លោក ហ៊ុន សែន ទាមទារ​ឱ្យ​ឡាវ​ទប់​ស្កាត់​កុំ​ឱ្យ​អតីត​មេ​បក្ស​ប្រឆាំង​ប្រើ​ប្រាស់​ទឹក​ដី​​ឡាវ​ចូល​មក​កម្ពុជា

​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោកហ៊ុន សែន (ស្ដាំ) ចាប់​ដៃ និង​ផ្ទេរ​ឯកសារ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សមភាគី​របស់​លោក គឺ​នាយករដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩។ រូបថត៖ SMPM

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​មេដឹកនាំ​ឡាវ​ ឱ្យ​ជួយ​ទប់​ស្កាត់​កុំ​​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រើប្រាស់​ទឹក​ដី​ប្រទេស​ជិត​ខាង​មួយ​នេះ ធ្វើ​ជា​ស្ពាន​​ឆ្លង​​ចូល​មក​កម្ពុជា ក្រោយ​ពី​​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង បាន​​ប្រកាស​វិល​ចូល​កម្ពុជា​វិញ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក ហ៊ុន សែន បាន​ស្នើ​បែប​នេះទៅ​កាន់​នាយករដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នៅ​ថ្ងៃ​នេះ អំឡុង​ពេល​មេដឹកនាំ​ឡាវ​រូប​នេះ​ កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ​នៅ​កម្ពុជា។

ក្នុង​សន្និសីទ​​សារព័ត៌មាន​ក្រោយ​​ជំនួប​ពិភាក្សា​ទ្វេភាគី​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន ថ្លែង​ថា៖ «ទៅកាន់សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ គឺច្បាស់ជាស្វះស្វែងដើម្បីឱ្យឡាវ​ធានាថា កុំឱ្យពួកអារត់ចោលគុក ហើយដែលកុំឋិតនៅទីក្រុងប៉ារីស ដែលត្រៀមចូលមកប្រទេសវិញ ចូលតាមច្រកឡាវ»

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត បាន​ប្ដេជ្ញា​ទប់​ស្កាត់​បញ្ហា​នេះ​ទៅ​តាម​សំណើ​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា។

លោក ថងលូន ស៊ីស៊ូលីត ថ្លែង​ថា​៖ «​បើសិនបុគ្គលណាដែលមានទោស មកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកប្រទេសឡាវជាកន្លែងឆ្លងកាត់ ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងដំណើរការយ៉ាងម៉ត់ចត់។ យើងនឹងធ្វើការយ៉ាងម៉ត់មិនឱ្យកើតបញ្ហានេះឡើយ»

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​ថ្លែង​ចំ​ឈ្មោះ​អ្នក​នយោបាយ​រូប​ណា​នោះ​ឡើយ ប៉ុន្តែ លោក​បញ្ជាក់​ប្រាប់​ទៅ​សមភាគី​ឡាវ​ថា រដ្ឋាភិបាល​របស់​លោក នឹង​បញ្ជូន​សាល​ដីកា​ចាប់​ខ្លួន​បុគ្គល​រត់​គេច​ខ្លួន​​ម្នាក់ ទៅ​បណ្ដា​រដ្ឋាភិបាល​នានា​នៅ​ក្នុង​តំបន់​។

នគរបាល​ជាតិ បាន​ជូន​ដំណឹង​ទៅ​សាធារណជន​ជាតិ និង​អន្តរជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ អំពី​​ការ​ទទួល​បាន​ដីកា​បង្គ្រាប់​ឱ្យ​ចាប់​ខ្លួន​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​គេច​ចេញ​ពី​បណ្ដឹង​នៅ​តុលាការ​កម្ពុជា​ពី​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទាមទារ​នូវ​ការ​ធានា​ច្បាស់​លាស់​មួយ​​​ពី​ភាគី​ឡាវ ហើយ​លោក​ថា លោក ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​ផង​ដែរថា លោក​តាំង​ចិត្ត​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា៖ «ដើម្បីដាក់គូភាគីហ្នឹងក្នុងស្ថានភាពជាក់ស្តែងមួយ ដែលភាគីនោះពិបាកនឹងបដិសេធ ព្រោះវាជាសាធារណៈ។ ហ្នឹង គឺមានទៅហើយ តែនៅក្នុងស្រុកខ្មែរទេ តែយូរណាស់ហើយ។ មានឧកញ៉ាខ្លះគាត់បានទៅចូលរួមក្នុងវេទិការ​ហែរហមសម្តេចនាយកទៅធ្វើពិធីនេះ ធ្វើពិធីនោះ ហើយនៅក្នុងវេទិការសាធារណៈហ្នឹង លោកនាយករដ្ឋមន្ត្រីហ្នឹងក៏បានបែរទៅរកអ្នកឧកញ៉ា​ខ្លះ គឺសុំឱ្យជួយ ឧបមាថា ជាទូកងមួយ ដល់វត្តណាមួយ ម៉្លោះហើយ គឺឧកញ៉ានោះមិនហ៊ានប្រកែកទេ»

ទោះជាយ៉ាងណា អ្នក​វិភាគ​រូប​នេះ បាន​ជំរុញ​ទៅ​អ្នក​នយោបាយ​កម្ពុជា ឱ្យ​ដោះ​ស្រាយ​ជម្លោះ​​តាម​រយៈ​ការ​សម្រប​សម្រួល​ពី​ព្រះ​មហាក្សត្រ ជាជាង​ស្វែង​រក​ការ​ពឹង​ពាក់​ទៅ​ប្រទេស​ដទៃ​។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ថា៖ «យើងធ្លាប់បានដោះស្រាយជម្លោះរវាងគណបក្សហ្នឹងក្នុងស្រុកដោយមានអន្តរាគមន៍ពីអង្គព្រះមហាក្សត្ររបស់យើង។ យើងមានបទពិសោធហើយ បានជោគជ័យហើយ។ បញ្ហាត្រង់ថា ព្រះមហាក្សត្រយើងមានព្រះរាជតម្រិះធ្វើអន្តាគមន៍ដូចពេលមុនៗអត់? ហើយអ្នកទាំងពីរហ្នឹង យើងសហការគាំទ្រព្រះរាជតម្រិះហ្នឹងទៅ រឺក៏បដិសេធ»

លោក សម រង្ស៊ី ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា​ខាង​មុខ ដែល​ត្រូវ​នឹង​ខួប ៦៦​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ