រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថាការនាំចូលបន្លែថយចុះ៥០ភាគរយ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅក្នុងពិធីសម្ពោធការនាំចេញទៅចិន នៅថ្ងៃទី៩ខែឧសាភា ឆ្នាំ២០១៩( រូបពីហ្វេសប៊ុក លោក វេង សាខុន)

រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា បន្លែដែលនាំចូលពីប្រទេស ចំនួនបី មានថៃ វៀតណាម និងចិន ដើម្បីបំពេញតម្រូវទីផ្សារ​​ក្នុង​ប្រទេស​កម្ពុជារហូតបច្ចុប្បន្ននេះមានការថយចុះប្រមាណ៥០ភាគរយហើយ។

លោក វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា បើគិតផ្តោតលើរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS)នាពេលកន្លងមកដែលបង្ហាញថាកម្ពុជានាំចូលបន្លែពីក្រៅប្រទេសមកចាក់បំពេញតម្រូវការទីផ្សារក្នុងស្រុកចន្លោះពី២០០តោន ទៅ៤០០តោនក្នុងមួយថ្ងៃនោះ នាឆ្នាំ២០១៩នេះអ្វីៗបានប្រែប្រួលអស់ហើយ។ ប្លែកខុសពីមុន ព្រោះខ្មែរបច្ចុប្បន្នអាចមានសមត្ថភាពបង្កើនបរិមាណផលិតបន្លែជាច្រើនប្រភេទផ្គត់ផ្គង់តម្រូវការទីផ្សារដោយខ្លួនឯង។

លោក វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់បន្ថែមថា៖«ក្នុងតំបន់អាស៊ានបើយើងទប់ស្កាត់មិនឱ្យគេនាំចូលយើងត្រូវតែមានជួបនឹងបញ្ហា។ ដូចជាកម្ពុជា​ត្រូវនាំគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ពឹងពាក់រឿងនាំស្រូវ ដូចជានាំស្រូវទៅកាន់ប្រទេសវៀតណាម មកទល់ថ្ងៃនេះ ៨ខែជាងដើមឆ្នាំនេះ យើងនាំស្រូវទៅវៀតណាម១លាន៦សែនតោន ហើយនឹងដំឡូងមីខ្ទង់៦ ទៅ៧លានតោនអីដែរ។

ចឹងយើងមិនមែនមើលតែព្រៃមួយដើមទេ យើងមើលព្រៃទាំងមូល ហើយបើយើងមានអារម្មណ៍មួយខ្មៅងងឹតគិតតែម៉្យាង គឺវាបាត់នូវបញ្ហាសេដ្ឋកិច្ចរបស់យើង»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលបានកញ្ចប់ថវិកាពិសេសពីរដ្ឋាភិបាល​ជាបន្តបន្ទាប់ដើម្បីជំរុញដំណើរការផលិតស្បៀងរៀងរាល់ឆ្នាំ ជួយពង្រឹងវិធីសាស្ត្រដំាដុះស្របតាមបច្ចេកទេសត្រឹមត្រូវ និងជួយផ្តល់សម្ភារបច្ចេកទេស។​ ក្នុងនោះនាដំណាក់កាលទី១ នៃកម្មវិធីនេះចាប់ផ្តើមពីឆ្នាំឆ្នាំ២០១៦-២០១៨រដ្ឋបានចំណាយថវិកា២០លានដុល្លារ។

​ដោយឡែកលោក ឡុក កៀណស៊្រី ជាភ្នាក់ងារក្រុមហ៊ុនឯកជនចែកចាយថ្នាំសម្លាប់សត្វល្អិតម្នាក់ ដែលតែងធ្វើការក្នុងគម្រោងប្រមូលតួលេខនៃការនាំចូលបន្លែពីប្រទេសជិតខាងកម្ពុជាតាមបណ្តាទីផ្សារនានាក្នុងប្រទេសកម្ពុជាកន្លងមកបានលើកឡើងថា ការនាំចូលបន្លែពីប្រទេសជិតខាងកើនឡើង រឺថយចុះលោកពុំអាចបញ្ជាក់ឱ្យច្បាស់បានទេ ព្រោះពុំរបាយការណ៍បូកសរុបច្បាស់លាស់។ តែព័ត៌មានដែលលោកទទួលបានច្បាស់ជាងគេ គឺអាជីករជាម្ចាស់ស្តង់លក់បន្លែធំៗដែលបោះដុំបន្លែនាំចូលពីប្រទេសវៀតណាមបានធ្វើការផ្លាស់ប្តូរវិធីសាស្ត្រក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនហើយ។

លោកថា រថយន្តដឹកជញ្ជូនបន្លែពីប្រទេសវៀតណាមបានផ្លាស់ប្តូរផ្លូវចេញចូលតាច្រករបៀងតូចៗជំនួសច្រកអន្តរជាតិធំៗ ព្រោះអជ្ញាធរវៀតណាមបានធ្វើស្ពានសម្រួលដល់ការដឹកជញ្ជូនពុំចាំបាច់ចុះទូកឆ្លងទន្លេ  ហើយទីតាំងបោះដុំបន្លៃធំៗនៅទីនោះក៏សម្រួលដល់អាជីវករខ្មែរដោយត្រៀមរៀបចំកម្មករជួយជញ្ជូនឥវ៉ាន់រួចជាស្រេចថែមទៀត។ ដូច្នេះវិធីសាស្ត្រដឹកជញ្ជូនកាន់តែងាយ ធ្វើការរហ័ស សម្រួលដល់ការធ្វើដំណើរអាចត្រលប់មកដឹកទំនិញបានច្រើនលើកក្នុងមួយថ្ងៃៗ។

លោក ឡុក កៀនស្រ៊ីបានរៀបរាប់ថា៖«ផ្សារដើមគររាល់ថ្ងៃនេះ យើងឃើញថាការនាំចូលរៀងច្រើន ដោយសារខ្ញុំសួរម៉ូយដែលធ្លាប់ស៊ឺវេពីមុន គឺគាត់ងាយស្រួលយកពីវៀតណាម។ គឺខាងយួនគាត់ឱ្យឡានចូលទៅដឹក ដឹកផ្ទាល់ៗ បើពីមុនគេមានទន្លេ អីចឹងវាត្រូវឆ្លងទន្លេផង បានលើកដាក់ឡានខ្មែរបានចូលដល់ផ្សារដើមគរ។ ដល់ពេលឥលូវឡានទៅដល់ផ្ទាល់ៗ បានលឿនជាងហើយ វារាងតម្លៃធូជាងហើយ ហើយវាអាចបានច្រើនឡានជាងមុន»

ទាក់ទងនឹងការដាំបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកវិញ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគម​កសិករកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះការដាំបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមានការថយចុះហើយ បញ្ហាបណ្តាលពីកត្តាសំខាន់បីគឺ មនុស្សពេញកម្លាំងបានបោះបង់ចោលការងារក្នុងវិស័យកសិកម្មងាកមករកការងារក្នុងឧស្សាហកម្ម មនុស្សចាស់ភាគច្រើនដែលធ្វើការងារស្រែចំការបាត់បង់កម្លាំងពលកម្មតាមវ័យជរា និងកង្វះប្រព័ន្ធទឹកស្រោចស្រពដំណាំបានគ្រប់គ្រាន់។

លោក ថេង សាវឿនបន្តថា សព្វថ្ងៃក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១ម៉ឺនគ្រួសារដែលស្ថាប័នលោកបានធ្វើការជាមួយ ក្នុងខេត្តចំនួន៩មានខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ស្ពឺ ព្រះវិហារ និងខេត្តព្រះសីហនុ មានគ្រួសារខ្លះបានសម្រេចបោះបង់ចោលរបរដាំដំណាំចោលតែម្តង ឯសមាជិកដែលនៅសល់ក៏បន្ថយចំនួនក្នុងការដាំដុះសម្របតាមស្ថានភាពកម្លាំងរបស់គ្រួសារ​ខ្លួនដែរ​។

លោក ថេង សាវឿន បានពន្យល់បន្ថែមថា៖ «បើនិយាយទៅការដាំដុះខ្លះ គេដាំសម្រាប់តែមួយហូបសម្រាប់គ្រួសារ បើឱ្យដាំផ្គត់ផ្គង់ដូចមុននៅមានតិចណាស់ វាមានការថយចុះ។ វាមិនដូចពេលមុនទេ។ ឥលូវនេះ បញ្ហាទីផ្សារវាលែងជាបញ្ហាចោទហើយ គឺលក់បានល្អគ្រាន់បើជាងមុន ដោយសារតែមនុស្សមិនសូវមានដាំ អញ្ចឹងការលក់បន្លែរបស់កសិករ គឺបានតម្លៃ​សមរម្យជាងមុន។ មានអ្នកខ្លះ​អត់ដាំហ្មង ចាំទិញគេហូបហ្មង»។

ការបង្ហាញរបាយការណ៍នៃការនាំចូលបន្លែពីបរទេសមកបំពេញតម្រូវការទីផ្សាររបស់កម្ពុជា​ ពីសំណាក់លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោល​នយោបាយ​​(
CPS)​នាអំឡុងឆ្នាំ២០១៧បានអះអាងថា បន្លែភាគច្រើន គឺនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម។ ឯការនាំចូលបន្លែមកទីផ្សារស្រុកខ្មែរបានបែងចែកជាបីរដូវកាល ទី១រដូវត្រជាក់ចន្លោះ​ពីខែធ្នូ ដល់ខែកុម្ភៈការនាំចូលមានចំនួនរង្វង់២០០តោនក្នុងមួយថ្ងៃ ចំពោះរដូវកាលពីរសំខាន់ៗទៀត គឺរដូវប្រាំង និងវស្សា ចំនួននៃការនាំចូលបន្លែបានហក់ឡើងខ្លាំងរហូតប្រមាណ៤០០តោនក្នុងមួយថ្ងៃ ម៉្យាងបន្លែពីប្រទេសវៀតណាមក៏មានចំនួនច្រើននាំមុខប្រទេស​ថៃទៀតផង។

របាយការណ៍ដែលបានចុះសិក្សាលើទីផ្សារបន្លែនៅទូទាំងប្រទេសកម្ពុជាដដែលនេះ បានលម្អិតបន្ថែមថា គ្រាន់តែផ្សារនាគមាសតែមួយក្នុងរាជធានីភ្នំពេញ មានដាក់លក់បន្លែរហូត៧១តោន តែ៧០%ជាបន្លែពីប្រទេសវៀតណាម និងប្រទេសថៃ ឯបន្លែរបស់កសិករខ្មែរមានប្រមាណ៣០%ប៉ុណ្ណោះ។  របាយការណ៍ដដែលបង្ហាញថា កម្ពុជាចំណាយជាង២០០លានដុល្លារ សម្រាប់ទិញបន្លែពីក្រៅប្រទេសមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ