ចិន បដិសេធការចោទប្រកាន់ដែលថាខ្លួនប្រេីលុយ​ដើម្បី​ឲ្យ​កោះសូឡូម៉ុន​ផ្តាច់​ទូត​ជាមួយតៃវ៉ាន់

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាន ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩

រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់របស់​តៃវ៉ាន់ដែលថា​ខ្លួនប្រើប្រាស់ប្រាក់​ដើម្បី​បាន​ចំណងការទូតជាមួយកោះសូឡូម៉ុន។

រដ្ឋាភិបាល​កោះសូឡូម៉ុន​ដែល​ប្រទេស​ប្រជុំ​កោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩ បាន​កាត់​ផ្ដាច់​ទំនាក់​ទំនងការទូតជាមួយកោះ​តៃវ៉ាន់ ហើយប្រកាសភ្ជាប់​ការទូត​ជាមួយសាធារណរដ្ឋប្រជាមានិត​ចិនជំនួសវិញ។ ភ្លាម​ៗក្រោយការ​ប្រកាស​ផ្ដាច់ការទូតជាមួយខ្លួន រដ្ឋាភិបាល​ក្រុងតៃប៉ិ បាន​វាយប្រហារចិនថាបាន​ប្រើប្រាស់​ប្រាក់​ដើម្បី​អូសទាញ​​កោះសូឡូម៉ុនឲ្យទៅ​ខាងខ្លួន។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​ Hua Chunying បាន​ច្រានចោលការចោទប្រកាន់​របស់​ភាគី​តៃវ៉ាន់​ ដោយថា​រដ្ឋាភិបាល​ក្រុងប៉េកាំង​មិន​ដែលប្រេី​លុយ​ដើម្បី​បាន​ទំនាក់​ទំនង​ជាមួយ​ប្រទេសណានោះទេ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាល​ពីម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានលើកឡើងថា​តៃវ៉ាន់​ខ្លួនឯងទេ​ដែល​ប្រើប្រាស់​ប្រាក់ដើម្បី​បាន​ចំណងការទូត។ លោកស្រី បាន​ផ្ដាំផ្ញើរទៅ​កាន់មេដឹកនាំតៃវ៉ាន់​ផងដែរថាកុំ​សន្និដ្ឋាន​ថា​អ្នកដទៃធ្វើដូចគ្នាឲ្យ​សោះ។ លោកស្រី​ Hua Chunying បានចំអក​ទៅតៃវ៉ាន់​ទៀតថាអ្នកប្រើប្រាស់​​ការទូតបែប​ហិរញ្ញវត្ថុ នឹងមិនយល់​នោះទេ ថា​គោលការណ៍ និងទំនុក​ចិត្ត ជាអ្វីដែលមិន​អាចទិញ​បាន​។ ​

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបន្តថា​ការភ្ជាប់​ទំនាក់​ទំនង​ការទូតរវាង​ចិន និងប្រទេស​នានាឈរលើមូលដ្ឋាន​នៃការ​ផ្ដល់​ផលប្រយោជន៍ឲ្យគ្នាទៅវិញ​ទៅ​មក។ លោកស្រី ថា​រាល់​ជំនួយ​របស់ចិន​គឺផ្ដល់​ឲ្យ​តាម​តម្រូវការ​របស់ប្រទេសទាំងនោះ​ ដោយមិនលូកដៃចូលកិច្ចផ្ទៃក្នុង និង​ភ្ជាប់​លក្ខណ្ឌនយោបាយ​ណាមួយ​នោះទេ។ លោកស្រី​ បានបន្ថែម​ថារាល់​ជំនួយនិងគម្រោងរបស់​ចិន​តែងតែគិតគូរដល់​ផលប៉ះពាល់​ និរន្តរភាព ​និង​ភាពបើកចំហរ។

លោកស្រី​ Hua Chunying បាន​បញ្ជាក់ទៀត​ថា​ការសម្រេចចិត្តរបស់​មេដឹក​នាំ​សូឡួម៉ុនមកភ្ជាប់​ទំនាក់​ទំនងការទូតជាមួយចិន​វិញ​នឹងនាំមកនូវអនាគត​ដ៏ភ្លឺស្វាង​សម្រាប់​ដែនកោះមួយនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​ដែល​ចេញ​កាលពីល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានាធិបតី​កោះតៃវ៉ាន់ លោកស្រី Tsai Ing-wen  បានថ្កោលទោស​មេដឹក​នាំ​កោះសូឡួម៉ុន ដែលបាន​សម្រេច​​ផ្តាច់ការទូតជាមួយខ្លួន ហើយទៅចាប់​យកចិន។​ លោកស្រី បាន​បន្តថា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះរដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាស់​ជាបន្តបន្ទាប់​នូវ​សម្ពាធផ្នែក​ហិរញ្ញវត្ថុ និងនយោបាយ​ដើម្បី​គាបសង្កត់តៃវ៉ាន់​នៅលើឆាកអន្តរជាតិ។ លោកស្រី ថា​ទង្វើ​របស់​ចិនបែបនេះ មិនត្រូវតែ​ជាការគំរាម​កំហែង​ដល់​តៃវ៉ាន់ប៉ុណ្ណោះ​ទេ​ តែវា​ជាការបំផ្លាញ​ដល់សណ្ដាប់ធ្នាប់​ពិភពលោកទៀតផង។

ទោះយ៉ាងណាក៏ដោយ លោកស្រី Tsai Ing-wen  បាន​អះអាង​ថា​តៃវ៉ាន់​នឹងមិនលេងល្បែង​ការទូតការទូតបែប​ហិរញ្ញវត្ថុជាមួយ​ចិន​នោះទេ។ ជាមួយគ្នានេះ មេដឹកនាំតៃវ៉ាន់រូបនេះ ក៏បាន​អំពាវនាវដល់​ពលរដ្ឋរបស់​ខ្លួនឲ្យ​រួមគ្នា​ជាធ្លុងមួយបដិសេធគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​ចង់​ឲ្យ​តៃវ៉ាន់​ទទួលយក។

ក្រោយពី​បាត់​បង់​​កោះសូឡួម៉ុន នៅពេល​នេះកោះតៃវ៉ាន់ នៅសល់​ប្រទេសតែ១៦ប៉ុណ្ណោះដែលមានទំនាក់​ទំនងការទូតជាមួយគ្នា។ ប្រទេសទាំង១៦នោះរួមមាន ប្រទេសអ៊ីស្វាទីនី  ប្រទេសគិរីបាទី  ទូវ៉ាលូ ហុងឌុយរ៉ាស នីការ៉ាហ្ក័រ ប៉ារ៉ាហ្កាយ បេលីហ្ស ហ្គាតេម៉ាឡា កោះម៉ាសសាល់ បុរី​វ៉ាទីកង់ ប្រទេសណូរូ សាធារណរដ្ឋប៉ាឡូវ ប្រទេសហៃទី  កោះសង់ឃីត និង​ណេវីស ដែនកោះសង់​លូសៀ ដែនកោះសង់វិនសិន និង និង​ឌឹ​ហ្គ្រីណាឌីនីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ