មនុស្ស១០នាក់ស្លាប់និងជិត៨ម៉ឺនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់

ពលរដ្ឋម្នាក់សម្រាកនៅលើផ្ទះដែលទឹកជន់លិច ខណៈទឹកលិចលំនៅឋានពលរដ្ឋ ជាង៦ពាន់គ្រួសារស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង (រូបថតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ថតដោយសាលាខេត្តស្ទឹងត្រែង)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា ការហក់ឡើងទឹកជំនន់ ទន្លេមេគង្គបានបណ្ដាលឱ្យមនុស្សចំនួន១០នាក់ស្លាប់និងប៉ះពាល់ដល់ពលរដ្ឋជិត៨ម៉ឺនគ្រួសារ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី ប្រាប់វីអូឌីនៅថ្ងៃនេះថា គិតត្រឹមថ្ងៃ​ទី១១ ខែកញ្ញានេះ  ខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ចំនួន ៥ ក្នុងនោះមាន ខេត្តស្ទឹងត្រែង ក្រចេះ ខេត្តត្បូងឃ្មុំ កំពងចាម និងខេត្តព្រៃវែង។

លោកបន្តថា ក្នុងចំណោម ៥ ខេត្តនេះគឺ មានខេត្តស្ទឹងត្រែង ក្រចេះ ខេត្តត្បូងឃ្មុំ កំពង់ចាម​  ត្រូវទឹកជន់លិចខ្លាំង ដែលប៉ះពាល់ដល់ពលរដ្ឋ ៧៥៦៣៦ គ្រួសារ ក្នុងនោះ ពលរដ្ឋចំនួន៩៧០៤ គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។ លោកឱ្យដឹងទៀតថា មនុស្ស ១០ នាក់បានស្លាប់ ដោយសារ ជំនន់ទឹកទន្លេមេគង្គ។

 ​កែវ វី បន្តថា  ទឹកជំនន់ទន្លេមេគង្គបានជន់លិចដល់ សាលារៀនចំនួន ១១៤ កន្លែង  វត្តអារាម ១៣៥ មណ្ឌលសុខភាព  និងដំណាំស្រូវចំនួន ១៥៨៥៥ ហិកតា និងបានជម្លៀសសត្វពាហនៈចំនួន ២៦៤៥៣ ក្បាល​។

ទាក់ទិននឹងជំនន់ទន្លេមេគង្គនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩  បានចេញសេចក្តីណែនាំមួយ ដោយឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចនឹងកើនឡើងជាថ្មី ក្នុងពេលដ៏ខ្លីខាងមុខ ដោយថា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាកនិងការប៉ះពាល់ទ្រព្យសម្បត្តិអាយុជីវិតរបស់ប្រជាពលរដ្ឋ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ