មនុស្ស​១២​នាក់​ស្លាប់ ខណៈ​ជាង​១​ម៉ឺន​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់

ក្រុម​មន្ត្រី​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​ផ្ទះ​ដែល​ត្រូវ​ទឹក​ជន់​លិច​នៅ​ខេត្ត​ក្រចេះ។ រូបថត​៖NCDM

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ឱ្យដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស ១២​នាក់ ក្នុង​នោះ​មាន​កុមារ ៦​នាក់​ផង​ដែរ បាន​ស្លាប់ និង​ជាង ១​ម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​កាន់​ទីទួល​សុវត្ថិភាព បន្ទាប់​ពី​​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ខេត្ត​ចំនួន ៧ ក្នុង​រយៈ​ពេល​កន្លះ​ខែ​មក​នេះ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រងគ្រោះ​មហន្តរាយ លោក កែវ វី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នេះ ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ទឹក​ភ្លៀង បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៧ រួម​មាន​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​ខេត្ត​ព្រៃវែង។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ១២​នាក់ ក្នុង​នោះ កុមារ ៦​នាក់ផង​ដែរ បាន​ស្លាប់​ដោយសារ​លង់​ ខណៈ​ដែល​មនុស្ស ៥​នាក់​ផ្សេង​ទៀត បាន​រង​របួស​ដោយសារ​ពស់​ចឹក នៅ​ពេល​ទឹក​ជំនន់​កើត​ឡើង​នៅ​បណ្ដា​ខេត្ត​ស្ថិត​នៅ​ខាង​ទន្លេ​មេគង្គ​លើ។

លោក កែវ វី ប្រាប់​ថា៖ «យើងសោកស្ដាយណាស់ដែលចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់នេះមានរហូតដល់១២នាក់។សូមអំពាវនាវឱ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសសុវត្ថិភាពកូនចៅតូចៗក្នុងគ្រាដែលទឹកឡើង»

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ មនុស្ស​មួយ​ចំនួន បាន​ស្លាប់​ដោយ​លង់​ទឹក​ទន្លេ មួយ​ចំនួន​ទៀត​ ស្លាប់​ដោយសារ​លង់​ទឹក​បឹង និង​ព្រែក​នៅ​ក្បែរៗ​ផ្ទះ ខណៈ​ដែល​ករណី​ខ្លះ​ទៀត ស្លាប់​ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​អាណាព្យាបាល ក្នុង​នោះ​មាន​កុមារ​ម្នាក់​ស្លាប់​ ក្រោយ​ពី​ត្រូវ​ទឹក​គួច​ទៅ​បាត់​នៅ​​ឯ​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​ជិះ​ម៉ូត​ជាមួយ​ម្ដាយ​ឆ្លង​កាត់​​ទំនប់​បង្ហៀរ​ទឹក។

តួរលេខដែលផ្តល់ដោយ លោក កែវ វី បង្ហាញទៀតថា ទឹកជំនន់ទន្លេមេគង្គបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប​ជិត ៩ម៉ឺនគ្រួសារ(៨ ៧៤៦៩គ្រួសារ) ក្នុងនោះទឹកជន់លិចស្រែស្រូវជាង ៣៧,៨០១ហិចតា លិចចម្ការ ៣,៤៧០ហិចតា។ ទឹកជំនន់​ជន់លិចសាលា ៣២៣កន្លែង លិចវត្តអារាម ១៥៣វត្ត និងលិចមណ្ឌលសុខភាព ២៨កន្លែង។

តួលេខ​ក៏​បង្ហាញ​ផង​ដែរ​ថា ច្រាំងទន្លេប្រវែងជាង ២២គីឡូម៉ែត្រ(២២ ៣៤៥ម៉ែត្រ)នៅខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដែលបង្ក​ឱ្យផ្ទះប្រជាពលរដ្ឋ ៥១ខ្នងផ្ទះ ក៏ត្រូវរុះរើបន្ទាន់។

លោក កែវ វី លើកឡើងទៀតថា ចំណាត់ការអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ គឺធ្វើឡើងដោយបានទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលមករស់នៅទីសុវត្ថិភាព ទទួលបានការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគទទួលបានការគាំពារផ្នែកសុខភាព ព្រមទាំងសន្តិសុខសុវត្ថិភាពពីសំណាក់អាជ្ញាធរមូលដ្ឋាន។

លោក កែវ វី មាន​ប្រសាសន៍​បន្ត​ថា៖«យើងផ្តល់ជាថ្នាំពេទ្យ ជាស្បៀងសង្គ្រោះនេះ យើង​ធ្វើជាបន្តបន្ទាប់ និងទាន់ពេលវេលា ព្រោះរបស់ទាំងអស់នោះ មាននៅក្នុងស្តុកនៅតាមបណ្ដាខេត្តរួចហើយ។ ពលរដ្ឋឈឺល្មមៗ យើងអាចមើល(ព្យាបាល)នៅកន្លែង។ បើករណីណាធ្ងន់ យើងមានមធ្យោបាយបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តតែម្ដង»

ទោះជាយ៉ាងណាក្ដី  អ្នកនាំពាក្យរូបនេះមិនទាន់អាចព្យាករ​ទំហំខូចខាតជាទឹកប្រាក់ដែលបណ្ដាលមកពីគ្រោះទឹកជំនន់លើកនេះបាននៅឡើយទេ។ លោកកែវ វី ឱ្យដឹងថា គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ នឹងបើកកិច្ចប្រជុំមួយ​ជាមួយអាជ្ញាធរខេត្តពាក់ព័ន្ធ ដើម្បីប្រមូលមតិយោបល់ ព្រមទាំងដំណោះស្រាយនានាសម្រាប់ជួយប្រជាពលរដ្ឋ បន្ទាប់ពីទឹកស្រក។

ទាក់ទងនឹងទឹកជំនន់នេះ អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ មានប្រសាសន៍ថា ទឹកជំនន់មេគង្គ ចាប់ផ្តើមជន់លិចឃុំ​មួយ​ចំនួន​នៅ​ស្រុក​របស់​លោក​ហើយ ប៉ុន្តែ លោក​ថា មិនទាន់មានសភាពធ្ងន់ធ្ងរឱ្យបារម្ភនោះទេ។

លោក យី វណ្ណៈ មាន​ប្រសាសន៍​ថា៖«អាជ្ញាធរត្រៀមកម្លាំងរួចហើយ នឹងជួយអន្តរាគមន៍សង្គ្រោះបើចាំបាច់។ ឥលូវមានពលរដ្ឋ ៧២គ្រួសារមកនៅទីទួលសុវត្ថិភាព។ ស្រុកយើងធ្លាប់បាក់ច្រាំងទន្លេកាលឆ្នាំមុន ដូច្នេះ យើងនៅតែត្រៀមបង្ការ»

ទាក់ទងនឹងការត្រៀមជួយពលរដ្ឋរងគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំបន្ថែមពីលើសេចក្ដីជូនដំណឹងចាស់កាលពីថ្ងៃទី០៤កញ្ញា ដោយបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សារាចរបន្ថែមនេះ កត់សម្គាល់ថា ទឹកស្រកយឺត ហើយភ្លៀងនឹងបន្តធ្លាក់នាំឱ្យមានទឹកជំនន់ធំ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៥កញ្ញានេះ ទឹកទន្លេមេគង្គនៅស្ថានីយ៍ស្ទឹងត្រែង និងក្រចេះ នឹងចាប់ផ្តើមស្រកនៅ ខណៈដែលស្ថានីយ៍ ៥ទៀត កម្ពស់ទឹកនឹងកើនឡើង។ ស្ថានីយ៍ដែលទឹកឡើង រួមមានកំពង់ចាម ចតុមុខ អ្នកលឿង កោះខែល និងព្រែកក្ដាម។ ក្រសួងនេះផ្សាយដែរថា ភ្លៀងធ្លាក់រាយប៉ាយនៅស្ទើរទូទាំងប្រទេសនៅថ្ងៃទី១៥កញ្ញានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ