បទយកការណ៍៖ មុខរបរផលិតឧបករណ៍ភ្លេងបុរាណ​មិនមែនព្រោះតែប្រាក់ ប៉ុន្តែ ដើម្បីថែរក្សាវប្បធម៌ជាតិ

ជាងផលិតភ្លេងបុរាណ លោក ម៉ុយ សាលី នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ថតថ្ងៃទី ១១ កញ្ញា ២០១៩)

ឧបករណ៍ភ្លេងប្រពៃណី និងភ្លេងបុរាណខ្មែរ មានច្រើនប្រភេទ ព្រមទាំងច្រើនវង់ ដូចជាវង់ភ្លេងព្រះរាជទ្រព្យ ឬ​ភ្លេងពិណពាទ្យសម្រាប់ប្រគុំលេងក្នុងពិធីសាសនា ប្រគុំសម្រាប់ការសម្តែងរបាំផ្សេងៗ និងប្រគុំក្នុងពិធីបុណ្យទានផងដែរ។ វង់ភ្លេងឆៃយ៉ាំ ​សម្រាប់ប្រគុំក្នុងពិធីបុណ្យកឋិនទានឬ ពិធីបំបួសកុលបុត្រកុលធិតាខ្មែរ។ វង់ភ្លេងប្រពៃណីខ្មែរឬហៅថាភ្លេងការ ​សម្រាប់ប្រគុំលេងក្នុងពិធីអាពាហ៍ពិពាហ៍ជាដើម។

ពលរដ្ឋខ្មែរភាគច្រើនបានឃើញ បានស្តាប់ និងបានស្គាល់ ​ឧបករណ៍ភ្លេងបុរាណខ្មែរទាំងនោះ តាមរយៈការប្រគុំក្នុងពិធីដូចដែលបានរៀបរាប់ ប៉ុន្តែពលរដ្ឋភាគច្រើនមិនសូវបានស្គាល់ពីម្ចាស់ស្នាដៃ និងមូលហេតុ ដែលជំរុញទឹកចិត្តឱ្យពួកគេផលិតឧបករណ៍ភ្លេងទាំងនោះប៉ុន្មានទេ។

មានសំបុរខ្មៅស្រអែម សក់ស្កូវ និយាយមួយៗ ដោយមានវ័យជាង ៦០ឆ្នាំ លោក ម៉ាច ម៉ុយ ជាម្ចាស់សិប្បកម្មផលិតឧបករណ៍ភ្លេងបុរាណខ្មែរមួយរូបនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា​ លោកចេះជំនាញនេះតពីដូនតា និងមានគ្រូណែនាំខ្លះ ព្រមទាំងគួបផ្សំនឹងការចេះច្នៃ​ប្រឌិតដោយខ្លួនឯងផងដែរ។

សិប្បករ​ផលិត​ឧបករណ៍​ភ្លេង​បុរាណ​រូប​នេះ ប្រាប់ថា លោកចាប់យកជាមុខរបរធ្វើឧបករណ៍បុរាណខ្មែរ​ជាង ២០ឆ្នាំមកហើយ ដោយសារក្តីស្រលាញ់វប្បធម៌ជាតិ និងចង់រួមចំណែកបន្តថែរក្សាមរតកជាតិ ដោយលោកថា ការងារនេះ មិនមែនសម្រាប់តែចង់បានប្រាក់នោះឡើយ។ ​

លោក ម៉ាច ម៉ុយ មានប្រសាសន៍ថា៖ «អីចឹងមុខរបរហ្នឹងមិនមែនសម្រាប់ដោះស្រាយជីវភាពទេ ប៉ុន្តែខ្ញុំគិតតាំងពីដើមមកថា អាហ្នឹងជាអត្តសញ្ញាណរបស់ជាតិ។ ជាតិអ្វីក៏ដោយ សាសន៍អឺរ៉ុបក៏ដោយ សាសន៍អាស៊ីក៏ដោយ គេសុទ្ធតែមានវប្បធម៌របស់គេ។ ដូចថាភ្លេងប្រពៃណីរបស់គេ ដូចជាអ័កកេះ អ័កកាដង់អី វាចេញពីបរទេស។ ហើយយើងនេះមាន ជាពិណពាទ្យ ទ្រ ស្គរ ឃឹម តាខេ ចាប៉ី ជាដើមអាហ្នឹងជាអត្តសញ្ញាណរបស់យើងហើយ»

ម្ចាស់សិប្បកម្មផលិតភ្លេងបុរាណ និងចាក់ព្រះស្ពាន់ លោក ម៉ាច ម៉ុយ នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ថតថ្ងៃទី ១១ កញ្ញា ២០១៩)

បុរសចំណាស់ដដែល បន្តថា បច្ចុប្បន្ន សិប្បកម្មរបស់លោក ផលិត​ឧបករណ៍វង់ភ្លេងប្រពៃណីខ្មែរ ដូចជា ឃឹម តាខេ ទ្រអ៊ូ ទ្រសោរ សាឡៃ ស្គរដៃ ឆឹងជាដើម។ ក្រៅពីនេះ ក៏មានវង់ភ្លេងរាជទ្រព្យ ឬ​ភ្លេងពិណពាទ្យ ដូចជា ស្គរធំ ស្គរតូច រនាថឯក រនាថដែក គងតូច គងធំ និងឧបករណ៍វង់ភ្លេងឆៃយ៉ាំផងដែរ ហើយមានតម្លៃផ្សេងៗគ្នា ដោយចន្លោះពី ៥០០ដុល្លារ រហូតដល់ ៣,០០០ដុល្លារអាមេរិក។

​លោកឱ្យដឹងទៀតថា សិប្បកម្មលោកក៏មានផលិត​ គងឃ្មោះ ស្គរធំៗ សម្រាប់ដាក់នៅតាមវត្តអារាម ព្រមទាំងមានចាក់ព្រះពុទ្ធរូបស្ពាន់ឬ​ព្រះស្ពាន់ សម្រាប់​អតិថិជន​ជាវ​យក​ទៅ​ថ្វាយ​វត្ត​អារាម​ផង​ដែរ ហើយតម្លៃទៅតាមទំហំព្រះ ឬ​ស្គរទាំងនោះ។

ម្ចាស់សិប្បកម្មដដែល និយាយថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន ពុំមានបញ្ហាប្រឈមនោះទេ ដោយអតិថិជនមកជាវដល់កន្លែង ត្បិតពួកគេស្គាល់តគ្នា និងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត គឺមិនពិបាកដឹកជញ្ជូនយកទៅលក់នៅតំបន់ឆ្ងាយៗ ដូចពីដើមឡើយ។

លោក ម៉ាច ម៉ុយ បន្តថា៖ «ខ្ញុំចង់ជម្រាប​ទស្សនិកជនដែលបានមើល ហើយចង់គាំទ្រ​ឧបករណ៍វប្បធម៌ខ្មែរ ជួយរក្សាគ្នាទៅ បើមិនរក្សានឹងបាត់បង់។ បើយើងមិនបានធ្វើអី ក៏បានទិញយកទៅតាំងនៅផ្ទះ ឱ្យក្មេងជំនាន់ក្រោយបានដឹងថា អានេះទ្រ នេះជាចាប៉ី នេះជាឃឹម នេះជាស្គរជាដើម »។

របរនេះ លោក ម៉ាច ម៉ុយ បញ្ជាក់ថា នៅរដូវមានតម្រូវការឧបករណ៍ភ្លេងបុរាណច្រើន គ្រួសារលោកអាចរកចំណូលបានប្រមាណ ៥ពាន់ដុល្លារក្នុងមួយខែ ប៉ុន្តែ ក៏ត្រូវចំណាយលើសម្ភារៈ វត្ថុធាតុដើម និងកម្មករទៅវិញមួយចំនួន។

លោក ម៉ាច ម៉ុយ មានកូនប្រុស ៥នាក់ និងស្រីចំនួន ២នាក់ ហើយលោក​អះអាងថា កូនប្រុសៗរបស់លោកទាំងអស់បាន​ចេះធ្វើឧបករណ៍បុរាណខ្មែរបន្តពីលោក និងបានបណ្តុះបណ្តាលក្មេងជំនាន់ក្រោយបានជាច្រើននាក់ទៀត។

លោក ម៉ុយ សាលី មាន​វ័យជាង ៣០​ឆ្នាំ ដែល​ជា​កូនប្រុសម្នាក់​របស់​លោក ម៉ាច ម៉ុយ នោះ បាន​ប្រាប់​ថា ​លោកបន្តមុខរបរផលិតឧបករណ៍ភ្លេងបុរាណពីឪពុក ក៏ព្រោះតែចង់រួមចំណែកជួយផ្សព្វផ្សាយ និងថែរក្សាវប្បធម៌របស់ជាតិផងដែរ។

លោក ម៉ុយ សាលី មានប្រសាសន៍ថា៖ «ទីមួយ ខ្ញុំស្រលាញ់វប្បធម៌ខ្មែរយើង ហើយណាមួយមិនសូវសម្បូរអ្នកចេះច្រើនផង។ ខ្ញុំខំប្រឹងធ្វើហ្នឹង ដោយសារមិនចង់ឱ្យបាត់បង់ និងចង់ឱ្យភ្លេងបុរាណខ្មែរយើងបានរីកចម្រើន»

ការផលិតឧបករណ៍ភ្លេងបុរាណខ្មែរ នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ដោយឡែកជាងភ្លេងបុរាណខ្មែរមួយរូបទៀត លោក ឡុង ឆេងលី មានវ័យ ៥៤ឆ្នាំ បានឱ្យដឹងថា លោកចេះជំនាញធ្វើឧបករណ៍ភ្លេងបុរាណខ្មែរប្រមាណ ៣០ឆ្នាំមកហើយ ដោយឧបករណ៍ភ្លេងបុរាណខ្មែរលោកចេះច្រើន ហើយបច្ចុប្បន្នលោកប្រកបមុខរបរនេះដោយចែកជាភាគរយជាមួយ លោក ម៉ាច ម៉ុយ។

សិប្បករដដែល​នេះ អះអាងថា ក្រៅពីក្តីស្រលាញ់វប្បធម៌ជាតិ របរនេះក៏ទាមទារឧបនិស្ស័យ ភាពអត់ធ្មត់ និងការតស៊ូព្យាយាមខ្ពស់ផងដែរ។

លោក ឡុង ឆេងលី បន្តថា៖ «មូលហេតុដែលខ្ញុំចាប់អាជីវហ្នឹង ដោយសារខ្លាចវាបាត់បង់ នៅពេលអនាគត ខាងមុខ។ អីចឹងបើអត់ពីពួកខ្ញុំចាស់ៗ ទៅ ភ្លេងទាំងហ្នឹងមិនដឹងទៅរកឯណាទេ ព្រោះការងារនេះមិនមែនឱ្យតែចង់ធ្វើ ចង់រៀនដឹងតែចេះទេ ព្រោះការងារនេះត្រូវមាននិស្ស័យឬ ឧបនិស្ស័យ»

ស្មៀនឃុំព្រះស្រែ លោក ហ៊ុយ សេង មានប្រសាសន៍ថា ក្នុងចំណោម​ពលរដ្ឋនៅឃុំរបស់លោកជាង ២ពាន់គ្រួសារ គឺមានពលរដ្ឋដែលប្រកបមុខរបរចម្លាក់ព្រះស្ពាន់ និងផលិតឧបករណ៍ភ្លេងបុរាណខ្មែរតែ ៧គ្រួសារប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

លោក​សង្កេត​ឃើញ​ថា មុខរបរនេះ គ្រួសារ​របស់​ពួកគាត់​ទាំង​នោះ​ក៏​បាន​បណ្តុះ​កូនចៅ​របស់ខ្លួន​ឱ្យចេះជំនាញទាំងនេះដែរ ​ហើយលោកក៏មើលឃើញថា មុខរបរនេះ​ពិតជា​បានរួមចំណែក​ជួយថែរក្សាអត្តសញ្ញាណរបស់ជាតិប្រាកដមែន និងចង់ឱ្យពលរដ្ឋចេះដឹងជំនាញនេះ ព្រមទាំងគាំទ្រស្នាដៃពួកគាត់ឱ្យបានច្រើន។

លោក ហ៊ុយ សេង មានប្រសាសន៍ថា៖ «កាលពីគ្រួសារមុនមកមានតែម្តាយឪពុកទេ ក្រោយមកមានកូនបីបួនទៀតទៅ។ ជំនាញហ្នឹងអីចឹងដែរ កាលពីមុនចេះតែម្នាក់ ដល់មានកូនចៅទៅ កូនចៅគេចេះបួនប្រាំនាក់ទៀតទៅ ហើយចេះតែបែកទៀតទៅ។ ខ្ញុំចង់ឱ្យចេះអីចឹងទៅ កុំឱ្យទៅទិញរបស់គេ ដូចជានៅថៃ នៅភូមាឬឯណាទៀត»

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ស្ញើចសរសើចំពោះសិប្បករខ្មែរទាំងនោះ ដែលបានតស៊ូ និងលះបង់កម្លាំងកាយចិត្ត បន្តមុខរបរ​ផលិតឧបករណ៍ភ្លេងបុរាណខ្មែរដែលរួមចំណែកថែរក្សាប្រពីណៃវប្បធម៌របស់ខ្មែរ ហើយលោកបានហៅសិប្បករទាំងនោះថា ជាបុគ្គលអច្ឆរិយទៀតផង។

លោក វន់ ពៅ បន្តថា៖ «ខ្ញុំគិតថា ការធ្វើការងារនេះ ជាការរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណីជាតិ តាមរយៈសិល្បៈ តាមរយៈស្នាដៃនៃការ​ ឆ្លាក់នេះ។ នេះ គេចាត់ទុកថាជាបេតិកភណ្ឌជាតិផងដែរ។ ហើយចំណុចសំខាន់មួយទៀតគឺជាការខិតខំ និងលះបង់របស់ពួកគាត់ ទោះបីជាលំបាកយ៉ាងណាក៏ដោយ។ ខ្ញុំគិតថាពួកគាត់ហ្នឹងហើយ ដែលខ្ញុំតែងចាត់ទុកថាជាមនុស្សអច្ឆរិយ»

សិប្បករទាំងនោះ ស្នើ​ឱ្យពលរដ្ឋខ្មែរបន្តគាំទ្រស្នាដៃរបស់ពួកគាត់បន្តទៀត ដោយ​ថា​ ​ជាការលើកទឹកចិត្តដល់ពួកគាត់អាចបន្តការងារនេះ​បន្តទៀត ដើម្បីមានឱកាសរក្សានិងផ្សព្វផ្សាយអត្តសញ្ញាណរបស់ជាតិទាំងនោះសម្រាប់ក្មេងជំនាន់ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ