ក្រសួងព័ត៌មានតែងតាំងអនុរដ្ឋលេខាធិការថ្មី ២រូប និងបន្ថែមទីប្រឹក្សា ១៧រូប

ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងជាមួយអ្នកសារព័ត៌មាននៅពេលកន្លងទៅ។​

លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានចេញព្រះរាជក្រឹតត្រាស់បង្គាប់តែងតាំងអនុរដ្ឋលេខាធិការក្រសួងព័ត៌មានថ្មីចំនួន ២រូប រួមមាន លោក នុត បូផាន់ និង លោក ឆាយ សុផល និងបន្ថែមទីប្រឹក្សាចំនួន១៧រូបផ្សេងទៀត ពីលើទីប្រឹក្សាចំនួន ១៧៣ នាក់ ដែលទើបតែងតាំងចាប់ពីខែមិថុនា។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ កញ្ញា ក្នុងចំណោមទីប្រឹក្សាទាំង១៧ រូប លោក ហែម វណ្ណរិទ្ធ លោក ទាវ សារៈមុនី លោក ឌីម សានិត និងលោក មាស រិទ្ធី មានឋានៈស្មើអនុរដ្ឋលេខាធិការ ឯអ្នក ១៣រូបទៀត មានឋានៈស្មើអគ្គនាយក។

យោងតាមទំព័ររចនាសម្ព័ន្ធក្រសួងព័ត៌មាន លោក នុត បូផាន់ គឺជាអគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ដោយឡែក លោក ឆាយ សុផល គឺជាអតីតអ្នកសារព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធសៀវភៅអំពីប្រវត្តិសាស្រ្ត និងឥស្សរជនអ្នកនយោបាយសំខាន់ៗរបស់កម្ពុជា។

គិតចាប់តាំងពីខែមិថុនាមក នេះគឺជាលើកទី៣ហើយ ដែលក្រសួងព័ត៌មានបានតែងតាំងទីប្រឹក្សាថ្មី សរុបទាំងអស់មានចំនួន ១៩០ នាក់ ដោយលើទី១ ទីប្រឹក្សាចំនួន ១០៦ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២៧ កក្កដា ២០១៩ និង ទីប្រឹក្សា ៦៧នាក់ ផ្សេងទៀត ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ មិថុនា ២០១៩ ក្នុងនោះមាន​មួយចំនួន​ជាអ្នកសារព័ត៌មានដែល​កំពុងបម្រើការងារក្នុងស្ថាប័នសារព័ត៌មាន​ធំៗមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ