ឥណ្ឌា ដាក់ចេញយុទ្ធសាស្រ្តបន្ថយឥទ្ធិពលរបស់ចិនលើប្រទេសជិតខាងរបស់ខ្លួន

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និង លោក ស៊ីជីនពីង

នាយករដ្ឋមន្រ្តីឥណ្ឌាដែលទើបជាប់ឆ្នោតសារជាថ្មី លោក ណារិនដ្រា ម៉ូឌី ​បានដាក់ចេញនូវគោលនយោបាយ“ប្រទេសជិតខាងមុនគេ” ដើម្បីតទល់ទៅនឹងគោលនយោបាយ”ផ្លូវមួយខ្សែក្រវ៉ាត់មួយ”របស់ប្រទេសចិន ដែលកំពុងព្យាយាមឱបក្រសោបប្រទេសភូមិផងរបងជាមួយខ្លួន។

ក្រោយឈ្នះការបោះឆ្នោតលើកទី២ ភ្លូកទឹកភ្លូកដី ក្នុងខែឧសភា លោក ម៉ូឌី បានចាប់ផ្តើមអភិវឌ្ឍគោលនយោបាយចម្បង និងជាអទិភាព ២ របស់ខ្លួន ដើម្បីបន្សាបឥទ្ធិពលនៃមហាអំណាចចិន ទៅលើប្រទេសប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ប៊ូតាន និងស្រីលង្ការ ដែលនៅជាប់ព្រំដែននឹងប្រទេសរបស់ខ្លួន។

តាមរយៈគោលនយោបាយក្នុងអណត្តិថ្មីរបស់លោក ជាជំហានដំបូង លោក ម៉ូឌី បានប្រកាសនៅថ្ងៃទី៥ សីហាថា នឹងដកហូតដែនដីស្វ័យតកាស្មៀរ និងជេមម៊ូ មកបញ្ចូលក្នុងដែនអធិតេយ្យរបស់ឥណ្ឌា ដើម្បីពង្រឹងឯកភាពទឹកដីរបស់ខ្លួន បន្ទាប់មកលោកនឹងយុទ្ធសាស្រ្តអភិរក្ខនូវរង្វង់ដែនឥទ្ធិពលរបស់ខ្លួនដែលមានស្រាប់។ 

ជំហានបន្ទាប់ លោក ម៉ូឌី បានជ្រើសយកប្រទេសម៉ាឌីវ និងស្រីសង្ការ ដែលជាប្រភពថាមពលគន្លឹះ និងផ្លូវដឹកជញ្ជូន សមុទ្រដ៏សំខាន់រវាងតំបន់អាស៊ាន និងអាស៊ីបូពា៍ ជាគោលដៅទស្សនកិច្ចក្រៅប្រទេសមុនដំបូងរបស់ខ្លួនក្នុងអណត្តិទី២ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសប្រជុំកោះដែលឋិតនៅភាគនិរតីមហាសមុទ្រឥណ្ឌា។

តាមរយៈយុទ្ធសាស្ត្រនោះដែរ រដ្ឋាភិបាលក្រុងញូដេលី កំពុងស្វះស្វែងរារាំងដែនអំណាចគូបដិបក្ខរបស់ខ្លួន នៅប្រទេសម៉ាឌីវ ដោយការធានានូវសិទ្ធិជាមូលដ្ឋាន ឬការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទីនោះ ដើម្បីប្រឆាំងវត្តមានយោធាចិននៅដែនសមុទ្រនៃប្រទេសដែលជាសមាជិកនៃនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។

នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ២០១៨ លោក Ibrahim Mohamed Solih ដែលមានទំនោរទៅរក ឥណ្ឌា បានដណ្តើមជ័យជម្នះពីលោក Yameen Abdul Gayoom ដែលមានទំនោទៅរកចិន។ បន្ទាប់ពីឡើងកាន់តំណែងមក លោក Ibrahim បានបង្កើនទំនាក់ទំនងភាពជាដៃគូជាមួយរដ្ឋាភិបាលក្រុងញូដេលី ហើយរិះគន់លោក Yameen ថាបានចាយវាយខ្ជះខ្ជាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាមួយចិន ដែលធ្វើឱ្យបំណុលជាតិគ្មាននិរន្តរភាព ពិសេសលើគម្រោងសាងសង់ស្ពានមិត្តភាពចិន-ម៉ាឌីវជាដើម។

ក្រៅពីនេះ ឥណ្ឌា ទើបសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធរ៉ាដាស៊ើបការនៅដែនកោះប្រទេសម៉ាឌីវ ដើម្បីតាមឃ្លាំមើលសកម្ម​ភាពយោធារបស់ប្រទេសចិនក្នុងតំបន់នៃប្រទេសក្បែរខាងខ្លួន រាប់បញ្ចូលប្រទេស ស្រីលង្ការ ម៉ូរីតានី ម៉ាដាហ្គាស្ការ និង សីស្ហែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ