ក្រសួងទេសចរណ៍ គ្រោងបំពាក់ភ្លើងបំភ្លឺនៅអង្គរវត្ត​ដើម្បីឱ្យភ្ញៀវចូលទស្សនាពេលរាត្រី

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

ក្រសួងទេសចរណ៍ គ្រោងនឹងបំពាក់ភ្លើងបំភ្លឺនៅតាមប្រាសាទអង្គរ វត្ត និងប្រាសាទមួយចំនួនទៀត ដើម្បីឱ្យភ្ញៀវទេសចរចូលទៅទស្សនានៅពេលរាត្រី។

គម្រោងដែលមានឈ្មោះថា Angkor Night នេះ ត្រូវបានស្នើឡើងជាមួយគម្រោងផ្សេងទៀត ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅខេត្តសៀមរាប ថ្ងៃទី១៦ កញ្ញា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរបរទេសមកកាន់ដែនដីវប្បធម៌-ប្រ​វត្តិ​សាស្រ្តរបស់ប្រទេសកម្ពុជា ក្រោយមានការធ្លាក់ចុះក្នុងរយៈពេល៨ខែ ជាប់ៗគ្នាក្នុងឆ្នាំ២០១៩ ។

កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ លោក សាយ សំអាល់ និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត ដើម្បីរិះរកដំណោះស្រាយបញ្ហាចំពោះមុខ និងរៀបចំផែនការមេអភិវឌ្ឍន៍រយៈពេលវែងលើគោលដៅទេសចរណ៍សៀមរាប-អង្គរ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក អាំង សុវណ្ណរ័ត្ន បានឱ្យដឹងថា Angkor Night គឺក្នុងគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាង២០ សម្រាប់ដាក់បញ្ចូលក្នុងផែនការចំពោះមុខរយៈពេលខ្លី ដើម្បីដោះស្រាយបន្ទាន់នូវបញ្ហាថមថយនៃចំនួនភ្ញៀវមកលេងខេត្តសៀមរាប និងទាក់ទាញសកម្មភាពទេសចរណ៍ពេលរាត្រីនៅតំបន់ប្រាសាទ។  

លោក សុវណ្ណរ័ត្ន មានប្រសាសន៍ថា៖ «ពេលយប់ភាគច្រើនសកម្មភាពមានតែនៅក្នុងក្រុងទេ ក្រុងសៀមរាបហ្នឹង។ ប៉ុន្តែ ដោយឡែកតំបន់ប្រាសាទយើងគឺស្ងាត់។ វាមានភាពស្ងាត់ដែលអត់មានជាសកម្មភាពអីសម្រាប់ភ្ញៀវទៅទេ។ អីចឹងបើសិនជានេះយើងចង់ថាអាចឱ្យមានការសិក្សាអីចឹង។ យើងស្នើឱ្យមានការសិក្សាគិតគូគ្នា[អន្តរក្រសួង]មើលទៅថា អាចគិតគូម៉េចដើម្បីឱ្យមានជាសកម្មភាពសម្រាប់ឱ្យភ្ញៀវនៅពេលយប់ដែរ នៅក្នុងតំបន់ប្រាសាទមួយចំនួន។ ប៉ុន្តែ ចាំបាច់យើងត្រូវគិតគូទៅលើសុវត្ថិភាពដែរ ទាំងសុវត្ថិភាពភ្ញៀវ ទាំងសុវត្ថិភាពប្រាសាទផ្ទាល់»

លោក អាំង សុវណ្ណរ័ត្ន បញ្ជាក់បន្ថែមថា សម្រាប់ផែនការដំណោះស្រាយចំពោះមុខ ខាងគណៈកម្មការអន្តរក្រសួងនឹងដាក់ចេញឱ្យបាននៅបំណាច់ឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ ចំណែកផែនការមេរយៈពេលវែងដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកលេងខេត្តសៀមរាប-អង្គរ គឺគ្រោងនឹងសម្រេចឱ្យបាននៅមុខឆ្នាំ ២០៣៥។

ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន សាទរចំពោះគំនិតផ្តួចផ្តើមរបស់គណៈកម្មការអន្តរក្រសួង ដោយលោកស្រីយល់ឃើញថា ភ្ញៀវទេសចរណ៍ចេញដើរក្រៅប្រទេសតែងចង់ដើរកម្សាន្តទាំងពេលថ្ងៃនិងពេលយប់ ហើយខេត្តសៀមរាបកំពុងខ្វះគោលដៅទេសចរណ៍ពេលរាត្រី។

លោកស្រី ស៊ីវលីន បន្ថែមថា ក្រសួងទេសចរណ៍គួររៀបចំឱ្យមានកន្លែងដែលភ្ញៀវអាចដើរកម្សាន្តដោយខ្លួនឯង ដោយមិនព្រួយបារម្ភពីសុវត្ថភាព និងចរាចរ និងធ្វើយ៉ាងណាជំរុញឱ្យមានការបង្កើនគុណភាពផលិតផលវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។

លោកស្រី មានប្រសាសន៍ថា៖ «ចាស!​យើងចង់បានធ្វើម៉េចទាក់ទាញឱ្យភ្ញៀវដើរដោយខ្លួន​ឯង[…] ហើយនឹងចង់បានជាវត្ថុអនុវស្សាវរីយ៍ ហើយចង់បានការជំរុញណាមួយឱ្យវត្ថុអនុស្សាវរីយ៍នៅក្នុងស្រុកឱ្យមានគុណភាព និងបរិមាណច្រើនជាងហ្នឹង»

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងក្នុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថា បញ្ហាធ្លាក់ចុះនៃកំណើនភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាប គឺមួយផ្នែកដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក ដែលប៉ះពាល់ចំណូលប្រជាជនទូទាំងពិភពលោក ពិសេសប្រជាជនចិន ដែលជាប្រភពទេសចរដ៏ធំរបស់កម្ពុជា និងមួយផ្នែកទៀតដោយសារការលក់ផលិតផលអនុស្សាវរីយ៍ក្លែងក្លាយដល់ភ្ញៀវ។

លោក ថោង ខុន បន្ថែមថា កញ្ចប់ថវិកាចំណាយរបស់ភ្ញៀវទេសចរណ៍ក្នុងការដើរលេងកម្សាន្តក្រោប្រទេស គឺមានចំនួន២៥%ទៅលើការទិញវត្ថុអនុស្សាវរីយ៍ ដូច្នោះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់គោលដៅទេសចរណ៍ និងកិត្យានុភាពជាតិ។

លោក មានប្រសាសន៍បន្ថែមថា៖ «គ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនអាជីវកម្មទាំងអស់ បើស្រលាញ់ស្រុកទេស ឈប់ទៅ។ បើបងប្អូននៅតទៀតអាចនឹងប្រឈមមុខនឹងផ្លូវច្បាប់ ព្រោះយើងមានច្បាប់ថ្មីនេះ គឺច្បាប់ការពារអ្នកប្រើប្រាស់។ គឺបើបងប្អូននៅធ្វើកិច្ចការហ្នឹងទៀត គឺនឹងត្រូវជាប់គុក ទទួលទោសតាមច្បាប់»

ទិន្នន័យ​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​សីហា​មានចំនួន ១លាន ៥៥ម៉ឺននាក់ ​បាន​ធ្លាក់​ចុះ​​ប្រហែល ១១​ភាគរយ បើធៀបរយៈ​ពេលដដែល នៅ​ឆ្នាំ​២០១៨​ ហើយចំណូលពីការលក់សំបុត្រ ​ធ្លាក់​ចុះ​អស់​ជិត ១២​ភាគរយ ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ