លោក អាបេ ​នៅ​រក្សា​ទុក​បុគ្គល​សំខាន់ៗ​ក្នុង​ក្បាល​​ម៉ាស៊ីន​ដឹកនាំ​ក្រោយ​​រុះរើ​គណៈរដ្ឋមន្ត្រី​

រាប់ពីឆ្វេងទៅ ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្ររៀបចំការបោះឆ្នោតលោក Hakubun Shimomura , ប្រធានក្រុមប្រឹក្សាទូទៅលោក Shunichi Suzuki , នាយករដ្ឋមន្រ្តី Shinzo Abe , អគ្គលេខាធិការ Toshihiro Nikai និង ប្រធានគោលនយោបាយលោក Fumio Kishida នៅឯ LDP នាថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៩

ទីបំផុត​ទៅ លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន ស៊ិនហ៊្សូ អាបេ បាន​សម្រេច​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ហើយ ហើយ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នូវ​សមាសភាព​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​រដ្ឋ​មន្ត្រី​ការបរទេស និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ធំៗ​នៅ​ថ្ងៃ​នេះ។

សារព័ត៌មាន Japan Times បាន​ចុះ​ផ្សាយ​ថា លោក អាបេ មិន​ត្រឹម​តែ​រុះ​សមាស​ភាព​នៅ​ក្នុង​ជួរ​គណៈ​រដ្ឋ​មន្ត្រី​នោះ​ឡើយ ប៉ុន្តែ លោក​ក៏​បាន​រុះ​រើ​ផង​ដែរ​នូវ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​ជា​បក្ស​កាន់​អំណាច​នា​ពេល​សព្វថ្ងៃ​នេះ។

បើ​តាម​សារព័ត៌មាន Japan Today បាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​ការបរទេស​​ជប៉ុន​ លោក តារ៉ូ កូណូ ត្រូវ​បាន​លោក អាបេ តែង​តាំង​ឱ្យ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​វិញ ហើយ​តំណែង​ប្រមុខ​ការទូត លោក អាបេ តែង​តាំង​លោក តូហ្ស៊ីមិតស៊ូ ម៉ូតេគិ(Toshimitsu Motegi)ជំនួស​វិញ។

សារព័ត៌មាន Japan Today បាន​ផ្សាយ​បន្ត​ថា លោក ម៉ូតេគិ ត្រូវ​បាន​លោក អាបេ តែង​តាំង​ឱ្យ​កាន់​តំណែង​ដ៏​សំខាន់​មួយ​នេះ ក៏​ព្រោះ​តែ​លោក​មាន​ស្នាដៃ​លើ​ការងារ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក។

អាយុ ៦៣​ឆ្នាំ លោក ម៉ូតេគិ គឺ​ជា​អ្នក​នយោបាយ​ជើង​ចាស់​ទទួល​បាន​ការ​អប់រំ​នៅ​សាកលវិទ្យាល័យ Harvard របស់​​អាមេរិក ព្រម​ទាំង​ធ្វើការ​ជា​អ្នក​ប្រឹក្សា​យោបល់​អន្តរជាតិ មុន​នឹង​បោះ​ជើង​ឈាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ​ឆ្នាំ​១៩៩៣។

ក្រុម​អ្នក​វិភាគ បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​ពួកគេ​ថា លោក ម៉ូតេគិ គឺ​ជា​អ្នក​នយោបាយ​ដែល​អាច​នឹង​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ជប៉ុន បន្ត​ពី​លោក អាបេ នៅ ២​ឆ្នាំ​ក្រោយ។

បើទោះបី​ជា​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មែន ប៉ុន្តែ សារព័ត៌មាន​ជប៉ុន បាន​រាយការណ៍​ថា អតីត​ប្រមុខ​ការទូត​ជប៉ុន លោក កូណូ នៅ​តែ​កាន់​តំណែង​សំខាន់​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ជា​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បង្កើន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រកាន់​ជំហរ​តឹង​រឹង​របស់​លោក អាបេ នៅ​ចំពោះ​មុខ​ទំនាក់​ទំនង​ចេះ​តែ​ធ្លាក់​ចុះ​ដុន​ដាប​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ប្រទេស​ជិត​ខាង និង​មាន​ប្រវត្តិ​ជូរ​ចត់​នឹង​គ្នា​កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី២ និង​សម័យ​អាណានិគម។

ក្រៅ​ពី​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​រដ្ឋ​មន្ត្រី ២​រូប​ដ៏​សំខាន់​នេះ​ហើយ សារព័ត៌មាន​ជប៉ុន ក៏​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ទៅ​លើ​រដ្ឋ​មន្ត្រី​វ័យ​ក្មេង លោក ហ្ស៊ិនជិរ៉ូ កូអ៊ិហ៊្សូមិ ដែល​​ជា​កូន​ប្រុស​របស់​អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ជូនិជិរ៉ូ កូអ៊ិហ៊្សូមិ។

ស្ថិត​ក្នុង​វ័យ ៣៨​ឆ្នាំ លោក កូអ៊ិហ៊្សូមិ ត្រូវ​បាន​លោក អាបេ ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​បរិស្ថាន។ រដ្ឋ​មន្ត្រី​បរិស្ថាន​ថ្មី​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​រះ​ថ្មី​នៅ​ក្នុង​ជួរគណបក្ស​កាន់​អំណាច បន្ទាប់​ពី​លោក​បាន​រៀប​ការ​ជាមួយអ្នកនាង Christel Masami ​ពិធីការិនី​ព័ត៌មាន​នៃ​ទូរទស្សន៍​​ឃ្យូដូ​របស់​ជប៉ុន។

នៅ​ក្នុង​ជួរ​គណបក្ស​ LDP ឯណោះ​វិញ លោក អាបេ ក៏​បាន​រុះ​រើ​សមាសភាព​ផង​ដែរ ដូចជា​រដ្ឋ​មន្ត្រី​​អូឡាំពិក លោក ហ៊្សូនិជិ ស៊ូហ៊្សូគិ (Shunichi Suzuki) ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​គណបក្ស​ផង​ដែរ អតីត​រដ្ឋ​មន្ត្រី​អប់រំ​ជប៉ុន លោក ហាគុណុន ហ្ស៊ីម៉ុនមូរ៉ា (Hakunun Shimonmura) ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈកម្មាធិការ​យុទ្ធសាស្ត្រ​បោះ​ឆ្នោត​របស់​បក្ស ប៉ុន្តែ នៅ​រក្សា​ទុក​លោក តូហ្ស៊ិហ៊ីរ៉ូ និកៃ (Toshihiro Nikai) និង​លោក ហ៊្វូមិអូ គិហ្ស៊ិដា (Fumio Kishida) ឱ្យ​នៅ​កាន់​តំណែង​អគ្គលេខាធិការ​បក្ស និង​ប្រធាន​គោល​នយោបាយ​បក្ស​ដដែល។

បើទោះបី​ជា​រុះ​រើ​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​បែប​នេះ​ក្ដី ប៉ុន្តែ ក្រុម​អ្នក​វិភាគ ជឿ​ជាក់​ថា វា​មិន​រង្គោះ​រង្គើ​ដល់​គោល​នយោបាយ​ការទូត​របស់​ជប៉ុន ដែល​ភាគ​ច្រើន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពី​ខុទ្ទកាល័យ​លោក អាបេ នោះ​ឡើយ។

ក្រុម​អ្នក​វិភាគ​បង្ហាញ​ការ​យល់​ឃើញ​បែប​នេះ ក៏​ព្រោះ​តែ​បុគ្គល​សំខាន់ៗ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​លោក អាបេ នៅ​តែ​កាន់​តំណែង​សំខាន់ៗ​ដដែល ដូច​ជា លោក តារ៉ូ អាសូ ដែល​ជាមនុស្ស​ជំនិត​របស់​លោក អាបេ នៅ​តែ​កាន់​តំណែង​ជាឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ហើយ​លោក យ៉ូហ្ស៊ិហិដេ ស៊ូហ្កា នៅ​តែ​ក្ដាប់​តំណែង​ដ៏​មាន​អំណាច គឺ​តំណែង​នាយក​ខុទ្ទកាល័យ​គណៈ​រដ្ឋ​មន្ត្រី​។

ក្រុម​អ្នក​វិភាគ លើក​ឡើង​ថា លោក អាបេ រក្សា​ទុក​មនុស្ស​សំខាន់​ទាំង​នេះ​នៅ​ក្នុង​ជួរ​គណៈរដ្ឋ​មន្ត្រី និង​គណបក្ស ក៏​ព្រោះ​តែ​លោក​​ចង់​ជ្រោម​ជ្រែង​ដល់​តំណែង​របស់​លោក ក្នុង​រយៈ​ពេល ២​ឆ្នាំ​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ