ ការដកហូតដំណែងសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត ជាង៥ពាន់ របស់បក្សប្រឆាំង ជាទង្វើបំផ្លាញលទ្ធិប្រជាធិបតេយ្យ​សរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា»។

ជាប្រតិកម្មឆ្លើយតប ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១០កញ្ញាលើកឡើងថា «ចាប់តាំងពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះជាមួយគ្រួសារយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ» ។

រដ្ឋាភិបាលបានរំឭកថា ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឲ្យមានការផ្លាស់ប្តួររបប តាមរយៈមធ្យោបានមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនោះទេ។

រដ្ឋាភិបាល អះអាងថា កម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណាដែលរំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀតដំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន។

លោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់ កាលពីថ្ងៃទី៣កញ្ញាឆ្នាំ២០១៧ ចោទថា ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល របស់លោក ហ៊ុន សែន ខណៈលោកកំពុងស​ម្រា​ក​នៅក្នុងផ្ទះស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វិវាទនយោបាយនេះ តុលាការកំពូល កាលពីថ្ងៃទី១៦ខែវិច្ឆិកា បានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់ និងហាមមន្ត្រី១១៨រូប មិនឲ្យធ្វើនយោបាយ៥ឆ្នាំទៀតផង។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ ចាត់ទុកការលើកឡើងរបស់សហរដ្ឋអាមេរិកថាជារឿងត្រឹមត្រូវ ដោយថា អាមេរិកមានកាតព្វកិច្ចឃ្លាំមើលដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តបតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលអាមេរិកជាប្រទេសហត្ថលេខី។

លោកស្រី មូរ សុខហួរ អះអាងថា ចំណាត់ការចាប់ឃុំខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ ជារឿងអយុត្តិធម៌ ដែលសហគមន៍ជាតិ និងអន្តរជាតិមិនអាចទទួលយកបាន។

លោកស្រីថា៖«រដ្ឋាភិបាលលោក ហ៊ុន សែន យើងមិនឆ្ងល់ទេ នូវការបដិសេធនៅគ្រប់របាយការណ៍ និងសេចក្តីថ្លែងការណ៍ទាំងឡាយដែលទិតៀននូវប្រព័ន្ធតុលាការដែលជាឧបករណ៍របស់លោក ហ៊ុន​ សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដើម្បីរំលោភសិទ្ធិមនុស្សពិសេសការរំលាយគណបក្សសង្គ្រោះជាតិ។យើងនៅតែទាមទារឲ្យដោះលែងលោកប្រធាន កឹម សុខា ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ»។

អ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ និយាយថា ២ឆ្នាំចុងក្រោយនេះ កម្តៅការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា ហាក់បានកើនឡើងជាបន្តបន្ទាប់ ក្រោយពីចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង និងរំលាយគណបក្សជំទាស់រួចមក ។

អ្នកវិភាគវ័យក្មេងរូបនេះ វិភាគថា គ្មានផលចំណេញដល់កម្ពុជាទេ បើរដ្ឋាភិបាល មិនវិលទៅរកតុចរចាជាមួយអតីតបក្សប្រឆាំង ដើម្បីបើកច្រកឲ្យមានការផ្សះផ្សាជាតិឡើងវិញទេនោះ។

កញ្ញាលិ ស្រីស្រស់ថា៖«ការឆ្លើយតបណាមួយទៅកាន់សហរដ្ឋអាមេរិក ដែល អាចជះផល​ ​ដល់ការខាតប្រយោជន៍ជាតិ ខ្ញុំគិតថា យើងគួរតែបន្ទន់ឥរិយាបទ ដើម្បីកុំឲ្យបញ្ហាហ្នឹងវាមានភាពកាន់តែលំបា​​កឡើង ។ ព្រោះយើងបានដឹងហើយថា សហរដ្ឋអាមេរិក គេក៏បានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSP ហើយសហរដ្ឋអា​​​មេរិ​​កក៏មានឥទ្ធពលខ្លាំងទៅលើការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែរ អាហ្នឹងគឺជម្រើសមួយដ៏សំខាន់»។

សហភាពអឺរ៉ុបបានប្រើប្រព័ន្ធអនុគ្រោះពន្ធEBA ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យឡើងវិញ ដែលវិធានការនេះសមាគ​មរោងចក្រកាត់ដេរកម្ពុជាGMAC ចេញរបាយការណ៍បង្ហាញការព្រួយបារម្ភថា នឹងប៉ះពាល់ដល់កម្មករ៧៥ម៉ឺនាក់ និងពលរដ្ឋខ្មែ៣លានគ្រួសារផ្សេងទៀត។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុងរបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាកិច្ចប្រជុំលើកទី៤២ឆ្នាំនេះថា រយៈពេល១ឆ្នាំចាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨មកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពោពេញទៅដោយការរឹតត្បិត។

តាមរយៈរបាយការណ៍ដដែល លោកស្រី រ៉ូណា ស្មីត  អំពាវនាវទៅរដ្ឋាភិបាលឲ្យទម្លាក់ចោលបទចោទ លោក កឹម សុខា និងបង្កើតលម្ហសម្រាប់សន្ទនានយោបាយ រវាងរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំង។

ទោះជាយ៉ាងណា តាមសេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនទាមទារឲ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជា​ប់​ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋាននៃទំ​នាក់ទំនងអន្តរជាតិ ជៀសវាងការជ្រៀតជ្រែត​ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្រោមលេសបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជា​ធិបតេយ្យ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ