ក្រសួងព្រះបរមរាជវាំងថ្កោលទោស លោក សម រង្ស៊ី ករណីប្រើពាក្យប៉ះពាល់កិត្តិនាមព្រះមហាក្សត្រ

លោក សម រង្សុី ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ (ប្រភព៖ ហ្វេសប៊ុក លោក សម រង្សុី)

ក្រសួងព្រះបរមរាជវាំងនាថ្ងៃនេះ បានប្រកាសថ្កោសទោសចំពោះលោក សម រង្ស៊ី ទាក់ទងនឹងការលើកឡើងរបស់លោក ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញាម្សិលមិញថា ធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ។​

ក្នុងសេចក្តីថ្លែងការណ៍ក្រសួងព្រះបរមរាជវាំងបានអះអាងថា លោក សម រង្ស៊ី បានប្រើពាក្យអសុរោះធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះករុណា​ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នព្រះបរមរាជវាំងបានគូសបញ្ជាក់ថា ពាក្យសំដីរបស់អតីតមេបក្សប្រឆាំងរូបនេះថា តែងតែពោលប៉ះពាល់​ដល់ព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ ដែលជានិមិត្តរូបនៃឯករាជជាតិ និងរិរន្តរភាពជាតិ។

តបនឹងសំណួររបស់អ្នកព័ត៌មានកាលពីរាត្រីថ្ងៃទី១២ ខែកញ្ញានេះ ដែលចោទសួរអំពីដំណោះស្រាយបញ្ហាជាប់គាំង​ផ្នែកនយោបាយនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់ភាគីខ្មែរគ្នាឯងនោះ ។

លោក សម រង្ស៊ី បានពោលថា៖ «លើកអំពីតួនាទីរបស់សម្តេចព្រះ នរោត្តម សីហនុ គ្មាននណាអាចទៅប្រៀបធៀបសម្តេចព្រះននរោត្តមសីហនុបានទេ។ ខ្ញុំជឿថា ឥលូវនេះ មានតែសហគមន៍អន្តរជាតិទេ។ ពីព្រោះអ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន។ សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន​ សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។

គាំទ្រទៅនឹងការលើកឡើងរបស់ក្រសួងព្រះបរមរាជវាំង ក្រសួងយុត្តិធម៌នាល្ងាចថ្ងៃទី១៣ ខែកញ្ញានេះបានចេញសេចក្តីជូនដំណឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើចាត់វិធានការផ្លូវការច្បាប់ជាបន្ទាន់​ និងតឹងរ៉ឹងលើលោក សមរង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ។ ក្រសួងយុត្តិធម៌បានចាត់ទុកពាក្យសំដីរបស់លោកសមរង្ស៊ី ជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ មានចែង និងផ្តន្ទាទោសតាមបញ្ញត្តមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ