ពលរដ្ឋប្រមាណ១០០នាក់ប្រមូលផ្តុំមុខតុលាការខេត្តកោះកុងបារម្ភចាប់ខ្លួនតំណាងពួកគាត់​

ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ នៅកោះកុង ប្រមូលផ្តុំឈរលើបដាមុខសាលាខេត្តដើម្បីគាំទ្រតំណាងពួកគេចូលបំភ្លឺនៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ (រូបភាពបានពីតំណាងពលរដ្ឋផ្តល់ឲ្)

ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ នៅកោះកុងប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងពួកគេដែលត្រូវបានតុលាការកោះហៅឲ្យបំភ្លឺ ដោយបារម្ភខ្លាចមានការចោទប្រកាន់ និងចាប់ខ្លួន។​

តំណាងពលរដ្ឋម្នាក់ដែលត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃស្អែក​ដែរអ្នកស្រី ដេត ហួរ ប្រាប់វីអូឌីថា  រូបគាត់ និងពលរដ្ឋផ្សេងទៀតប្រមូលផ្តុំនៅមុខតុលាការនៅថ្ងៃនេះ ដើម្បីទាមទារកុំឱ្យមានការចោទប្រកាន់លើរូបពួកគាត់ជាជនរងគ្រោះបាត់បង់ដីធ្លី។​

អ្នកស្រីបន្ថែមថា« ខ្ញុំឈឺចាប់យ៉ាងខ្លាំង ពួកខ្ញុំបានបាត់បង់ដីជាច្រើន។ ហើយបែរជាត្រូវបានលោកឧកញ៉ាហេងហ៊ុយចោទប្រកាន់ពីបទបរិហារកេរិ៍្តទៅវិញ។ ខ្ញុំនិយាយរឿងពិត។ ខ្ញុំមិនបានបរិហារកេរិ៍្តគាត់នោះទេ។ ហើយខ្ញុំសូមអំពាវនាវដល់តុលាការពិចារណា កុំឲ្យកាន់ជើងបុគ្គលមានលុយមានអំណាចមួយធ្វើបាបដល់ប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់នោះ​​ព្រោះពួកគាត់បាត់បង់ដីពិត»

បើតាមដីកាចំនួន៤ចុះថ្ងៃទី២៩ ខែសីហាដូចគ្នានោះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុងលោក រស់ សារាំ បានកោះហៅតំណាងពលរដ្ឋអ្នកស្រី កើត នៅ ឲ្យចូលបំភ្លឺម៉ោង៩កន្លះព្រឹកនេះ និងអ្នកស្រី អិន ធូ ម៉ោង២កន្លះរសៀលនេះ ខណៈតំណាង ពលរដ្ឋ២នាក់ទៀតមានអ្នកស្រី ដេត ហួរ នៅម៉ោង៩កន្លះស្អែក និងអ្នកស្រី អើប វី នៅម៉ោង២កន្លះស្អែកដែរ។

ពលរដ្ឋម្នាក់ដែលចូលរួមគាំទ្រតំណាងដល់មុខតុលាការនៅព្រឹកនេះ លោក ពួ ហួន បានទាមទារទៅតុលាការខេត្តកោះកុងឲ្យលើកលែងការចោទប្រកាន់លើតំណាងដែលតុលាការកោះហៅពេលកន្លងមកជាបន្តបន្ទាប់នោះ ដោយថា តំណាងពលរដ្ឋទាំងនោះពុំបានញុះញង់ពលរដ្ឋឲ្យតវ៉ា និងនិយាយបរិហារកេរិ៍្តណានោះទេ គឺពួកគេបានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកពិតមែន។

លោកបន្ថែមថា«ខ្ញុំសូមអំពាវនាវដល់តុលាការ លើកលែងការចោទប្រកាន់ លើតំណាងរបស់ប្រជាពលរដ្ឋដែលចោទថា ដើរញុះញង់ព្រោះគាត់មិនបានដើរញុះញង់ពលរដ្ឋទេ ពួកគាត់មិនបាននិយាយបរិហារកេរិ៍គេជាសាធារណៈទេ ពួកគាត់និយាយការពិត សូម្បីតែរូបខ្ញុំក៏ខ្ញុំនិយាយជាការពិតដែរ ព្រោះខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ»

 មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា ធ្លាប់មានប្រសាសន៍លើករណីនេះថា តុលាការកោះហៅតំណាងពលរដ្ឋឲ្យឆ្លើយបំភ្លឺតាមបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុន ហេងហ៊ុយ នេះ វាគឺជាការគំរាម​កំហែងក្រុមអ្នកភូមិមិនឲ្យចេញតវ៉ាទាមទារដីធ្លី។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ បានស្នើតុលាការឲ្យធ្វើការដោយឯករាជ្យ​ និងត្រូវស៊ើបឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងធ្វើការសម្រេចមិនត្រឹមត្រូវដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា«បើតាមការអះអាងរបស់ពួកគាត់។ ការនិយាយរបស់ពួកគាត់ហ្នឹងមិនបានធ្វើការបង្កាច់បង្ខូចទៅលើឧកញ៉ា ហេង ហ៊ុយ ទេ។ ពួកគាត់និយាយអ្វីដែលជារឿងពិត។ អ៊ីចឹង តុលាការត្រូវតែត្រួតពិនិត្យឲ្យមែនទែនចំពោះ ករណីបណ្តឹងនេះ ព្រោះមិនមែនថា ឧកញ៉ា​ ចោទប្រជាពលរដ្ឋហើយ តុលាការធ្វើទៅតាមបណ្តឹងឧកញ៉ានោះទេ។ តុលាការត្រូវមើលពីមូលហេតុជាក់ស្តែងរបស់ប្រជាពលរដ្ឋថា គាត់និយាយហ្នឹងចេញពីមូលហេតុណាមួយឲ្យជាក់លាក់ ថាគាត់និយាយភូតភរជាសាធារណៈដែរអត់»

ពលរដ្ឋ ១៩៧ គ្រួសារ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប នៅស្រុកស្រែអំបិល ខេត្តកោះកុងនោះ ត្រូវបានក្រសួងរៀបចំដែនដីប្រកាសបដិសេធដោះ​ស្រាយចំនួន ៣ដងរួចមកហើយ ដោយថា ពលរដ្ឋទាំងនោះមិនជាប់ពាក់ព័ន្ធវិវាទដីធ្លីនោះទេ ហើយ​ក្រសួង​ក៏​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ទាំង​នោះ​ទៀត​ផង។

បច្ចុប្បន្ននេះ ពលរដ្ឋ ១០នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៩៧​​គ្រួសារ​នោះ ត្រូវបានតុលាការ​ខេត្ត​កោះកុង កោះហៅឲ្យ​ចូល​បំភ្លឺ​ជា​បន្ត​បន្ទាប់ ទៅតាមបណ្តឹងរបស់ប្រធានក្រុមហ៊ុន ហេង ហ៊ុយ ដោយចោទប្រកាន់ពីបទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ