អ្នកមានជម្លោះដីធ្លី១២គ្រួសារនៅបុរីកីឡា រស់នៅ​ក្រោម​ជណ្តើរ​រង់ចាំដំណោះស្រាយ​

អ្នកមានជម្លោះដីធ្លី១២គ្រួសារនៅបុរីកីឡា ជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច នាំគ្នាទៅស្នាក់នៅក្រោម អាគារជាប់ជណ្ដើរ រង់ចាំដំណោះស្រាយ

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផាន អ៊ីម៉ិច ចំនួន១២គ្រួសារ កំពុងរៀបចំបោះតង់រស់នៅ​ក្រោម​ជណ្ដើរអាគារ​មួយជា​បណ្ដោះអាសន្ន បន្ទាប់ពីសាលារាជធានីភ្នំពេញបានវាយកម្ទេចអាគារចាស់ដែលពួកគេស្នាក់នៅពេល​រង់ចាំដំណោះស្រាយ។

កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ អភិបាលរងសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា  បានដឹកនាំកម្លាំងចម្រុះ និងគ្រឿងចក្រទៅវាយកម្ទេចអាគារបុរីកីឡាចាស់ចោល ដែលធ្វើឱ្យប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលរស់ក្នុងអាគាររង់ចាំដំណោះស្រាយគ្មានកន្លែងស្នាក់នៅ។

បន្ទាប់ពីអាគារដែលពួកគេធ្លាប់រស់នៅត្រូវវាយកម្ទេចអស់ ប្រជាពលរដ្ឋទាំង១២គ្រួសារបាននាំគ្នាទៅស្នាក់នៅក្រោម អាគារជាប់ជណ្ដើរមួយកន្លែងក្នុងសហគមន៍បុរីកីឡា។

អ្នកមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាអ្នកស្រី សោម សុម៉ាលី រៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ទាំង១២ គ្រួសារគ្មានកន្លែងស្នាក់នៅដូចពីមុនទៀតទេ ដោយសារតែអាគារដែលធ្លាប់ស្នាក់នៅត្រូវបានអាជ្ញាធរវាយកម្ទេចចោលអស់។  ក្រៅពីគ្មានកន្លែងស្នាក់ហើយអ្នស្រីថា ពួកគាត់គ្មានអង្ករ ចាន ឆ្នាំង និងមិនសម្ភារៈសម្រាប់ប្រើប្រាស់ដែរ   ដោយសារ ថ្ងៃដែលឈូសផ្ទះ សមត្ថកិច្ចបានចាប់ពួកគេចេញពីអាគារ ។

អ្នកស្រីថា៖«ថ្ងៃដែលគាត់មកឈូសផ្ទះហ្នឹង គឺពួកខ្ញុំទាំងអស់គ្នាឈរនៅលើអាគារចាស់ចាក់សោនៅក្នុងផ្ទះមិនព្រមចេញទេ  ស៊ូស្លាប់ដើម្បីផ្ទះសម្បែរឱ្យកូនចៅទៅថ្ងៃក្រោយទៀត តែពួកគាត់មកចូលចោរប្លន់អ៊ីចឹង។ កងកម្លាំងជាច្រើនគាស់ទ្វារ វាយសោចាប់ពួកខ្ញុំអូសតាមជណ្ដើរ ដូចចោរប្លន់ អយុត្តិធម៌សម្រាប់ពួកខ្ញុំណាស់ស្អីក៏អត់យកបានដែរ មានតែខោអាវមួយចង្កេះៗស្លៀកសំពត់រហែកអូសខ្ញុំទៅ»។

កំពុងរៀបចំកន្លែងស្នាក់នៅ អ្នកស្រី តូច ចន្ថា រៀបរាប់ថា  ការដែលពួកគាត់ជ្រើសរើសទីតាំងកន្លែងជណ្ដើរសម្រាប់ស្នាក់នៅ ដោយសារ ពួកគាត់គ្មានប្រាក់សម្រាប់ជួលផ្ទះ បើទោះបីជារស់នៅទីកន្លែងនេះគ្មានទឹកនិងភ្លើងសម្រាប់ប្រើប្រាស់ក៏ដោយ។ 

អ្នកស្រីថា៖«កក់១០០ ដុល្លារ ជួលនៅ១០០ ដុល្លារ ចូលនៅទៅត្រូវបង់គេ ២០០ ដុល្លារ  ពួកខ្ញុំអត់មានលទ្ធភាពទេ។​ អ៊ីចឹងបានព្រឹកមិញ ពួកខ្ញុំបោកសំអាតកន្លែងនេះ ដើម្បីសម្រាកនៅកន្លែងនេះ គរលើគ្នាចោះ ព្រោះវាមានជណ្ដើរលើបន្តិចដែរ ហើយនឹងទីតាំងកន្លែងនេះ ហើយយើងមានបៅអ៊ី យើងដាកសម្រាក់ទៅ ដើម្បីស្រួលយើងជួបជុំគ្នា»។

ពលរដ្ឋបុរីកីឡាម្នាក់ អ្នកស្រី ភោក សុភីន លើកឡើង សាលារាជធានីភ្នំពេញ បានឱ្យសំណងដល់ពួកគាត់ចំនួន ១២ គ្រួសារនេះចំនួន ៥០០០ដុល្លារក្នុងមួយគ្រួសារ ជាថ្នូរនឹងការមិនយកផ្ទះនៅភូមិអណ្តូង ប៉ុន្តែពួកគាត់មិនព្រមទទួលយក ដោសារ សំណងនោះមិនអាចទិញផ្ទះនៅបុរីកីឡាបាន។

 អ្នកស្រីបន្តថា ពួកគាត់ទាំង១២ គ្រួសារ ក៏មិនព្រមទៅយកផ្ទះនៅភូមិអណ្តូងដែរ ដោយសារផ្ទះនៅភូមិឆ្ងាយពីសាលាកូនរៀន មិនអាចប្រកបរបអ្វីបាន ហើយគ្មានទឹក ភ្លើងជាដើម។

អ្នកស្រីស្នើទៅរដ្ឋាភិបាលឱ្យជួយរកដំណោះស្រាយដល់ពួកគាត់ ដោយថា បច្ចុប្បន្ននេះ  ពួកគាត់ទាំង១២ គ្រួសារ គ្មានកន្លែងស្នាក់ ហើយក៏មិនទាន់ទទួលបានសំណងដែរ។

​អភិបាលសាលារាជធានីភ្នំពេញលោក ឃួង ស្រេង សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកឱ្យសួរទៅអភិបាលរងលោក មាន ចាន់យ៉ាដា។

លោកថា៖«ទាក់ទង​ឯកឧត្ដម មាន ចាន់យ៉ាដា អ្នកនាំពាក្យខ្ញុំ។ ខ្ញុំអត់មានប្រសាសន៍កើតទេ ព្រោះគាត់អត់មានលក្ខខណ្ឌអីដែលត្រូវ យើងសងសំណងហ្នឹងកើតទេ។ សួរទៅឯកឧត្តមមាន ចាន់យ៉ាដា កាត់នឹងបំភ្លឺរឿងហ្នឹង»។

​អភិបាលរង លោក មាន ចាន់យ៉ាដា សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកឱ្យសួរទៅអ្នកនាំពាក្យលោក ម៉េត មាសភក្ដី។

លោកថា៖«ខលទៅអ្នកនាំពាក្យខ្ញុំ ព្រោះខ្ញុំមិនមែនជាអ្នកនាំពាក្យទេ»។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដីបានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

មន្រ្តីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត ជំរុញឱ្យសាលារាជធានីភ្នំពេញពន្លឿនការដោះស្រាយដោយផ្ដល់សំណងសរម្យដល់ពួកគេ ដើម្បីបញ្ចប់វិវាទដីធ្លីនេះ។

លោកថា៖«យើងសំណូមឱ្យសាលារាជធានីភ្នំពេញបន្តដោះស្រាយបន្តទៀត ទោះបីជាអាគារពួកគាត់ត្រូវបានវាយកម្ទេចចោលក៏ដោយ ក៏យើងនៅមានឱកាសដែរ ក្នុងការដោះស្រាយបន្តទៀត សម្រាប់ឱ្យពួកគាត់បានរស់នៅសហគមន៍បុរីកីឡាតាមសំណូមពរ...»។

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡា ដោយកាលណោះក្រុមហ៊ុននេះ​សន្យាសង់អាគារចំនួន ១០ជូនពលរដ្ឋវិញ ប៉ុន្តែ ក្រុមហ៊ុននេះ សង់បានតែ៨អាគារក៏ផ្អាកវិញ ដោយលើកហេតុផលថា ក្ស័យធន ។

កាល​ពី​ដើម​ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ប្រមាណ​ជាង ៣០០​គ្រួសារ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ទំហំ​ជិត ៣​ហិកតារ។

បន្ទាប់ពី​ការ​ឈូស​ឆាយ​ពលរដ្ឋ​ខ្លះ​បាន​ទទួល​សំណង​ជា​ផ្ទះ​នៅ​ក្នុង​បុរីកីឡា ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​ព្រះរាជ​ទ្រព្យ ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​រស់នៅ​ភូមិ​អណ្ដូង និង​ខ្លះ​ទៀត​ទទួល​យក​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ។

បើតាមលិខិតរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១ ខែសីហា​ ឆ្នាំ២០១៩ ដែលកោះហៅពលរដ្ឋបុរីកីឡាមកដោះស្រាយបញ្ចប់នោះ ឱ្យដឹងថា នៅសហគមន៍បុរីកីឡាមានពលរដ្ឋ ១៤គ្រួសារទៀត ពុំទាន់ទទួលបាន​សំណង​នៅ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ