ពលរដ្ឋ​បុរី​កីឡា​១៨​​នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ព្រៃស្ពឺ​ និង​​​ឃាត់​ខ្លួន​យក​ទៅ​ខណ្ឌ

អគាបុរីកីឡាដែលត្រូវបានសមត្ថកិច្ចចម្រុះវាយកម្ទេចចោលនៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ (រូបភាព៖ CCHR)

អ្នកមានជម្លោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡា អះអាងថា ​ពលរដ្ឋបុរីកីឡាចំនួន ៦​នាក់​ក្នុង​នោះ​មាន​កុមារ​ម្នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ចបញ្ជូនទៅមណ្ឌល​ស្ដារ​នីតិ​សម្បទា​ព្រៃស្ពឺ​នៅ​ព្រឹក​ថ្ងៃ​នេះ ហើយ​ពលរដ្ឋ ១២​នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាលាខណ្ឌ ៧​មករា។

ពលរដ្ឋ​ម្នាក់​នៅសហគមន៍​បុរីកីឡា អ្នកស្រី សរ ស៊ន ដែលទទួលបានសំណងរួចហើយ បានប្រាប់វីអូឌីនៅ​ថ្ងៃ​នេះថា ពលរដ្ឋ​សហគមន៍​​ ៦​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់ពីពួកគេបាននាំគ្នាឡើងទៅនៅលើអគារដែលសមត្ថកិច្ចចាប់​ផ្ដើម​វាយកម្ទេចចោលក្នុងថ្ងៃនេះ។

អ្នកស្រី សរ ស៊ន ប្រាប់​ថា​៖ «គ្រាន់តែគេប្រាប់ថា អ្នកដែលត្រូវគេម្សិលមិញពេលល្ងាច ពេលបញ្ជូនទៅព្រៃស្ពឺហើយ យាយ សន មិនបាច់បារម្ភអីទេ​។ អ៊ីចឹងមិនដឹងគេចាប់គាត់ទៅ គេចោទប្រកាន់គាត់ថា ជាជនអនាថាក៏​មិនដឹង ឬស្អីមិនដឹង ពិបាកដែរ។ ដល់អ៊ីចឹង​ ប៉ូលីសខណ្ឌយើងហ្នឹង។ ចាសគេបញ្ជូនទៅព្រៃស្ពឺព្រឹកមិញនេះ»

អ្នកស្រី សរ ស៊ន បន្តថា អាជ្ញាធរបាន​ចាប់​ខ្លួន​ពលរដ្ឋ ១២​នាក់​បន្ថែម​ទៀត​ ដែល​មិន​ព្រម​ចាក​ចេញ​ពី​អគារនោះ​នៅព្រឹកមិញនេះ។

ពលរដ្ឋបុរីកីឡាម្នាក់ទៀត អ្នកស្រី ញ៉ែម ស្រីនិច ដែលអះអាង មិនទាន់ទទួលបានសំណង លើកឡើងថា អាជ្ញាធបានចាប់ខ្លួនពួកគាត់ទៅសាលាខណ្ឌ ដោយថា ដើម្បីទៅជួបជាមួយអភិបាលខណ្ឌធ្វើការដោះស្រាយសំណង ប៉ុន្តែ នៅពេលទៅដល់ខណ្ឌ អាជ្ញាធរមិនបានធ្វើការដោះស្រាយទេ។

អ្នកស្រីបន្តថា អាជ្ញាធរបានឃុំខ្លួនពួកគាត់នៅសាលាខណ្ឌ ៧មករា ដោយថា ដើម្បីកុំឱ្យពួកគាត់មកទៅតវ៉ា ខណៈសមត្ថកិច្ចចាប់​ផ្ដើម​វាយកម្ទេចអគារ​នៅ​ព្រឹក​ថ្ងៃនេះ ទាំងដែលមិនទាន់បានដោះស្រាយសំណងជូនពួគាត់។

អ្នកស្រី ញ៉ែម ស្រីនិច ប្រាប់​ថា៖ «សូម្បីតែទៅទិញទឹកញុំក៏គេមិនឱ្យយើងចេញទៅដែរ។ខ្ញុំអត់យល់ពីមូលហេតុគេ គេខ្លាចយើងទៅអុកឡុកកន្លែងគេធ្វើការមិនដឹង បានជាគេមិនឱ្យយើងចេញ»

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអភិបាល​ខណ្ឌ ៧មករា លោក លឹម សុភា បាន​ទេ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែកអភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅ​បើក​ប្រតិបត្តិការ​វាយ​កម្ទេច​អគារ​មួយ​នៅ​ក្នុង​សហគមន៍​បុរី​កីឡា​នោះ បដិសេធ​មិន​ធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកឱ្យទៅសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដីវិញ។

ប៉ុន្តែ វីអូឌីមិន​អាច​ស្វែង​រក​ការអត្ថាធិប្បាយពីអ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ ដោយទូរសព្ទចូល​ហើយ តែ​គ្មានអ្នកទទួល។

មន្រ្តីសម្របសម្រួល​នៃ​គម្រោងធុរកិច្ច និងសិទ្ធមនុស្ស​របស់​មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា រដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់។ លោកចាត់ទុកការចាប់ខ្លួន​និងបញ្ជូនពលរដ្ឋទៅមណ្ឌលព្រៃស្ពឺ ដោយមិនព្រមដោះស្រាយសំណងអ្វីជូនពលរដ្ឋនេះថា ជាការគំរាមកំហែង។

លោក វណ្ណ សុផាត ប្រាប់ថា៖ «ការចាប់ខ្លួនអីហ្នឹង គឺថា វាជាការគំរាមកំហែង​មួយខ្លាំងមែនទែន ដោយសារ​នេះជាការបំបាក់ស្មារតី​ដែលរងផលប៉ះពាល់កុំឱ្យគាត់ងើបតវ៉ាថែមទៀត»

លោកបន្តថា រដ្ឋាភិបាលគួរតែធ្វើការដោះស្រាយដោយផ្ដល់សំណងសមរម្យជូនប្រជាពលរដ្ឋដែលនៅសេសសល់ជាជាងការបណ្ដេញចេញ និងចាប់ខ្លួនប្រជាពលរដ្ឋទាំងបង្ខំបែបនេះ។

​​​​កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះ​សន្យាសង់អគារចំនួន ១០ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាកវិញ ដោយលើកហេតុផលថា ក្ស័យធន ដែលបណ្តាលឱ្យពលរដ្ឋមួយចំនួនដែលមិនទទួលបានសំណង ហើយ​នាំគ្នាទៅស្នាក់នៅបណ្តោះអាសន្នលើអគារចាស់មួយក្នុងសហគមន៍បុរីកីឡារហូតមកដល់សព្វថ្ងៃនេះ។

លិខិតចុះថ្ងៃទី១ ខែសីហា​កន្លង​មក ដែលសាលារាជធានីភ្នំពេញកោះហៅពលរដ្ឋបុរីកីឡាមកដោះស្រាយបញ្ចប់នោះ បានឱ្យដឹងថា នៅសហគមន៍មានពលរដ្ឋ ១៤គ្រួសារទៀត ពុំទាន់ទទួលបាន​សំណង​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ