អាជ្ញាធរ និងអ្នករកស៊ីអឺរ៉ុប​ប្រកាសរួមគ្នាប្រឆាំងផលិតផលក្លែងក្លាយក្នុងទីផ្សារកម្ពុជា

លោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការ គ.ប.ផ.ក (រូបកណ្តាល) ឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញការចុះអនុស្សារណៈប្រឆាំងផលិតផលក្លែងក្លាយក្នុងទីផ្សារកម្ពុជា នាព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៩ (រូបថតដោយ៖ លោក វណ្ណ វិចារ)

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និង​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បាន​ប្រកាស​រួមគ្នាជាលើកដំបូងប្រឆាំងផលិតផលក្លែងក្លាយដែលចរាចរណ៍នៅលើទីផ្សារកម្ពុជា។

ការប្រកាសនេះ ត្រូវ​បាន​ធ្វើឡើងនៅ​ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ​យោគយល់គ្នា ឬ MOU មួយ​នាព្រឹកថ្ងៃ១២ ខែ​កញ្ញា​នេះ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បាន​បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា កិច្ច​ព្រម​ព្រៀង​នេះ គឺយន្តការមួយដែលអាជ្ញាធរបង្ហាញចេតនាចង់ការពារអ្នករកស៊ីអឺរ៉ុបដែលកំពុងតែធ្វើជំនួញនៅកម្ពុជា។

គណៈកម្មាធិការ​មួយ​នេះ បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បែប​នេះ ចំ​ពេល​ដែលក្រុមអ្នករកស៊ីទាំងនោះអះអាងថា មានឈ្មួញខិលខូចមួយចំនួននៅស្រុកខ្មែរ បានលក់ផលិតក្លែងក្លាយបន្លំម៉ាក បន្លំគុណភាព ដែលប៉ះពាល់ដល់អ្នកជំនួញអឺរ៉ុបដែលរកស៊ីនៅកម្ពុជា។

ប្រធាន​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា មានប្រសាសន៍ថា យ៉ាងហោចណាស់ មានផលិត​ក្លែងក្លាយពីរប្រភេទ ត្រូវ​បាន​ចរាចរលើទីផ្សារ រួមមាន ឱសថ និងគ្រឿងសម្អាង។ លោកបញ្ជាក់ថា ផ្អែកតាមកិច្ចព្រមព្រៀងនេះ សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា សន្យាធ្វើជាអ្នកផ្តល់ព័ត៌មានពីផលិតផលក្លែងក្លាយ កំពុងដាក់លក់លើទីផ្សារ ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះបទល្មើសនានា។

លោក មៀច សុផាន់ណា ថ្លែង​ថា៖ «យើងនឹងមានការផ្លាស់ប្ដូរព័ត៌មាន យើងនឹងមានការសហការគ្នាលើវិស័យបណ្ដុះបណ្ដាលផ្តល់​ការយល់ដឹង​ពីអត្តសញ្ញាណផលិតផលនានា ផលិតបំពានកម្មសិទ្ធិ។ ការចុះហត្ថលេខានេះ ជាយន្តការមួយដែលតំណាងសភាពាណិជ្ជកម្មអឺរ៉ុបនេះចូលរួមផ្ទាល់ជាមួយរាជរដ្ឋាភិបាលទៅក្នុងកម្រិតមួយថ្មីទៀតឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាជាមុន ធានាឱ្យបានផលិតផលដែលមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ»

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក អាណូ ដាក (Arnaud  Darc) បានថ្លែងថា ក្រុមហ៊ុនអឺរ៉ុប បានព្យាយាម​នាំចូល និងចែកចាយឱសថដែលមានគុណភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ បញ្ហាប្រឈមធំសម្រាប់ការរកស៊ី គឺវត្តមានឱសថ និងផលិតផលក្លែងក្លាយជាច្រើននៅទីនេះ។

លោកបន្តថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ផ្នែកឯកជនសង្ឃឹមថា នឹងឃើញពាក្យបណ្ដឹងរបស់ពួកគេប្រឆាំងនឹងការក្លែងបន្លំផលិត​ផល អាចនឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

លោក អា ណូ ដាក៖ «ការចុះហត្ថលេខាលើអនុស្សរណៈនេះ ដើម្បីលុបបំបាត់ការក្លែងបន្លំនៅកម្ពុជា។ នេះជាសញ្ញាល្អ​នៃកិច្ចសហប្រតិបត្តិការដែលទើបតែត្រូវបានបង្កើតឡើងរវាងសភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុនអឺរ៉ុប(នៅកម្ពុជា) និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពសាធារណៈ»

ភាគីសភាពាណិជ្ជកម្ម​សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បដិសេធមិនបង្ហាញតួលេខនៃ​ពាក្យបណ្ដឹងរបស់សមាជិកខ្លួនជុំវិញផលិត​ផល​ក្លែងក្លាយនោះឡើយ។

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បង្កើតទ្បើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងប្រតិបត្តិការ​កម្ពុជា ដើម្បីសម្រួលដល់ក្រុមហ៊ុនអឺរ៉ុបមកទីផ្សារកម្ពុជា និងបង្កើតបណ្ដាញគាំទ្រ ក្នុងចំណោមសមាជិកក្រុមហ៊ុនរបស់ខ្លួន។ បច្ចុប្បន្នស្ថាប័មានក្រុមហ៊ុនចំនួនជាង៣៤០ ជាសមាជិក ។

ទាក់ទងនឹងផលិតផលក្លែងក្លាយនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងពីផលិតផលក្លែងក្លាយជាច្រើន​ប្រភេទ ដែលត្រូវគេផ្សាយលក់នៅលើហ្វេសប៊ុកថា ជាថ្នាំប៉ូវកម្លាំងផ្លូវភេទបុរស។ ក្រសួងបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនោះភូតកុហកបោកប្រាស់ បំផ្លើសគ្មានមូលដ្ឋាន ហើយក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ចំពោះករណីទាំងនេះ។

របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ហាញថា កាលពីឆ្នាំ២០១៨ ស្ថាប័ននេះ បានបង្ក្រាបផលិតផលក្លែងក្លាយចំនួនជាង ២០ករណី។

គណៈកម្មាធិការនេះ បញ្ជាក់ថា ផលិតផលក្លែងក្លាយនៅកម្ពុជាសព្វថ្ងៃ រួមមាន ឱសថក្លែងក្លាយ ឱសថអន់គុណ បញ្ហាចំណីអាហារខូចគុណភាព គ្រឿងសម្អាងមានផ្ទុកសារធាតុគីមីពុល ផលិតផលលួចចម្លង ការរំលោភកម្មសិទ្ធិបញ្ញា។ល។ ផលិតផលក្លែងក្លាយខ្លះ ត្រូវ​បាន​ផលិតនៅកម្ពុជា និងផលិតផលខ្លះនាំចូលពីបរទេស។

កាលពីខែមីនាឆ្នាំ២០១៩ ស្ថាប័ននេះបានរៀបចំពិធីដុតកម្ទេចផលិតផលក្លែងក្លាយចំនួនជាង ៧០តោន ហើយ​នៅ​ក្នុង​ពិធី​នោះ រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង ក៏បានបន្ទោសអង្គភាពក្រោមឱវាទនេះថា អសមត្ថភាពក្នុងការរកឱ្យឃើញឈ្មួញល្មើសច្បាប់ទាំងនេះ។ លោក ស ខេង ប្រកាសថា លោកនឹងមិនចូលរួមដុតកម្ទេចផលិតផលក្លែងក្លាយលើកក្រោយៗទៀតឡើយ បើសិនជាសមត្ថកិច្ចចាប់អ្នកប្រព្រឹត្តិល្មើសច្បាប់មិនបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ