រដ្ឋាភិបាល​ស្វាគមន៍​ក្រុម​ការងារ​ស្ម័គ្រចិត្តអាមេរិក​ឡើង​វិញ​

ក្រុមការងារ peace corps សច្ចាប្រណិធាន

រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ក្រុម​ការងារ​ស្ម័គ្រ​ចិត្តអាមេរិក​ ភីសខ័រ (Peace Corps) ឡើងវិញក្រោយផ្អាកមួយរយៈដោយថា ដើម្បី​ជួយ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែរឹង​មាំ ហើយ​ពលរដ្ឋ​ក៏​បាន​ទទួល​នូវ​ប្រយោជន៍​ចេញពី​ទំនាក់ទំនង​នេះ​ផង​ដែរ។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ក្រោយ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ដែល​មាន​អាមេរិក​នៅ​ពី​ក្រោយ បាន​​ធ្វើ​ឱ្យ​​ស្ថានការណ៍​នយោបាយ​រវាង​កម្ពុជា និង​អាមេរិក​មាន​កម្ដៅ​កាន់​តែ​ខ្លាំង ​ហើយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្លួន​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព។ ពេលនោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​ដក​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps ចេញ​ពី​កម្ពុជាវិញ ដោយ​ថាប្រសិន​ជា​អាមេរិក​គិត​ថា​កម្ពុជា​គ្មានសុវត្ថិភាព​ក្នុង​ការ​រស់​នៅ​នោះ។

​ចាប់​ពី​ពេល​នោះ​មក​សំណើរ​សុំ​ដាក់​អ្នក​ស្ម័គ្រ​ចិត្ត​នេះ​ត្រូវ​បាន​ពន្យារជា​បន្តបន្ទាប់​ដោយ​រដ្ឋាភិបាល​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​សច្ចាប្រណិធាន​អ្នក​ស្ម័គ្រចិត្ត​ Peace Corps នៅ​ព្រឹក​នេះ អនុរដ្ឋលេខា​ធិការ​ក្រសួង​ការ​បរទេស​លោក មាស គឹមហេង មាន​ប្រសាសន៍​ថា កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ដាក់​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​ Peace corps មក​កម្ពុជា​ដោយថា​វានឹង​ជួយ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែរឹង​មាំ ហើយ​ពលរដ្ឋ​ប្រទេស​ទាំង​ពីរក៏​បាន​ទទួល​នូវ​ប្រយោជន៍​ចេញពី​ទំនាក់ទំនង​នេះ​ផង​ដែរ។

លោក​ថា៖ « កម្ពុជា​ពេញ​ចិត្ត​ចំពោះ​ការ​ធ្វើ​ទំនាក់ទំនង​ល្អ​ជា​មួយ​អាមេរិក​ នៅ​លើ​ផ្នែក​ជា​ច្រើន​ដូច​ជា​ការ​អប់រំ សុខភាព និង​អភិបាល​កិច្ច​ល្អ ផ្ដល់​ជំនួយ​ការ​អភិវឌ្ឍ និង​ផ្នែក​ជា​ច្រើន​ទៀតជា​ច្រើន​ឆ្នាំ​មក​ ​ហើយនេះ​​ជា​ការ​ផ្ដល់​ សម្រាប់​ការ​ជំរុញ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ដោយ​ចិរិភាព​។ ការ​ចូល​មក​នៃ​Peace Crop ដែល​បាន​ជួយ​ដល់​ការ​អប់រំ និង​សុខភាព​ វា​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ទាំង​នេះ ​ដែល​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​បន្ថែម​ទៀត » ។ ​

បើ​តាម​លោក មាស គឹមហេង កម្ពុជាក្រៅ​ពី​ប្រកាស​ស្វាគមន៍​ក្រុមការងារ​ស្ម័គ្រ​ចិត្ត​នេះ​កម្ពុជា​ក៏​ធានា​ដល់​សុវត្ថិភាព​ និង​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្រុម​ការងារ​ទាំង​នេះ​ផង​ដែរ។

ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​អាមេរិក​ភីស​ខ័រ​នេះ​គឺ​ជា​ក្រុម​ទី​១៣​ហើយ​ដែល​នឹង​មក​ធ្វើ​ការ​នៅ​តាម​មូលដ្ឋាន​នានា​នៅ​កម្ពុជាសម្រាប់​រយៈពេល​២​ឆ្នាំ ដែល​មាន​មនុស្ស​ចំនួន​៦២នាក់ ក្នុង​នោះ​ស្រី​៣៥នាក់។

អ្នក​គ្រប់គ្រង​កម្មវិធី​អប់រំ​នៃ​ក្រុមអ្នក​ស្ម័គ្រ​ចិត្ត​ភីស​ខ័រ​អ្នកស្រី អ៊ុំ វណថារ័ត្ន មាន​ប្រសាសន៍​ថាក្រោយ​ធ្វើ​ការ​សច្ចា​ប្រណិធាន​នៅ​ថ្ងៃ​នេះ​ក្រុម​ការងារ​ភីសខ័រ​នឹង​ត្រូវ​បែង​ចែក​ទៅ​កាន់​ខេត្ត​ចំនួន​១៦​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ឱ្យ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ចុះ​សហគមន៍ជួយ​លើ​ផ្នែក​អប់រំ​កុមារ និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​នៅ​កម្ពុជា​។

អ្នក​ស្រី វណថារ័ត្ន៖ « ភីសខ័រ​មក​ស្រុក​ខ្មែរ​គឺ​មក​ស្រុក​ខ្មែរ​ជួយ​ទៅ​លើ​ផ្នែក​អប់រំ ហើយ​ក្រៅ​ពី​ផ្នែក​អប់រំ​ហ្នឹង​គឺ​យើង​ផ្លាស់ប្ដូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក អញ្ចឹង​បាន​យើង​ដាក់អ្នក​ស្ម័គ្រ​ចិត្ត​រស់​នៅ​គ្រួសារ​ខ្មែរ​គាត់​អាច​នៅ​អាច​យល់​ពី​វប្បធម៌​ខ្មែរ​ហើយ​គ្រួសារ​ខ្មែរ​អាច​ប្រាប់​គាត់​អំពី​របៀប​រស់​នៅ ហើយ​ពេល​ខ្លះ​គ្រួសារ​ខ្មែរ​ក៏​នាំ​ពួកគាត់​ទៅភ្ជួរ​រាស់​អី​ដែរ​ » ។

មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​លោក អូស្ទីន ហ្គាល់ប៊ី (Austion Gelber) អាយុ​២៥​ឆ្នាំ​ថា​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​បង្រៀន​ភាសា​អង់គ្លេស​នៅ​សហគមន៍​មួយ​ក្នុង​ខេត្ត​ព្រៃវែង ដោយ​លោក​សង្ឃឹម​ថា​ការងារ​លោក​នឹង​ផ្ដល់​នូវ​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​ដល់​​កុមារ​កម្ពុជា ជាមួយ​នឹង​ការ​ធ្វើ​ទំនាក់ទំនង​ល្អ​ជា​មួយ​ប្រជាជន​ និង​គ្រូបង្រៀន​នៅ​កម្ពុជា​ផង​ដែរ។

លោក​ថា៖ « ខ្ញុំរីករាយណាស់ រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ទទួល​ស្វាគមន៍​ពួកយើងយ៉ាង​កក់​ក្ដៅ​។ ​យើង​បាន​ចំណាយ​ពេល​២​ខែ​ក្នុង​ខេត្ត​តាកែវ​។ ​មនុស្ស​គ្រប់គ្នា​នៅ​សហគមន៍​ខេត្ត​នោះ​មាន​ការ​បើក​ទូលាយ​ស្វាគមន៍​ចំពោះ​ពួក​យើង ក្នុង​ពេល​ដែល​យើង​ជា​សក្ខាកាមបង្រៀន​អង់គ្លេស ពេលយើង​ទៅ​ទិញ​បន្លែ​ផ្លៃ​ឈើនៅ​ផ្សារ​ ពេល​យើង​ញាំ​បាយ​ជាមួយ​ពួកគេ ពួកគេ​គ្រប់គ្នា​គឺ​ស្វាគមន៍​យើង​ណាស់ » ។

ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលឈាន​ដល់​ការ​ចាប់​ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នឹង​រំលាយបក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋាភិបាល​បាន​​បណ្តេញអង្គការ NDI របស់អាមេរិក ខណៈ​អង្គការជាតិ និងអន្ដរជាតិ​ជាង ៣០០ស្ថាប័ន ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បានធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល​ និងជំរុញឲ្យ​មាន​ចលនា​បដិវដ្តពណ៌​នៅ​កម្ពុជា​។ អង្គការ​ជាង​ ៣០០នោះ មានអង្គការអន្ដរជាតិចំនួន ៤៩ ដែល​រួម​មាន អង្គការ USAID អង្គការ DCA/CA IRI, Peace Corps, ACILS, និង​CANVAS ជាដើម​។

នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ភ្នាក់ងារ​ភីសខ័រ ​លោក ម៉ៃគែល ហីរីងតុន (Mikel Herrington) បាន​ឱ្យVOD ដឹង​ថាភ្នាក់ងារ​ភីសខ័រ​ធ្វើ​ការ​ផ្ដោត​លើ​តែ​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ មិន​ពាក់​ព័ន្ធ​​ទៅ​លើ​​ចេតនា​នយោបាយ​ណា​មួយ​ឡើយ​​។

លោក​ថា៖ « ស្មារតីភីសខ័រ​មិន​ចូលរួម​ផ្នែក​នយោបាយ​ទេ ពួក​យើង​មក​ទីនេះ​តាម​រយៈ​ការ​អញ្ជើញ​ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​ពួក​យើង​ធ្វើ​អ្វី​ដែល​យើង​ធ្វើ​បាន​ដើម្បី​ជំរុញ​ដល់​គោល​ដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា » ។ 

អ្នក​វិភាគ​នយោបាយ​លោកបណ្ឌិត​ ឡៅ ម៉ុងហៃ យល់​ថាការ​ស្វាគមន៍​នេះ​គឺ​ជា​សញ្ញា​ល្អ​នៃ​ការ​បង្កើន​ទំនាក់ទំនង​កម្ពុជា​អាមេរិក​ ក្រោយ​ពេលមេ​​បញ្ជាការ​ទ័ព​ជើង​គោក​កម្ពុជាលោក ហ៊ុន ម៉ាណែត ជួប​ជា​មួយ​មេបញ្ជាការ​កងទ័ព​ជើង​គោក​សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិកលោក រូប៊ឺត ប្រោន (Robert B. Brown) កាល​ពី​ថ្ងៃ​១០ កញ្ញា​កន្លង​ទៅ។

លោក​បណ្ឌិត​ឡៅ​ ម៉ុងហៃ៖ « គឺ​ឱ្យ​តែ​មាន​ការ​ចរចា​មាន​ទំនាក់ទំនង​ល្អជាមួយគ្នា​ ហើយ​បើ​ស្វាគមន៍​ទាំង​អស់​គ្នា​នេះ​គឺ​ជា​សញ្ញា​ល្អ​ហើយ​វិជ្ជមាន​ហើយ។ ក្រោម​ការ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរហ្នឹង »

គិតតាំងពីឆ្នាំ២០០៦ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួនជាង៦០០នាក់ បានមកធ្វើការ​នៅប្រទេសកម្ពុជា ដោយពួកគេបានបង្រៀនភាសាអង់គ្លេស និងបណ្តុះបណ្តាលគ្រូ និងធ្វើការអប់រំសុខភាពតាមសហគមន៍។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ដើម្បី​ជំរុញ​សន្តិភាព និងមិត្តភាពក្នុងពិភពលោក។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺ​កសាងសមត្ថភាព​របស់​មនុស្ស​ប្រុស ស្រី​នៅក្នុងប្រទេស ដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ