អតីតសកម្មជន និងមន្ត្រីបក្សសង្គ្រោះជាតិ ៦នាក់ ដែលត្រូវចាប់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការរងនគរបាលជាតិ ប្រាប់វីអូឌីនៅថ្ងៃទី១៦ ខែកញ្ញា។
អតីតសមាជិកគណ:កម្មការប្រតិបត្តិស្រុកស្អាង លោក លី ម៉េងឃាង អតីតមេឃុំ សំរោងធំស្រុកកៀនស្វាយ លោក លី លីន និងលោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ ដែលសុទ្ធស្ថិតនៅក្នុងខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងថ្ងៃតែមួយកាលពីថ្ងៃទី១៤ ខែកញ្ញា។
ចំណែកឯអតីតសមាជិកយុវជនបក្សស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភារម្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែកញ្ញា នៅក្នុងថ្ងៃតែមួយដែលសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនកញ្ញា យូ ចាន់ធានី អតីតអ្នកអានព័ត៌មានទំព័រហ្វេសប៊ុកលោក សម រង្ស៊ី និងអតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ លោក ទុំ ប៊ុនថន ដែលត្រូវបានចាប់ខ្លួននៅឯខេត្តសៀមរាប។
អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា មនុស្សទាំង ៦នាក់នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររួចហើយ បន្ទាប់ពីតុលាការ និងសមត្ថកិច្ចរកឃើញថា អ្នកទាំងនោះចូលរួមសកម្មភាពល្មើសច្បាប់។
លោក ឆាយ គឹមឃឿន៖ «សម្រាប់តម្រុយវិញ គឺបើអត់តម្រុយសមត្ថកិច្ច គឺអត់ចាប់គេបានទេ។ កន្លងមកយើងក៏ធ្លាប់អញ្ជើញពួកគាត់ទៅសួរទៅនាំដែរ។ បើតុលាការគ្មានភស្តុតាងគ្មានឯកសារ គេឱ្យគាត់មកវិញ។ តែ ៦នាក់នោះ គេមានឯកសារគ្រប់គ្រាន់ហើយ មានទាំងសកម្មភាពមានអីទាំងអស់ បានជាតុលាការគេចេញដីកាឃុំខ្លួន។ ការនាំខ្លួនហ្នឹង គឺយកមកបំភ្លឺទេ តែក្រោយពីសួរបំភ្លឺ គឺមានឯកសារគ្រប់គ្រាន់ដែលឈានដល់ការឃុំខ្លួន ហើយឃុំខ្លួនទាំង ៦នាក់»។
ភរិយារបស់លោក ទុំ ប៊ុនថន គឺអ្នកស្រី សៀក សៀងឡេង ឱ្យដឹងថា ប្ដីរបស់អ្នកស្រីត្រូវសមត្ថកិច្ចយកទៅដាក់គុកព្រៃស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។ អ្នកស្រី អះអាងថា អ្នកស្រីបានបានទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃសនៅព្រឹកថ្ងៃចន្ទនេះផងដែរ។
អ្នកស្រី សៀងឡេង មានប្រសាសន៍ថា តាមឯកសារដែលអ្នកស្រីសង្កេតឃើញនៅពន្ធនាគារ តុលាការចោទប្រកាន់ប្ដីរបស់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ អ្នកស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធជួយឃ្លាំមើលករណីប្ដីអ្នកស្រីផង។
អ្នកស្រី សៀក សៀងឡេង មានប្រសាសន៍៖ «គេឱ្យជួបតែមួយភ្លែតព្រោះអីមនុស្សច្រើន គ្រាន់តែឃើញប្រពន្ធឃើញកូនគាត់ស្រក់ទឹកភ្នែកអ៊ីចឹងទៅ គាត់ប្រាប់ថា មិនបាច់បារម្ភពីគាត់ទេ។ គេឱ្យជួបធម្មតាគ្រាន់តែគេឆាប់ដេញយើងចេញមកវិញដោយសារមនុស្ស(អ្នកសួរសុខទុក្ខអ្នកទោសផ្សេង)ច្រើនពេក»។
បងប្រុសបង្កើតលោក ទុំ ប៊ុនថន គឺលោក ទុំ ប៊ុនលី បានដាក់ចម្ងល់ពីនិតិវិធីដែលសមត្ថកិច្ចចាប់ខ្លួន តុលាការសម្រេចឃុំខ្លួនប្អូនប្រុសរបស់លោក។
លោក ទុំ ប៊ុនលី មានប្រសាសន៍៖«ព្រួយបារម្ភដែរ ព្រោះចាប់ប្អូនខ្ញុំទៅមិនដឹងយ៉ាងម៉េចអីយ៉ាងម៉េច អត់មានផ្តល់ព័ត៌មានផ្តល់អ្វីទេ គ្រាន់តែបានដឹងថា គេចាប់គាត់។ ពេលណាគេកាត់ក្ដី(ចោទប្រកាន់)គេធ្វើតែគេ ឬយ៉ាងម៉េច? អានេះអត់មានពីណាដឹងទេ។ បងប្អូនមិត្តភក្ដិអីអត់មានអ្នកណាដឹង។ អ៊ីចឹង វាអយុត្តិធម៌ណាស់ចំពោះប្អូនខ្ញុំ»។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុច គឹមឡុង មិនទាន់អាចបញ្ជាក់បានទេថា អ្នកទាំង ៦នាក់ ត្រូវតុលាការចោទប្រកាន់ពីបទល្មើសតាមមាត្រាច្បាប់ណាមួយនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ឱ្យដឹងថា អ្នកជាប់ឃុំ ២នាក់ គឺលោក យ៉ាត ភារម្យ និងលោកទុំ ប៊ុនថន ត្រូវបានតុលាការសម្រេចដាក់ក្នុងពន្ធនាគារម១ កញ្ញា យូ ចាន់សុធានី ត្រូវឃុំក្នុងពន្ធនាគារម២ ខណៈដែលមនុស្ស ៣នាក់ទៀត ត្រូវឃុំក្នុងពន្ធនាគារខេត្តកណ្ដាល។ លោកមានប្រសាសន៍ថា ការចាប់ខ្លួនមន្ត្រីអតីតបក្សប្រឆាំងនេះ គឺពាក់ព័ន្ធបញ្ហានយោបាយ។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖«យើងគិតថា យើងមានការព្រួយបារម្ភ ព្រោះយើងឃើញមានការចាត់វិធានការជាបន្តបន្ទាប់អ៊ីចឹង ហើយរាជរដ្ឋាភិបាលហាក់ដូចជាអត់បានងាកគិតមិនយកការស្នើសុំរបស់សហគមអន្តរជាតិ(ឱ្យគោរពសិទ្ធិមនុស្ស) ទាល់តែសោះ។ ផ្ទុយទៅវិញ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅស្របនឹងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែធ្លាក់(អាក្រក់)ចុះនោះ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណីនេះជានិតិវិធីរបស់តុលាការ ដែលចៅក្រមស៊ើបសួរមានសិទ្ធិសម្រចបន្តនិតិវិធី។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «ការអនុវត្តច្បាប់ គឺអនុវត្តទៅលើអ្នកណាបំពានច្បាប់។ បើមានអ្នកបំពានច្បាប់ធ្វើសកម្មភាពអុកឡុកបង្កចលាចលក្នុងន័យគាំទ្រចលនាចាត់តាំងខុសច្បាប់ ឬធ្វើតាមការអំពាវនាវរបស់អង្គការចាត់តាំងខុសច្បាប់ គឺនឹងអនុវត្តនិតិវិធីបន្តទៀត ហើយមិនមានគោលដៅទៅលើអ្នកណាជាក់លាក់នោះទេ គឺជាទូទៅ»។
ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញានៅទំព័រហ្វេសប៊ុកលោក អេង ឆៃអ៊ាង នោះ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៦នាក់នេះ ដោយគ្មានដីកាពីតុលាការឡើយ។
សេចក្ដីថ្លែងការណ៍ដដែលនេះ ចាត់ទុកថា ការចាប់ និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើនេះ គឺជាទង្វើរំលោភបំពានយ៉ាងកំរោលលើច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្ដីថ្លែងការណ៍បានប្រដូចសកម្មភាពនេះ ដូចជាសកម្មភាពក្នុងរបបខ្មែរក្រហម។
សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា បើគិតអ្នកទាំង ៦នាក់ដែលចាប់ខ្លួនលើកនេះ សរុបចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនមានចំនួន ២៦នាក់ ហើយជាង ១៥០នាក់ទៀត ត្រូវបានកោះហៅទៅសាកសួរដោយសមត្ថកិច្ច។
របាយការណ៍កម្រាស់ ២០ទំព័ររបស់អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស បានលើកឡើងថា មួយឆ្នាំបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់សង្កិនសិទ្ធិនយោបាយ៕