វិភាគ​៖ តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​ពលរដ្ឋ​លែង​ហ៊ាន​បញ្ចេញ​មតិ​ពី​បញ្ហា​ជាតិ​របស់​ខ្លួន​?

រូបដំណាង

ក្នុង​អំឡុង​ពេល​ជាង​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​​កោះ​ហៅ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣​ហើយ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ទៅ​លើ​អ្វី​ដែល​គេ​បាន​រាយការណ៍ និងឆ្លើយ​តប​ជាមួយ​​សារព័ត៌មាន។ ប្រធាន និង​អង្គការ​ទាំង​នោះ​មាន​អង្គការ​សិទ្ធិ​មនុស្សលីកាដូ សមាគមធាងត្នោត និង​អង្គការ​តម្លាភាព។

ទោះ​បី​ជា​រាជរដ្ឋាភិបាល​ថា​ការ​ជួប​ប្រជុំ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ពិភាក្សា​យោបល់​នឹង​គ្នា តែ​សម្រាប់នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Right Watch ​លោក Phil Robertson បាន​ចាត់​ទុក​​រូបភាព​នេះ​ គឺជា​ការ​គំរាម​កំហែង​បន្ថែម​​ទៀត​​ដល់​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិ​។

លោក​បានសរសេរ​​ឆ្លើយ​ទៅ​នឹង​សំណួរ​VODថា៖ « បញ្ហា​គឺ​រដ្ឋាភិបាល​កម្ពុជា​មិន​អត់​ឱន​ចំពោះ​ការ​រិះគន់​។  ជា​រឿង​គួរ​ឱ្យ​ស្តាយ​ប្រសិន​បើ​​រឿង​កើត​ឡើង​ដដែល​ជា​ដដែល ​លោក​ផៃ ស៊ីផាន ទំនង​ជា​នឹង​អញ្ជើញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​ក្នុង​ន័យ​​គំរាមកំហែង​​។  អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​មិន​បាន​ធ្វើ​អ្វី​ខុសនោះ​​ទេ ​ក្នុង​ការ​ចែក​រំលែក​ទស្សនៈ​របស់​ខ្លួន​ » ។  ​

ការ​កោះ​ហៅ​ប្រជុំ​ជា​មួយ​ អង្គការ​សង្គម​ស៊ីវិល​នេះ​គឺជា​រូបភាព​មួយ​ថ្មី​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​លើ​រាស្ត្រ​សាមញ្ញ​ដែល​ហ៊ាន​បញ្ចេញ​យោបល់​ពួកគេលើ​បណ្ដាញ​សង្គម និង​តាម​ទី​សាធារណៈ​។ រឿង​រ៉ាវ​កើត​ឡើង​ថ្មីៗ​គឺ​នៅ​ថ្ងៃ​ខួប​៣ឆ្នាំ​នៃ​ការ​ស្លាប់​លោក​បណ្ឌិត​កែម ឡី ដែល​នៅ​ពេល​នោះ​យុវជន​២​នាក់​ដែល​រួម​មាន​លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ​ត្រូវ​បាន​ចាប់​ខ្លួន​នឹង​ចោទ​ប្រកាន់​ក្រោយ​ពី​ពួកគេ​២នាក់​បាន​លក់​អាវ​ដែល​មាន​ពាក្យ​ស្លោករបស់​លោក​កែម ឡី​ និង​ចែក​ខិតប័ណ្ណ។

តើនឹងមានអ្វីកើតឡើងប្រសិនពលរដ្ឋ​​លែងហ៊ានបញ្ចេញមតិពីបញ្ហាជាតិរបស់ខ្លួន?

សេរីភាពខាងការបញ្ចេញមតិគឺ​ជាសិទ្ធ​ជា​មូល​ដ្ឋាន​របស់​មនុស្ស​គ្រប់​រូប ក្នុង​ការ​បញ្ចេញ​នូវ​មតិ​យោបល់​របស់​ពួកគេ​ សិទ្ធិ​នេះ​ ​ចាំ​បាច់​ណា​ស់​ក្នុង​ស្ថានភាព​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​ឡើង។

សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ​តាម​មាត្រា​ ៤១ ដែល​បាន​ចែង​ថា​ប្រជាពលរដ្ឋ​​ខ្មែរ​ មាន​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​មតិ​​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ ដល់​សន្តិសុខ​ជាតិ​​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា​សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សប្រចាំ​តំបន់​អាស៊ី ​កត់​សម្គាល់​ថា​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​រដ្ឋាភិបាល​ជា​ខ្លាំង​ក្នុងរយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​។

សម្រាប់នាយករង​ប្រចាំ​តំបន់អាស៊ី​​នៃ​អង្គការ​ Human Right watch ​លោក Phil Robertson បាន​លើក​ឡើង​ថា​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​រូប​ភាព​ជាច្រើន​ក្នុង​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​មិន​ស្រប​ខ្លួន​ ដែល​ការ​គំរាម​កំហែង​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​រិះគន់​​កិច្ច​ការ​ដឹក​នាំ​រដ្ឋ​របស់​លោក ហ៊ុន សែន។ លោក​បន្ថែម​ថា​នៅ​ពេល​ដែល​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​រដ្ឋ​រឹតត្បិត ហើយ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​រដ្ឋ​គ្រប់គ្រង​ នោះ​ការ​រំលោភ​សិទ្ធិមនុស្សជា​ច្រើន​នឹង​កើត​មាន​ឡើង។

លោក​សរសេរ​ថា៖ « នៅ​ប្រទេស​កម្ពុជា​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ឡើង​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​ទស្សនៈ​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ សម្រាប់​ក្តី​សង្ឃឹម​តិចតួច​ដែល​នៅ​សេស​សល់​ក្នុងការ​ប្រមូល​ផ្តុំ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ ​នៅ​កម្ពុជានោះ​​ »

សេរីភាពសារព័ត៌មានសម្រាប់កម្ពុជានៅឆ្នាំ២០១៩នេះ ធ្លាក់ចុះមួយលេខគឺពី១៤២ ទៅ១៤៣ក្នុងចំណោមប្រទេស១៨០។​ ការថយចុះនេះ ពាក់ព័ន្ធការបិទស្ថានីយ៍វិទ្យុ៣២ចុងឆ្នាំ២០១៧  ការបង្ខំឱ្យបិទទ្វារកាសែត ឌឹខេមបូឌាដេលី និងការផ្លាស់ប្តូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ រួមទាំងការបិទគេហទំព័រចំនួន១៧ក្នុងពេលបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨។​

ក្រៅ​ពី​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ច្រើន​ ការ​គំរាម​កំហែង​លើ​សិទ្ធិ​បញ្ចេញ​មតិ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លិទ្ធិ​ប្រជាធិបតេយ្យ និងការ​អភិវឌ្ឍ​ប្រទេស​ផង​ដែរ នេះ​បើ​តាមការ​លើក​ឡើង​របស់​​អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក អំ សំអាត។

លោក​អំ សំអាត៖ « សេរីភាព​បញ្ចេញ​មតិ​ណា​មួយ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​​នោះ​នៅ​មាន​កម្រិត​នោះ​ការ​អភិវឌ្ឍ​ប្រទេស​នោះ​ក៏​មិន​សូវ​មាន​ការ​រីក​ចម្រើន​ផង​ដែរ »

នាយកប្រតិបត្តិអង្គការរក្សាការពារសិទ្ធិមនុស្សនៃកម្ពុជាលោក គឹម សុវណ្ណ មានប្រសាសន៍ថា ពាក្យ​ថា​​ប៉ះពាល់​សិទ្ធិ​សេរីភាព​តែ​មួយ​ម៉ាត់ ​គឺ​មាន​ការ​ប៉ះពាល់ជា​​ច្រើន​​រាប់​ចាប់​តាំង​ពី​ជីវភាព​ សុខភាព និងការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឡើង។ លោក​បន្ថែម​ថា​នៅពេល​ដែល​ពលរដ្ឋប្រទេស​មួយ​លែង​ហ៊ាន​បញ្ចេញ​នូវ​កង្វល់​ ឬ​មតិ​យោបល់​គេ​នោះ​ វា​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​បាន​ទទួល​កង្វល់​ពិតប្រាកដ​ពី​រាស្ត្រ ហើយ​ការ​ដឹក​នាំ​នឹង​បង្ក​បញ្ហា​ដល់​ជាតិ​ជា​បន្តបន្ទាប់​ផង​ដែរ។

លោកថា៖ « បើ​និយាយ​មែន​ទែន​ទៅវា​ជា​រឿង​ល្អក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង យើង​គិត​មើល​ទៅ​​ថាបាន​ធ្វើ​អញ្ចឹង​មែន​ឬ​ក៏​អត់​ ហើយ​បើ​បាន​ធ្វើ​អញ្ចឹង​មែន​យើង​កែទៅ។ ​​​[…]​ បើ​សិន​ជា​សិទ្ធិ​ហ្នឹង​អត់​មាន​ដល់​ប្រជាពលរដ្ឋ​ទេ ប្រជាពលរដ្ឋ​ហាក់​បី​ត្រូវ​គេ​ចង​មាត់​ចង​អី​អញ្ចឹង ​វា​មិន​ល្អ​ប្រសើ​រទេចំពោះ​សិទ្ធិ​មនុស្ស »

ថ្ងៃ​ពុធ នេះ​គឺ​ជា​ថ្ងៃ​កំណត់​ឱ្យ​អង្គការ​ទាំង​បី​ឱ្យ​ចូល​ប្រជុំ​ បើ​ទោះ​ជា​អង្គការ​ទាំង​នោះ​បដិសេធ​មិន​ចូល​ក៏​ដោយលោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​ប្រាប់​VOD កាល​ពី​ម្សិល​មិញ​ថាលោក​នឹង​បញ្ជូន​លិខិត​ជា​បន្តបន្ទាប់​ទៀត​នាពេល​ខាង​មុខ។

លោកថា៖ « អាហ្នឹងគឺបង្ហាញអំពីកិច្ចមិនសហប្រតិបត្តិការណ៍ក្នុងភាពជាដៃគូ។ អាហ្នឹងយើងច្បាស់ណាស់ ទីមួយគាត់ យើងមិនចង់និយាយថា រហូតគ្រាន់តែជាអង្គការដែលរៀបចំបម្រើនយោបាយ​បរទេសក្នុងការបំផ្លាញមុខមាត់ រឺការបំផ្លាញការខិតខំ រឺការបំផ្លាញភាព​សុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ »

​អ្នក​នាំពាក្យសមាគម​សិទ្ធិ​មនុស្ស​អាដហុក​លោក សឹង សែនករុណា យល់​ថា​រូប​ភាព​នៃ​ការ​កោះ​ហៅ​អង្គការ​ទាំង​នេះ​ វា​ជា​សញ្ញា​មួយ​ធ្វើ​ឱ្យ​អ្នក​ផ្សេង​កាន់​តែ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ផ្ដល់​យោបល់​ជា​មួយ​អ្នក​សារព័តមានដោយ​សារ​បារម្ភ​ខ្លាច​នូវ​ចំណាត់​ការ​បែប​ៗ​នេះ​បន្ត​ទៀត​ផង​ដែរ។

លោក​ សឹង សែនករុណា៖ « វា​ធ្វើ​ឱ្យពូក​យើង​ដែល​ជា​អ្នក​បញ្ចេញ​យោបល់​តាម​ទី​សាធារណៈ​ហ្នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ព្រោះ​បារម្ភថា​អាច​មាន​ការ​កោះ​ហៅ​ទៅ​សាក​សួរ​អី​បែប​នេះ​ » ។

លោក សឹង​ សែន​ករុណា​ឱ្យ​ជា​យោបល់​ថារដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​វិញជាជាង​ធ្វើ​ការ​កោះ​ហៅ​បែបៗ​នេះ ដោយ​លោក​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​គំរាម​កំហែង​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​អង្គកា​រ​សង្គម​ស៊ីវិល និង​ពលរដ្ឋ។

លោក​ថា៖ « ការ​ដែល​ផ្ដល់​មតិ​យោបល់​ហ្នឹង​គួរ​តែ​មាន​ត្រឹម​តែ​ការ​ពិនិត្យ​នឹង​ឱ្យ​យោបល់​បាន​ហើយ​មិន​បាច់​មាន​ការ​កោះ​ហៅ​បែប​នេះ​នោះ​ទេ។ បើ​សិន​ជា​មាន​ការ​បញ្ចេញ​មតិ​ហើយ​មាន​ការ​កោះ​ហៅ​របៀប​ហ្នឹង​ សួរ​ថា​តើ​អ្នក​ណា​នឹង​អាច​បញ្ចេញ​មតិ​ដើម្បី​ឱ្យ​មាន​ការ​កែ​លម្អ​ប្រទេស​បន្ត​ទៀត​ អញ្ចឹង​មាន​តែ​ការ​បញ្ចេញ​មតិ​មួយ​ដែល​មាន​តែ​ការ​ព្រួយ​បារម្ភ​ហ្នឹង​រហូត​ទៅ​ឬ​អី ឬ​ក៏​យ៉ាង​មិច​ទៀត? »

ក្នុង​របាយការណ៍​របស់ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់​ទៅ​កាន់​អង្គការ​​សហប្រជាតិ​សម្រាប់​កិច្ច​ប្រជុំ​ទី៤២​របស់​ខ្លួននា​ពេល​ថ្មីៗ​នេះ​ អ្នកស្រី រ៉ូណាស្មីត (Rhona Smith) បាន​កត់សម្គាល់ថា លំហ​ប្រជា​ធិប​តេយ្យ​ និងសិទ្ធិមនុស្សនៅកម្ពុជា បាន​គ្របដណ្ដប់ទៅ​ដោយការគាបសង្កត់សិទ្ធិនយោបាយ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កែ​ប្រែ​ឥរិយាបទ​នេះ​ឡើង​វិញជា​បន្ទាន់​ផង​ដែរ ទោះ​ជាយ៉ាង​ណា​សម្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ច្រានចោល​ការ​លើក​ឡើង​ទាំង​នេះដោយ​លើក​ឡើង​ថា​អង្គការ​នេះ​លើក​ឡើង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ