វិភាគ៖ បើហិង្សាកើតឡើងនៅថ្ងៃ៩វិច្ឆិកា តើ​នរណាទទួលខុស?

សមត្ថកិច្ចរាប់រយនាក់ត្រៀម​ហាមឃាត់ការដង្ហែក្បួនរបស់បក្សប្រឆាំង (រូបកាលពីពេលកន្លងទៅ)

ជម្លោះនយោបាយខ្មែរនា​ពេល​សព្វ​ថ្ងៃ​នេះ​ កំពុងរុញកម្ពុជាឱ្យប្រឈមទៅនឹងបញ្ហធំៗពីរ គឺការប្រឈមនឹងទណ្ឌកម្មពីអន្តរជាតិរបស់ប្លុកលោកសេរី  និងបង្កឱ្យ​​ជាតិបែកបាក់ ។

នោះក៏ដោយសារអ្នកនយោបាយខ្មែរ ដែលជាគូជម្លោះ មិនបន្ទន់ឥរិយាបទ​ជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយ ការពារផលប្រយោជន៍ជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមេដឹកនាំឡាវ នាសប្តាហ៍មុននេះ​ បានប្រកាសថា លោកបានផ្ញើ​ដីកា ទៅប្រ​ទេ​ស​ជាសមាជិកអាស៊ានទាំង ៩រួចហើយ ឱ្យសហការចាប់ខ្លួនលោក​ មស រង្ស៊ី ដែលលោកហៅថាជាចំណាត់ការផ្លូវច្បាប់​របស់កម្ពុជា។

លោក សម រង្ស៊ី ដែលនិរទេសខ្លួនជាង ៤ឆ្នាំ ដោយសារតែឡោមព័ទ្ធដោយបបណ្តឹងជាង ១០ករណី​ពី​ថា្នក់​ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​នោះ បានប្រកាសថា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ លោក និងថ្នាក់ដឹកនាំមួយចំនួនទៀត នឹងធ្វើ​និវត្តន៍​កម្ពុជាវិញ។

គម្រោងវិលចូលកម្ពុជារបស់លោក សម រង្ស៊ី បានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមប្តូរមេដឹកនាំបក្សកាន់អំណាច​សង្គ្រោះ​ប្រជាធិបតេយ្យ ខណៈដៃគូប្រកួតនៅតែបន្តបិទផ្លូវចរចា។

អតីតគណបក្សសង្គ្រោះជាតិ មុនតុលាការកំពូលរំលាយចេញពីឆាកនយោបាយ គណបក្សនេះ មានគាំទ្រជាង ៣លាននាក់ ប្រហាក់ប្រហែលបក្សកាន់អំណាចដែរ។ នេះបើតាមលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់​កាល​ពីឆ្នាំ២០១៧។

បើគ្មានអ្វីប្រែប្រួលទេ វានឹងបង្កើតជាសំណួរថា តើនរណាទទួលខុសត្រូវបើហិង្សាកើតឡើងនៅថ្ងៃទី៩វិច្ឆិនោះ?

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដើមចមនៃជម្លោះនយោបាយនៅកម្ពុជា  ចាប់ផ្តើមពីការចាប់ខ្លួនមេបក្សប្រឆាំង និងរំលាយគណបក្សនេះ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨មក។

លោក អំ សំអាត បន្តថា បញ្ហានេះ បង្កឱ្យមានការរិះគន់ថា ពលរដ្ឋមួយចំនួនបាត់សិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដែលធានាដោយរដ្ឋធម្មនុញ្ញ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​លោក​ថា ស្រមោលពីអតីតកាលនេះ ជាក្តីបារម្ភពីលទ្ធិភាពនៃផ្ទុះអំពើហិង្សាកើត​ឡើង​នៅថ្ងៃទី៩ វិច្ឆិកា រវាងអ្នកគាំទ្របក្សកាន់អំណាច និងអ្នកស្មោះស្ម័គ្រគណបក្សប្រឆាំង  បើគ្មានការចរចាន​យោបា​យ​កើតឡើង។

លោក អំ សំអាត ប្រាប់ថា៖ «យើងអត់ចង់ឃើញអំពើទាំងអស់ហ្នឹងកើតឡើងទេ ព្រោះសុទ្ធតែពលរដ្ឋខ្មែរដូចគ្នា។ អញ្ចឹងបានជាយើ​ង​ចង់ឱ្យអ្នកនយោបាយហ្នឹង ធ្វើយ៉ាងណាឱ្យអ្នកនយោបាយទាំងអស់ហ្នឹង គិតអំពីឧត្តមប្រយោជន៍ជាតិ ឧត្តប្រប្រ​យោ​ជន៍ពលរដ្ឋជាធំ កុំគិតពីផលប្រយោជន៍អំណាច និងផលប្រយោជន៍នយោបាយជាធំ»

លោក អំ សំអាត ពន្យល់ទៀតថា បើអំពើហិស្សាកើតឡើងដោយសារជម្លោះនយោបាយ អ្នកដែលទទួលខុសត្រូវធំជាងគេ គឺរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលជាអ្នកអនុវត្តតាមរដ្ឋធម្មនុញ្ញ។

លោក អំ សំអាត បន្ថែមថា៖ «បើសិនអាទិភាព[អំពើហិង្សា]កើតឡើងប្រវត្តិសាស្ត្រនឹងចងចាំទៅលើអ្នកនយោបាយសម័យហ្នឹងទីពីរអ្នកដែលទទួលខុសត្រូវចំពោះមុខ ភាគច្រើគេដាក់បន្ទុកទៅរដ្ឋឬអ្នកដឹកនាំប្រទេស ឬគណបក្សកាន់អំណាចហ្នឹងទទួលបន្ទុកធ្ងន់ជាងគេ»

មាត្រា ៥១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា «កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ​សេរីពហុបក្ស។ ពលរដ្ឋខ្មែជាម្ចាស់ប្រទេសជាតិរបស់ខ្លួន អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាល​ប្តេជ្ញា​​រក្សាការពារឯករាជ្យ​ អនុវត្តនយោបាយបង្រួបបង្រួមជាតិ»

អ្នកជំនាញផ្នែកច្បាប់លោកមេធាវី សុក​ សំអឿន ពន្យល់ថា សិទ្ធិប្រមូលផ្តុំ ​ឬការតវ៉ាដោយសន្តិវិធី ធានាដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែ លោក​ថា ចំណែកអាជ្ញាធររដ្ឋ អាចបំបែក ឬបង្ក្រាបការតវ៉ានេះបាន បើមានអំពើហិង្សាកើតឡើង។

មេធាវីរូបនេះ ផ្តល់ជាយោបល់ថា វិវាទនយោបាយពេលនេះ ត្រូវបញ្ចប់ទៅវិញ ដោយការចរចានយោបាយ ព្រោះបញ្ហាវាបានកើតឡើងនយោបាយ។ លោកថា បើអំពើហិង្សាកើតឡើង រដ្ឋាភិបាលជាអ្នកដោះស្រាយជាមួយសហគមន៍អន្តរជាតិ ។

លោក សុក សំអឿន ប្រាប់ថា៖ «អាហ្នឹង[ជម្លោះនយោបាយ]មិនមែនជាបញ្ហាផ្លូវច្បាប់ទេ ជាបញ្ហានយោបាយ ដែលតម្រូវឱ្យអ្នកន​យោបា​​យដោះស្រាយគ្នា។ អាហ្នឹងបានវាចប់ មិនចប់ដោយច្បាប់ទេ។ អាហ្នឹង បើសិនម្ខាងៗ មិនយកនយោបាយមកប្រើ វាអា​ច​មានការបង្ហូរឈាម ហើយបើរដ្ឋាភិបាលប្រើកម្លាំងហួសហេតុ វាអាចមានការគាបសង្កត់ពីអន្តរជាតិ»

​អ្នក​ជំនាញ​សិ​ទ្ធិ​មនុ​ស្ស​​​​អង្គការស​ហ​ប្រជា​ជា​តិទ​ទួលបន្ទុ​ក​សិ​ទ្ធិ​ម​នុស្សប្រ​ចាំ​ក​ម្ពុ​ជា​ លោ​កស្រី រ៉ូណា​ ស្មីត ​(​Rhona​ Smith​) ថ្លែ​ង​នៅ​ពេល​បើ​កកិច្ច​ប្រ​ជុំក្រុមប្រឹ​ក្សាសិ​ទ្ធិ​មនុ​ស្ស​លើ​កទី៤​២ កាល​ពី​សប្តាហ៍មុននេះ​ថា​ លំហរប្រ​ជា​ធិបតេយ្យ ​និ​ង​សិទ្ធិម​នុ​ស្ស​នៅ​កម្ពុជា​​ក្នុង​រយៈ​ពេ​លមួយ​ឆ្នាំ​​ក្រោយការបោះឆ្នោ​ត​ជា​តិ​ឆ្នាំ២០​១​៨ គ្រ​បដ​ណ្ដ​ប់ទៅ​​​ដោយកា​រ​គា​បសង្កត់​សិទ្ធិន​យោបា​យ ពិសេសការយាយីអ្នកនយោបាយប្រឆាំង។

ប៉ុន្តែ តំណាងរដ្ឋាភិបាលកម្ពុជា​ប្រចាំនៅអង្គការសហប្រជាតិ បានច្រានចោល​នូវ​ការ​វាយ​តម្លៃ​នេះ ដោយ​ចាត់ទុក​ថា មានភាពលម្អៀង និងបា​ន​ប​ន្ទាប​ត​ម្លៃ​គោល​ការ​ណ៍អ​ព្យា​ក្រឹ​ត​ភាព​រ​ប​ស់​កា​រិយាល័យ​ឧត្ត​ម​ស្ន​ង​កា​រអង្គ​កា​រ​សហ​ប្រ​​​ជា​ជាតិទ​ទួ​លប​ន្ទុក​សិទ្ធិម​នុ​ស្ស​។​

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា ជម្លោះនយោបាយ កំពុងជំរុញឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ និង​កំពុងជំរុញកម្ពុជាឱ្យជាប់ទណ្ឌកម្មអន្តរជាតិ។

អ្នកវិភាគរូបនេះ លើកឡើងទៀតថា សារគំរាមរបស់លោក សម រង្ស៊ី  ជាយុទ្ធសាស្ត្រ ដើម្បីបើកផ្លូវឱ្យខ្លួនបានប្រឡូកក្នុងឆាកនយោបាយឡើងវិញ។ ប៉ុន្តែ លោក​ថា សារគំរាម​របស់បក្សកាន់អំណាចវិញ ក៏ជាយុទ្ធសាស្ត្រទប់ស្កាត់​លោក​ សម រង្ស៊ី ឱ្យបន្តនៅក្រៅប្រទេស ដើម្បីងាយគ្រប់គ្រងស្ថានការណ៍ ក្រោយរំលាយគណបក្សប្រឆាំងបានជោគជ័យ។

លោក ឯម សុវណ្ណារ៉ា ប្រាប់​ថា៖ «ការប្រកាសនេះ ជាការគំរាមកុំឱ្យលោក​ សម រង្ស៊ី មកទេ។ តែបើមក គឺចាប់បាន ចាប់លោក សម រង្ស៊ី បាន ប៉ុន្តែ អ្វីដែលពិបាកជាងគេ គឺចាប់ហើយវាមានព្រឹត្តិការណ៍ វាមានការប្រែប្រួល វាអត់នៅដដែលទេ។ ពលរដ្ឋអាចរំជើ​បរំជួល អាចប្រឈមជាមួយអាជ្ញាធរ ។ អីចឹង ស្ថានភាពវាតានតឹង ឬក៏សហគមន៍អន្តរជាតិគេចាប់អារម្មណ៍កាន់​តែច្រើ​ន ហើយ​ដាក់សម្ពាធមករដ្ឋាភិបាលកាន់តែខ្លាំង។ អាហ្នឹងទេដែលបក្សកាន់អំណាចព្រួយបារម្ភនោះ»

ប៉ុន្តែ អ្នកវិភាគរូបនេះ ផ្តល់ជាយោបល់ថា បើមានការបង្ក្រាបបែបអំពើហិង្សាកើតឡើង​ សហគមន៍អន្តរជាតិនឹងថ្កោលទោសរដ្ឋាភិបាលមុនគេ។

ជម្លោះនយោបាយដែលបានចាប់ឃុំខ្លួន លោក កឹម សុខា និងរំលាយគណបក្សប្រឆាំង ជំរុញឱ្យសហភាពអឺរ៉ុប ប្រកាសវិធានការ ​ ​ឈាន​ទៅ​រក​ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បើរដ្ឋាភិបាល​មិន​រៀបចំការបោះឆ្នោតឡើងវិញតាមយន្តការប្រជាធិបតេយ្យ និង​គ្មាន​វត្តមានអតីតគណបក្សប្រឆាំង បានចូលរួមប្រកួតឡើងវិញនោះ។

ចំណែកសហរដ្ឋអាមេរិកវិញ ក៏បានគំរាមដូចគ្នាពីលទ្ធភាពដកប្រព័ន្ធអនុគ្រោះពន្ធ​ទូទៅ GSP របស់ខ្លួន ជាអ្វីដែលអាមេរិកថា ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យឡើងវិញ។

ជាងនេះទៅទៀត សភាអាមេរិក បានអនុម័តរួចហើយនូវ​សេចក្តីស្នើច្បាប់​ប្រជាធិបតេយ្យកម្ពុជា ឬហៅថា HR 526 សម្រាប់ដាក់ទណ្ឌកម្មទិដ្ឋាការ និងបង្កទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ និងអ្នកស្និទនឹងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ ច្បាប់នេះ ត្រូវឆ្លងកាត់ព្រឹទ្ធសភាអាមេរិក និងប្រធានាធិបតី លោក ដូណាល់ ត្រំា ទើបចូល​ជា​ធរមាន។

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ​ វិភាគថា គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា ជាកាតព្វកិច្ចរបស់អាជ្ញាធររដ្ឋ ត្រូវធានាការពារសន្តិសុខ ទប់ស្កាត់កុំឱ្យកើតមានអំពើហិង្សា និងទី២ បើអំពើហិង្សាកើតឡើងដោយមិនអាចទប់ស្កាត់បាន អាជ្ញាធរត្រូវស៊ើបអង្កេតដោយយុត្តិធម៌ឥតលម្អៀងស្វែងរកជនបង្កមកផ្តន្ទាទោស។

លោក គឹម សុខ  វិភាគថា៖ «រឿងរ៉ាវវិវត្តនៅកម្ពុជា ច្បាស់ជាអាជ្ញាធររដ្ឋនឹងចោទក្រុមប្រឆាំង ដើម្បីអនុវត្តនូវយុទ្ធវិធីជាអចិន្ត្រៃយ៍របស់ក្រុមលោក ហ៊ុន សែន ហើយទម្លាក់កំហុសដាក់អ្នកដទៃនៅក្នុងផែនការបំបាក់អ្នកប្រឆាំងតាមហិច្ឆិតារបស់ក្រុមលោក ហ៊ុន សែន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ