អាជ្ញាធរ​សម្រេច​បញ្ឈប់​ប្រតិបត្តិការ​ទាញ​សាឡង់​ដឹក​ខ្សាច់​ជាប់​គាំង​នឹង​ស្ពាន​ព្រែក​តាមាក់

សាឡង់​ដឹក​ខ្សាច់​ជាប់​គាំង​នឹង​ស្ពាន​ព្រែក​តាមាក់ (ប្រភព៖ វេបសាយ ក្រសួងសាធារណការ និង ដឹកជញ្ជូន)

មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​ទាញ​យក​សាឡង់​ដឹក​ខ្សាច់ ដែល​បាន​បើក​បុក និង​ជាប់​គាំង​នៅ​នឹង​ជើង​សរសរ​ស្ពាន​ព្រែកតាមាក់​ហើយ ដោយ​រង់ចាំ​ដល់​ទឹក​ស្រក​ទើប​អូស​ចេញ។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ប៉ាល់ ច័ន្ទតារា បាន​ឱ្យ​ដឹង​ថា សាឡង់​មួយ​គ្រឿង​ដឹក​ខ្សាច់​ទម្ងន់​ចន្លោះ​ពី ៦០០ ទៅ ៧០០​តោន បាន​បុក​នឹង​ជើង​តាង​នៃ​សរសរ​ស្ពាន​ព្រែកតាមាក់ ហើយ​លិចជាប់​នៅ​ទីនោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​​រហូត​មក​ដល់​ថ្ងៃ​នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឱ្យ​ដឹង​ថា​ ​ទោះ​បី​ធ្វើការ​បូម​ខ្សាច់​យកចេញ​អស់ពី​សាឡង់​ ​ក៏​ពុំ​អាច​បន្ថយ​ទម្ងន់​ ​ហើយ​អូសយក​សាឡង់​នោះ​ចេញពី​ជើង​តាង​សរសរ​ស្ពាន​ព្រែកតាមាក់​បាន​ដដែល​។​

​លោក​ ​ប៉ាល់​ ​ច័ន្ទ​តារា ប្រាប់​ថា​៖​​«​ចំពោះ​សាឡង់​ដែល​កឿង​នឹង​គល់​ស្ពាន​កណ្តាល​ប៉ែក​ខាងកើត​ហ្នឹង​ ​យើង​បាន​ដាក់​ពោង​ជា​សញ្ញា​អី​អស់ហើយ​។ ​ដូច្នេះ​ បងប្អូន​ប្រជាពលរដ្ឋ​យើង​អាច​ធ្វើ​ចរាចរណ៍​ក្រោម​ស្ពាន​បាន​ ​លើកលែងតែ​តំបន់​កណ្តាល​ស្ពាន​ប៉ែក​ខាងកើត​ហ្នឹង​ ​គឺ​យើង​មិន​អាច​អនុញ្ញាត​ឱ្យធ្វើ​បានទេ​។​ ​អត់មាន​បញ្ហា​អី​ខូចខាត​ក្រោម​ជើង​ស្ពាន​អី​ ​គឺ​មិន​មាន​បញ្ហា​អីទាំងអស់​ ​អត់​បញ្ហា​ទេ​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​បារម្ភ​ឱ្យ​សោះ​»​។​

​លោក​មេធាវី​​នៃ​ការិយាល័យ RIGHTs & BUSINESS LAW លោក ​សេក​ ​សោភ័ណ​ លើក​ឡើង​ថា​ ​ករណីនេះ​ គឺជា​បទល្មើស​ជាក់ស្តែង​ ហើយ​ក្រសួង​អាច​ប្ដឹង​ទាម​ទារ​សំណង​ពី​ក្រុមហ៊ុន​ដឹក​ខ្សាច់ ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទំហំ​នៃ​ការ​ខូច​ខាត។

លោក​មេធាវី​ ​សេក​ ​សោភ័ណ​ ​បាន​ពន្យល់​ថា​៖​ ​«​តុលាការ​គ្របដណ្ដប់​គ្រប់​រឿង​ក្តី​ទាំងអស់​រួម​ទាំង​រឿង​រដ្ឋបាល​ផង​ ​ហើយរឿង​ការខូចខាត​ទ្រព្យសម្បត្តិ​នេះ​ជា​រឿង​ព្រហ្មទណ្ឌ​។​ ​អ៊ីចឹ​ង រឿង​ព្រហ្មទណ្ឌ​ជាទូទៅ​ គេ​ប្រើ​នីតិវិធី​ព្រហ្មទណ្ឌ​ហើយ​។​ ​ជាទូទៅ ​ចៅក្រម​ស៊ើប​គេ​អាច​បង្គាប់​ឱ្យ​មាន​អ្នកបច្ចេកទេស​ ​ស្នើ​​សុំ​អ្នកបច្ចេកទេស​ឯករាជ្យ​ ​ដើម្បី​វាយតម្លៃ​នៃ​ការខូចខាត​ហ្នឹង​ ​ហើយ​គេ​ផ្អែកលើ​អាហ្នឹង​ គេ​សម្រេច​ចឹង​ទៅ​»​។​

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា នរណា​ជា​​ម្ចាស់​សាឡង់​ហ្នឹង លោក ប៉ាល ច័ន្ទតារា បាន​​ប្រាប់​ថា សាឡង់​ដឹក​ខ្សាច់​នោះ​កាន់​កាប់​ដោយ​​ម្ចាស់​ឈ្មោះ ចាន់ណា ជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​រូប​នេះ អះ​អាង​ថា ដោយ​ផ្អែក​តាម​ការ​វាយ​តម្លៃ​ពី​ក្រុម​វិស្វករ​ចិន​ដែល​បាន​សាង​សង់​ស្ពាន​នោះ ឧបទ្ទវ​ហេតុ​នេះ មិន​បានធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សរសរ​ទម្រ​ស្ពាន​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ