កម្ពុជា និងកាណាដាខ្វែងគំនិតគ្នារឿងកាកសំណល់ផ្លាស្ទិក

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថានបាន​បញ្ជាក់​ជាថ្មី​កាល​ពី​ថ្ងៃចន្ទដើមសប្តាហ៍នេះ​ថា កាកសំណល់​ផ្លាស្ទិក​៨៣កុងតឺន័រ ​​ដែលគេទុកចោលនៅកំពង់ផែ​ក្រុងព្រះសីហនុ​តាំង​ពី​ឆ្នាំមុន​នោះ មាន​ប្រភពមកពីសហរដ្ឋអាមេរិកនិង​ប្រទេសកាណាដា បើទោះបី​ជាប្រទេសកាណាដា​អះអាងកាកសំណល់នោះមិនមែនជា​របស់ខ្លួន​ក៏ដោយ។

លោក នេត ភ័ក្ត្រា បាន​ប្រាប់​ VOD តាមសារអេឡិកត្រូនិកថា “​កុងតឺន័រ៧០មក​ពីអាមេរិកនិង​១៣ទៀតមកពីប្រទេសកាណាដា ដូចដែលក្រុម​​មន្ត្រី​បានអះអាងពីដំបូង​អីចឹង”។

​​ទោះបីជា​យ៉ាងណា កាលពីថ្ងៃសុក្រសប្តាហ៍មុន​ អ្នក​នាំពាក្យ​ក្រសួងបរិស្ថាននិង​បម្រែប្រួល​អាកាសធាតុ​កាណាដាបាននិយាយថា ខ្លួន​ត្រូវ​បានជូន”​ដំណឹង​ថា​ កាកសំណល់​ដែលគេនាំចេញទៅកាន់ប្រទេសកម្ពុជា​មិនមែនមាន​ប្រភពចេញពីប្រទេសកាណាដាទេ ហើយ​ដូច្នេះ​​នឹង​គ្មាន​ការ​ដឹកជញ្ជូន​ត្រឡប់​ទៅប្រទេសកាណាដានោះទេ”។

លោក នេត ភ័ក្ត្រា បានបដិសេធមិនពន្យល់ពីភាពខុសគ្នា​រវាងការអះអាងរបស់​អាជ្ញាធរកាណាដានិង​អាជ្ញាធរកម្ពុជា ឬក៏និយាយថា តើ​កាកសំណល់​ផ្លាស្ទិក​១៤កុងតឺន័រដែលអះអាងថា បាន​ដឹកចេញពីប្រទេសកម្ពុជា​កាលពីខែសីហា​នោះ​ ត្រូវ​បាន​បញ្ចូន​ចេញ​ទៅប្រទេសណានោះទេ។​​

កាលពីខែកក្កដា បន្ទាប់ពី​ទម្លាយ​ព័ត៌មានទៅកាន់បណ្តាញព័ត៌មានអំពី​កាកសំណល់ផ្លាស្ទិកនៅកំពុងផែស្វយ័តក្រុងព្រះសីហនុនិង​សន្យាបញ្ចូនកាកសំណល់ផ្លាស្ទិកទាំងនោះត្រឡប់ទៅប្រទេសដើមវិញ អាជ្ញាធរកម្ពុជាបាននិយាយថា​ តុងតឺន័រ១៣មាន​ប្រភពមកពី​ប្រទេសកាណាដានិង​តុងតឺន័រ៧០ផ្សេងទៀតមានប្រភពមកពីសហរដ្ឋអាមេរិក។

​ ក្រុមហ៊ុនដែល​នាំចូល​កាកសំណល់ផ្លាស្ទិកទាំងនេះមក​ប្រទេសកម្ពុជា​ចាប់ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨ ដល់​ខែមករា​គឺឈ្មោះ​ ជុងយៀន ផ្លាស្ទិក ​មេនូ​ ហ្វេកឈ័រ​ ហើយ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ពិន័យ​ប្រាក់​ជិត ២៥៥ ០០០​ដុល្លារតាម​ច្បាប់​ស្តីពីការគ្រប់គ្រង​សំណល់​រឹង ច្បាប់ស្តីពីការការពារបរិស្ថាននិង​ពន្ធគយ នេះបើយោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករនិង​ក្រសួង​បរិស្ដាន​ដែល​ចេញផ្សាយ​កាល​ពី​ចុងខែ​កក្កដា។

ក្រុមហ៊ុន ជុងយៀន ផ្លាស្ទិក ​មេនូ​ ហ្វេកឈ័រ​ ក៏ត្រូវ​បាន​បង្គាប់​ឲ្យដឹកជញ្ជូន​កាកសំណល់​ទាំង​នេះ​ត្រឡប់​ទៅ​កាន់ប្រទេសពីរ​ដែល​តាមចោទថា ជា​ប្រភពនៃកាកសំណល​ផ្លាស្ទិក​ឲ្យ​អស់​ត្រឹម​ថ្ងៃទី​២៤​ខែសីហា​។ ទោះបីជា​យ៉ាងណា រហូត​មកដល់​ចុង​ខែ​សី​ហា​ កុងតឺន័រ​ត្រឹម​តែ​១៤​ប៉ុណ្ណោះ​ក្នុងចំណោម​កុងតឺន័រ​៨៣​គ្រឿង​ត្រូវ​បាន​ដឹកចេញ​ ស្របពេលឪសានវាទថ្មីសម្រាប់ការដឹកជញ្ជូន​កុងតឺន័រនៅសល់​ត្រូវ​បាន​កំណត់រហូត​ដល់​ថ្ងៃទី​២៥​ខែតុលា​ ដោយ​សារ​ការពន្យារពេល​ដឹកជញ្ជូន។

​សហរដ្ឋអាមេរិកមិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយ​ទេជុំវិញថា តើ​មានកុង​តឺ​ន័រ​ប៉ុន្មានដែលមានប្រភពពីប្រទេសនេះឬក៏ត្រូវបានដឹកជញ្ជូនត្រឡប់ទៅវិញនោះទេ។

កាលពីថ្ងៃច័ន្ទ លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញជា​ថ្មីម្តងទៀត​បានបដិសេធមិនធ្វើអត្ថាធិប្បាយ។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង​រដ្ឋាករបានមានប្រសាសន៍ថា លោកនឹងព្យាយាមឆ្លើយ​សំណួររបស់ VOD ត្រឹមម៉ោង៥ល្ងាច ប៉ុន្តែលោកមិនបានឆ្លើយ​តបនោះទេរហូតមកដល់ល្ងាចថ្ងៃច័ន្ទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ