លោក នេត សាវឿន បញ្ជានគរបាលទូទាំងប្រទេសទប់ស្កាត់ចលនា​គាំទ្រលោកសមរង្ស៊ី

អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថ្លែងពីសភាពការណ៍នយោបាយទៅកាន់នាយនគរបាលទាំងអស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ នាព្រឹកថ្ងៃទី១៧ខែកញ្ញានៅក្រសួងមហាផ្ទៃ (រូបថតវណ្ណ វិចារ)

អគ្គស្នងការនគរបាលជាតិ លោកនេតសាវឿន ដាក់បទបញ្ជាទៅកាន់ស្នងការនគរបាលទូទាំងប្រទេសឱ្យត្រៀមកម្លាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយរបស់អ្នកគាំទ្រលោក សម រង្ស៊ី។

បទបញ្ជានេះ ធ្វើឡើងដោយផ្ទាល់មាត់ ក្នុងកិច្ចប្រជុំបិទទ្វា ដើម្បីផ្សព្វផ្សាយការងារសន្តិសុខទៅដល់កម្លាំងនគរបាលទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

កិច្ចប្រជុំបិទទ្វារយៈពេលជាង២ម៉ោងនេះ ដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន ដែលមានវត្តមានចូលរួម ពីស្នងការនគរបាលគ្រប់ខេត្តនៅទូទាំងប្រទេស និងនាយនគរបាលទទួលផែនសន្តិសុខទាំងអស់។

អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការអប់រំចិត្តសាស្ដ្រកងកម្លាំង ការពង្រឹងសន្តិសុខរដូវភ្ជុំនិងការត្រៀមកម្លាំងបង្ក្រាបចលនាខុសច្បាប់ដែលសំដៅដល់ចលនាគាំទ្រលោកសមរង្ស៊ី។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឆាយ គឹមឃឿន ឱ្យដឹងថាកិច្ចប្រជុំរបស់អគ្គស្នងការនគរបាលជាតិនេះ ជាការឆ្លើយតបទៅនឹង ស្ថានការណ៍វិវត្តន៍ថ្មីនៃនយោបាយនៅកម្ពុជា ។លោកបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន បានចេញបទបញ្ជាផ្តោតលើចំណុចសំខាន់ចំនួន២គឺការថែរក្សាសន្តិសុខរដូវភ្ជុំបិណ្ឌនិងការការពារទប់ស្កាត់ចំពោះចលនាប្រឆាំងដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។

លោក ឆាយ គឹមឃឿន៖ «គាំទ្រទណ្ឌិតសមរង្ស៊ីបានន័យថាប្រឆាំងនឹងច្បាប់! អ៊ីចឹងយើងអនុវត្តច្បាប់។ ការផ្សព្វផ្សាយអំបាញ់ម៉ិញនេះគឺផ្សព្វផ្សាយដល់ថ្នាក់មន្ត្រីនគរបាលជាតិទាំងអស់ឱ្យយល់ពីឧបាយកលសកម្មភាពនិងចេតនារបស់ពួកឧទ្ទាមនេះ។

យើងផ្សព្វផ្សាយទាំងអស់ហ្នឹងហើយ យើងប្រើពាក្យថាសភាពការថ្មីចង់និយាយពីឧបាយកលសកម្មភាពនិងពុតត្បុតរបស់ពួកប្រឆាំង»។

ឆាយ គឹមឃឿន
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឆាយគឹមឃឿន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំការងារសន្តិសុខនាព្រឹកថ្ងៃទី១៧ខែកញ្ញា២០១៩នៅក្រសួងមហាផ្ទៃ (រូបថត វណ្ណ វិចារ)

ចុងបញ្ចប់នៃកិច្ចប្រជុំ អ្នករៀបចំកម្មវិធី បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលថតរូបអង្គប្រជុំនេះ។ នៅចំពោះមុខអ្នកសារព័ត៌មាននិងអង្គពិធី លោក នេត សាវឿន បានថ្លែងទៅកាន់នាយនគរបាលទាំងអស់ ដូច្នេះថា

«ការងារសន្តិសុខសំខាន់ណាស់ ដូច្នេះហើយអ្នកមានភារកិច្ច នាយនាយរងនិងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមគ្នាការពារសេចក្ដីសុខសន្តិភាព។ យើង ប្តេជ្ញាមិនឱ្យពួកណា ពួកក្បត់ជាតិណាមកបំផ្លាញសេចក្ដីសុខនិងសន្តិភាពនៅកម្ពុជាបានឡើយ។»

កាលពីថ្ងៃទី១៥ខែកញ្ញា ក្រុមអតីតគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសមរង្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយសម្រេចលើការងារមួយចំនួនដែលរួមមាន គាំទ្រផែនការសកម្មភាពយុទ្ធសាស្ដ្រដឹកនាំរបស់លោកសមរង្ស៊ី ចាត់ចែងមធ្យោបាយឱ្យលោកសមរង្ស៊ីនិងមនុស្សមួយចំនួនទៀតចូលមកកាន់តំបន់អាស៊ីនៅថ្ងៃ៥វិច្ឆកា។ ក្រុមអតី​តគណបក្សប្រឆាំងនោះ ក៏បានលើកឡើងផងដែរពីការត្រៀមថវិកាឱ្យកងកម្លាំងដែលផ្តាច់ខ្លួនពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមកគាំទ្រចលនាលោក សម រង្ស៊ី  និងអំពាវនាវឱ្យពលរដ្ឋដែលធ្វើការនៅក្រៅប្រទេសចូលមកប្រទេសវិញជាមួយគ្នា។

អ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកថាការត្រៀមកម្លាំងរបស់សមត្ថកិច្ចនេះ ហាក់ដូចជាបង្ហាញថារាជរដ្ឋាភិបាលខ្លាចឥទ្ធិពលលោកសមរង្ស៊ី ។

លោកបញ្ជាក់ថា លោកមិនទាន់ជឿថាមេបក្សបក្សប្រឆាំងរូបនេះនឹងវិលចូលប្រទេសវិញតាមថ្ងៃដែលបានកំណត់ទុកនោះឡើយ។លោក​ កត់សម្គាល់ថា  ទំនាស់នយោបាយនេះកើតឡើងដោយសារតែមេដឹកនាំនយោបាយប្រកាន់ភាពអាត្មានិយម។

លោកឡៅ ម៉ុង ហៃ៖ «ស្ថានភាពនយោបាយមុនៗធ្វើឱ្យខ្ញុំឃើញបានជឿ លើកមុនៗគាត់(លោករង្ស៊ី)ថាត្រឡប់មកដែរតែអត់ឃើញ ។ សម្ដេចព្រះនរោត្តមសីហនុលោកមានបន្ទូលហើយ កាលណាមេដឹកនាំហ្នឹងគឺគិតតែផលប្រយោជន៍ខ្លួនឯងនោះក្លាយជាមេដឹកនាំអាក្រក់ហើយ»។

តំណាងអង្គការសហប្រជាជាតិអ្នកស្រីរ៉ូណាស្មីត បញ្ជាក់ក្នុងរបាយការណ៍ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ប្រទេសកម្ពុជាគ្របដណ្ដប់ដោយការសង្កត់សង្កិនសិទ្ធិនយោបាយក្នុងរយៈ១ឆ្នាំចុងក្រោយ ។ សង្គមស៊ីវិលកត់សម្គាល់ថាគិតត្រឹមថ្ងៃទី១៦ កញ្ញាសកម្មជនមូលដ្ឋាននិងមន្ត្រីអតីតបក្សប្រឆាំងចំនួន២៦នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ ខណៈដែលមនុស្សជាង១៥០នាក់ត្រូវសមត្ថកិច្ចកោះហៅទៅសួរចម្លើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ