ក្រសួងបរិស្ថានណែនាំទៅមន្រ្តីយាមកាមតាមតំបន់ការពារធម្មជាតិគ្រប់គ្រងអាវុធឲ្យបានត្រឹមត្រូវ

អគារក្រសួងបរិស្ថានថ្មី​ (រូបថតពីហ្វេសប៊ុក​)

ក្រសួងបរិស្ថានបានណែនាំដល់មន្រ្តីដែលយាមកាមតាមតំបន់ការពារធម្មជាតិនានាត្រូវគ្រប់គ្រង និងប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់អាវុធជាតិផ្ទុះឲ្យមានប្រសិទ្ធិភាព។

ក្នុងសេចក្តីណែនាំចុះថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩ ក្រសួងបរិស្ថានបានដាក់ចេញបទបញ្ជាចំនួន១១ចំណុចឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនអនុវត្តឲ្យមានប្រសិទ្ធិភាព ដោយថា ការប្រើប្រាស់អាវុធពេលចុះបំពេញបេសកកម្មល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវមានលិខិតបញ្ជាបេសកកម្ម និងប័ណ្ណសម្គាល់អាវុធឲ្យបានត្រឹមត្រូវ ហើយហាមដាច់ខាតការបាញ់ ដោយលើកលែងតែក្នុងករណីពិសេស​ ដែលត្រូវការពារខ្លួនពេលជួបគ្រោះថ្នាក់ចំពោះមុខតែប៉ុណ្ណោះ។

ក្នុងសេចក្តីណែនាំដដែល ក្រសួងបរិស្ថាន បានហាមដាច់ខាតរាល់ការលក់ដូរ ការផ្ទេរ ឬឲ្យបុគ្គលផ្សេងខ្ចីអាវុធ និង ប្រធានមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ ត្រូវស្នើគ្រូបង្វឹកជាយោធាមកបណ្តុះបណ្តាលដល់មន្រ្តីអំពីការប្រើប្រាស់ ការថែទាំ ការគ្រប់គ្រង និងលក្ខខណ្ឌផ្សេងៗទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់វីអូឌីបន្ថែមលើសេចក្តីណែនាំថា នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្រ្តីដែលឈរជើងតាមតំបន់ការពារធម្មជាតិទាំងអស់ប្រើប្រាស់អាវុធប្រភេទ CKC សម្រាប់ចុះល្បាត ឬបង្ក្រាបបទល្មើសនៅតាមតំបន់ការពាររបស់ខ្លួន។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ដើម្បីគោរពតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងចូលរួមការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យមានប្រសិទ្ធភាព ក្រសួងបានចេញសេចក្តីណែនាំដល់មន្រ្តីក្រោមឱវាទគ្រប់គ្រង និងប្រើប្រាស់អាវុធទាំងនោះឲ្យបានត្រឹមត្រូវ។

លោកបន្ថែមថា«ដើម្បីឲ្យអ្នកដែលកាន់អាវុធនេះគាត់មានការប្រុងប្រយ័ត្ន និងការយល់ដឹងជារួមអំពីការប្រើប្រាស់អាវុធ។ អីចឹងហើយបានជាក្រសួងបរិស្ថានចេញសេចក្តីណែនាំនេះ ដើម្បីឲ្យមន្រ្តីដែលទទួលបានអាវុធសម្រាប់ការប្រើប្រាស់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនេះបានយល់ដឹង និងអនុវត្តបានខ្ជាប់ខ្ជួន។ ប៉ុន្តែការប្រើប្រាស់នេះ បានតែពេលចុះល្បាតទេ និងពេលដែលយើងប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួន។ ក្រៅពីនោះត្រូវគោរពតាមបទបញ្ជា និងច្បាប់ដែលមាន»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ បានសាទរចំពោះសេចក្តីណែនាំរបស់ក្រសួងបរិស្ថាននេះ ដោយថា វាជាការល្អមួយដែលមន្រ្តីបរិស្ថានមានអាវុធសម្រាប់ចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ហើយពួកគេចេះគ្រប់គ្រង និងប្រើប្រាស់អាវុធបានត្រឹមត្រូវ ដើម្បីជៀសវាងកើតមានបញ្ហាផ្សេងៗទៀតនោះ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា កន្លងមកមន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនត្រូវបានជនល្មើសព្រៃឈើបាញ់សម្លាប់ ​ខណៈចុះល្បាត ឬទប់ស្តាត់បទល្មើសព្រៃឈើ។

លោកបន្ថែមថា«នេះជាជំហ៊ានថ្មីមួយហើយសម្រាប់ការផ្តល់នូវសិទ្ធិអំណាច នៃការប្រើប្រាស់អាវុធដល់មន្រ្តីនគរបាលយុត្តិធម៌ជំនាញបរិស្ថានហ្នឹង។ ហើយយើងគិតថា ការចេញសេចក្តីណែនាំរបស់ក្រសួងបរិស្ថាននេះ វាជាចំណែកមួយរំឭកដល់មន្រ្តីឬក៏នគរបាលយុត្តិធម៌ដែលត្រូវប្រើប្រាស់អាវុធហ្នឹង ។ ហើយយើងក៏មានការព្រួយបារម្ភដែរ ប្រសិនជាការប្រើប្រាស់អាវុធហ្នឹងគ្រប់គ្រងមិនបានត្រឹម ព្រោះវាជារឿងគ្រោះថ្នាក់ណាស់។ យើងសង្ឃឹមថា ជំនាញបរិស្ថាននេះនឹងប្រើប្រាស់អាវុធនេះបានត្រឹមត្រូវ»

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា  បច្ចុប្បន្ននេះ ក្រសួងបរិស្ថានកំពុងតែគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៦២កន្លែងមានទំហំប្រមាណ ៧ ២៤៩ ០២៤ ហិកតា ដោយមានមន្រ្តីសរុម ១២២០នាក់ កំពុងឈរជើងការពារតំបន់ទាំងនោះ។

កាលពីខែមករា ឆ្នាំ២០១៩នេះ មនុស្ស៣នាក់ មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានលោក តើន សុខណៃ និង បុគ្គលិករបស់អង្គការ WCS លោក ថុល ខ្នា ត្រូវបានជនល្មើសបាញ់សម្លាប់ ខណៈពេលចុះល្បាតព្រៃឈើក្នុងតំបន់ដែនជំរកសត្វព្រៃកែវសីមា នៅស្រុកអូរាំង ខេត្តខេត្តមណ្ឌលគិរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ