បេក្ខជន​ប្រឡង​ជិត២០០នាក់ដាក់ពាក្យតវ៉ាក្រោយចេញលទ្ធផលប្រឡងបាក់ឌុប

បក្ខជនប្រឡងជិត ២០០នាក់មកដាក់ពាក្យតវ៉ាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្រសួងអប់រំ កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីឲ្យក្រសួងពិនិត្យឯកសារឡើងវិញ (រូបភាព៖ បណ្តាញសង្គម)

មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនជិត ២០០នាក់ បានដាក់ពាក្យ​តវ៉ា​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដោយត្រឹមល្ងាចថ្ងៃពុធម្សិលមិញនេះ។

ក្រោយក្រសួងអប់រំប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០១៩ កាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញារួចមក បេក្ខជនដែលប្រឡងធ្លាក់ និងជាប់បាក់ឌុបមួយចំនួន មិនពេញ​ចិត្តនឹង​ទ្ធផលនេះ​ទេ ហើយ​បានដាក់ពាក្យទៅក្រសួង ដើម្បីសុំឱ្យ​ត្រួត​ពិនិត្យឡើងវិញ។

បេក្ខជន​ប្រឡង​ទទួល​បាន​និទ្ទេស F មកពីខេត្តសៀមរាប កញ្ញា ស៊ុន ណារឹទ្ធិថាវរី និយាយថា នាងបានដាក់ពាក្យសុំឱ្យ​ក្រសួងសើរើលទ្ធផល​ប្រឡងលើមុខវិជ្ជាពីរមុខដែលនាងរៀនពូកែ គឺមុខគីមីវិទ្យា និងរូបវិទ្យា។

បេក្ខជនរូបនេះ បញ្ជាក់ថា គ្រប់មុខវិជ្ជាទាំងអស់ដែលប្រឡង គឺនាងប្រឡងជាប់តែពីរមុខប៉ុណ្ណោះ ហើយ​មុខវិជ្ជាគីមី និងរូបវិទ្យា ដែលនាងអះអាង​ថា រៀនពូកែ និងធ្វើបានច្រើននៅថ្ងៃប្រឡងនោះ បែរ​ជា​ធ្លាក់ទាំងអស់។

កញ្ញា ស៊ុន ណារឹទញធិថាវរី ប្រាប់ថា៖ «និយាយរួមទៅ ក្នុងមុខវិជ្ជាដែលប្រឡងហ្នឹង ខ្ញុំរៀនពូកែពីមុខវិជ្ជា គឺគីមីវិទ្យា និងរូបវិទ្យា ប៉ុន្តែ ពេលដែលខ្ញុំប្រឡង គេឱ្យខ្ញុំធ្លាក់ពីរមុខវិជ្ជាហ្នឹង។ អីចឹង ខ្ញុំអត់សុខចិត្តទេបង ហើយបើសិនជាខ្ញុំបានពីមុខវិជ្ជាហ្នឹងជាប់ ខ្ញុំនឹងមានឱកាសជាប់បាក់​ឌុប។ អីចឹងបានជាខ្ញុំឡើងមកតវ៉ាឱ្យគាត់សើរើមុខវិជ្ជាពីរហ្នឹងឡើងវិញ ព្រោះកាលប្រឡងខ្ញុំធ្វើបានច្រើនដែរ»

បេក្ខជនប្រជាប់និទ្ទេស B មកពីខេត្តកំពង់ស្ពឺ យុវជន កាន តុលា បានស្នើទៅក្រសួងអប់រំ ឱ្យពិនិត្យមើលលើសន្លឹកកិច្ចការមុខវិជ្ជា​គណិតវិទ្យារបស់ខ្លួន​ឡើងវិញ ដោយសំណាងថា កាលពេលប្រឡង ខ្លួន​ធ្វើបានរហូតជាង ៩០ភាគរយ ដែលយុវជន​រូប​នេះ​ហ៊ានរំពឹងថា បាននិទ្ទេសរួម A ប៉ុន្តែ ជាលទ្ធមុខវិជ្ជានេះ ទទួលបាននិទេស C ប៉ុណ្ណោះ។

យុវជន កាន តុលា បន្ថែមថា៖ «លទ្ធផលមុខវិជ្ជាគណិតវិទ្យា ក្រោយប្រឡងហើយ ខ្ញុំបានផ្ទៀងផ្ទាត់ជាមួយអត្រាកំណែ គឺខ្ញុំធ្វើបានរហូតទៅដល់ជាង ៩៥ភាគរយ ប៉ុន្តែ សម្រាប់លទ្ធផលចេញមកខ្ញុំបានត្រឹមនិទ្ទេស C លើមុខវិជ្ជាគណិតវិទ្យាធ្វើឱ្យទាញទម្លាក់និទ្ទេសរួម និងឱកាស​ទទួលបានអាហាររូបករណ៍ផ្សេងៗ វាក៏បាតបង់ដែរ»

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បាន​ប្រាប់​ថា គណៈកម្មការរបស់ក្រសួងនឹងដោះស្រាយរាល់បញ្ហាតវ៉ារបស់បេក្ខជនតវ៉ាទាំងនោះ ប៉ុន្តែ លោកបដិសេធ​បញ្ជាក់​លម្អិត​ថា តើ​គណៈកម្មការ​នោះ​នឹង​ដោះស្រាយដូចម្តេចនោះទេ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃពុធម្សិលមិញនេះ មានបេក្ខជនប្រឡងជិត ២០០នាក់ហើយ ដែលដាក់ពាក្យឱ្យក្រសួងសើរើ និងពិនិត្យលើសន្លឹកកិច្ចការប្រឡងរបស់ពួកគេ។

លោក ឌី ខាំបូលី បន្ថែមថា៖ «ក្រសួងនឹងបង្កើតគណៈកម្មការដើម្បីពិនិត្យទៅលើការតវ៉ារបស់បេក្ខជនប្រឡង។ អីចឹងថា តើ​ពិនិត្យយ៉ាងម៉េច អីយ៉ាងម៉េចហ្នឹង វាអាស្រ័យទៅលើគណៈកម្មការជាអ្នកធ្វើការងារនេះ ព្រោះគណៈកម្មការនេះជាគណៈកម្មការពិសេស មិនមែនខ្ញុំអាចទៅសួរនាំថា តើគណៈកម្មការត្រូវធ្វើម៉េចខ្លះនោះទេ។ នេះជា ឆន្ទានុសិទ្ធរបស់គណៈកម្មការជាអ្នក​សម្រេច»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បានសាទរទៅនឹងលទ្ធផល​នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់សិស្សានុសិស្សនៅឆ្នាំនេះ ប៉ុន្តែ ក៏លោកស្នើឱ្យក្រសួងបង្ហាញពីតម្លាភាពដល់បេក្ខជនមួយចំនួន ដែល​បាន​ឡើង​ទៅ​តវ៉ាទៅ​នឹង​លទ្ធផលនោះផងដែរ ដើម្បីឱ្យពួកគេអស់ចម្ងល់។

លោក សន ជ័យ បន្ថែមថា៖ «ដើម្បីស្រាយចម្ងល់ជាមួយអ្វីដែលបានរីកចម្រើន​នៃកំណែទម្រង់ប្រពន្ធអប់រំនេះ ការស្រាយបំភ្លឺរបស់ក្រសួងដែលមានលក្ខណៈបច្ចេកទេសជូនទៅក្រុមសិស្សដែលតវ៉ាហ្នឹង ខ្ញុំគិតថា វាជារឿងចាំបាច់មួយដើម្បីឱ្យមានឱកាសទទួលយកលទ្ធផលនៃការប្រឡងនេះទាំងអស់គ្នា»

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំមុន ក៏មានបេក្ខជនប្រឡងមួយចំនួន បានតវ៉ាចំពោះលទ្ធផលប្រឡងរបស់ពួកគេផងដែរ បន្ទាប់ពីបេក្ខជនទាំងនោះពិនិត្យឃើញលទ្ធផលប្រឡងរបស់ពួកគេមានភាពមិនប្រកក្រតី។

បើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៩ កញ្ញា ក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជន​ប្រឡងជិត ៨​ម៉ឺន​នាក់ (៧៩,០៥២​នាក់) បាន​ប្រឡង​ជាប់​នៅ​ក្នុង​សម័យ​ប្រឡង​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ដែលមាន​ចំនួន​ស្មើ​នឹង ៦៨.៦២​ភាគរយ កើន​លើស​ពី​ឆ្នាំ​មុន​តែ​ជាង ១​ភាគរយ​ប៉ុណ្ណោះ។

ក្រសួងបញ្ជាក់ថា បេក្ខជន​បាន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ប្រឡង​ជាប់​និទ្ទេស B មាន​ចំនួន​ ២,៤៣០​នាក់ ប្រឡង​ជាប់​​និង​និទ្ទេស C មាន​ចំនួន ៥,៨៤៧​នាក់។ ក្រៅ​ពី​និទ្ទេស​ទាំង ៣ប្រភេទ​នេះ បេក្ខជន​ដល់​ទៅ ១៤,១០០​នាក់ បាន​ប្រឡង​ជាប់​និទ្ទេស D ហើយ​បេក្ខជន​ភាគ​ច្រើន​លើស​លប់​ដល់​ទៅ ៥៦,២៣២​នាក់ បាន​ប្រឡង​ជាប់​និទ្ទេស E៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ