លោក​ ស ខេង​ បក​ស្រាយ​សារ​បែកធ្លាយ​បញ្ជា​ឱ្យ​ទប់ស្កាត់​ក្រុមប្រឆាំង​ក្នុង​រដូវ​ភ្ជុំ​

សារលិខិត លោក ​ស ខេង បញ្ជាឱ្យទប់ស្កាត់ក្រុមប្រឆាំងក្នុងរដូវភ្ជុំ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស ខេង​ បកស្រាយ​ថា​ សំឡេង​បែកធ្លាយ​បញ្ជា​ឱ្យ​ទប់ស្កាត់​ផែនការ​របស់​គណបក្ស​ប្រឆាំងនៅតាមវត្តអារាម​ក្នុង​រដូវ​ភ្ជុំ​ថា ​ជា​វិធានការ​ទប់ស្កាត់​ចលនា​បំបែក​ផ្ទៃក្នុង​ជាតិ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ មិនមែនជាបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ។​

លោក​ ស ខេង​ លើកឡើង​លើ​គេហទំព័រ​ហ្វេ​សប៊ុ​ករបស់​លោក​នា​ថ្ងៃនេះ​ថា​ ក្នុងនាម​លោក​ជា​អ្នកទទួល​ខុសត្រូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​ក្នុង​ការ​ដាក់ចេញ​បទបញ្ជា​ ដើម្បី​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​គ្រប់គ្រង​ព្រឹត្តិ​ការណ៍​នានា​។ អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​រូប​នេះ​ អះអាង​ទៀត​ថា​ 

«ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ​មាន​សិទ្ធិ​ចេញ​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ការគ្រប់គ្រង​សភាពការណ៍​ហើយ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ បំផុស​ឱ្យ​មានអំពើ​ហិង្សា​ ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ​ ឈាន​ទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​មាន​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​»។

ការ​បកស្រាយ​របស់​លោក​ ស ខេង​ នេះ​ក្រោយពី​មានការ​បែកធ្លាយ​សារ​សំឡេង​ ដែល​លោក​បញ្ជា​ឱ្យ​ទប់ស្កាត់​ផែនការ​ខ្មៅ​របស់​ក្រុមប្រឆាំង​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ​។

លោក​ ស ខេង​ ថ្លែង​ថា​៖ ​«សុំ​ជម្រាប​ជូន​ឯកឧត្តម​ លោកជំទាវ​ អភិបាល​រាជធានី​ខេត្ត​ មេ​ត្តា​ជា្រប​អញ្ចេះ​ ពួក​ប្រឆាំង​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​នេះ​ ​គេ​បានឱ្យ​គ្នាគេ​ចុះទៅ​តាម​វត្ត​ពេល​ភ្ជុំបិណ្ឌ​នោះ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​ជា​ឱកាស​ពេល​ភ្ជុំបិណ្ឌ​ហ្នឹង​ជួបជុំគ្នា​ ហើយ​នឹង​ពិភាក្សា​ ឬក៏​រៀបចំផែនការ​ខ្មៅ​របស់​គេ​នោះ​។ ឥឡូវនេះ​ ​យើង​នាំគ្នា​រៀបចំ​តាមខ្ញុំ​ ​យើង​រៀបចំ​ឱ្យ​មន្ត្រី​ចុះ​តាម​វត្ត​ ម្យ៉ាង​ ​គឺ​ដើម្បី​រៀបចំ​បុណ្យភ្ជុំបិណ្ឌ​ ម្យ៉ាង​គឺ​រៀបចំ​សភាពការណ៍​ឱ្យ​បាន​ល្អ​ផង​»

អតីត​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ មូរ​ សុខ​ហួរ​ ហៅ​សា​សំឡេង​លោក​ ស ខេង​ ថា​ ជា​ការ​គំរាមកំហែង​ ជំនឿ​សាសនា​ ដែល​ថា​ពលរដ្ឋខ្មែរ៩០​%គោរព​សាសនាព្រះពុទ្ធ​ដូចជា​រដូវ​បុណ្យភ្ជុំបិណ្ឌ​នេះ​ជាដើម​។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ច្រានចោល​ការចោទប្រកាន់​របស់​លោក​ ស ខេង​ ដោយ​ចាត់ទុកថា​ ការ​ចាប់ខ្លួន​សកម្មជន​ ការទប់ស្កាត់​ គម្រោង​វិលត្រឡប់​ របស់​លោក​ សម​ រង្ស៊ី​ ចូល​កម្ពុជា​ទៅវិញ​ទេ​ ដែល​លោកស្រី​ថា​ជា​ក្រុម​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ​។

លោកស្រី​ថា​៖« ការ​ឃាត់ខ្លួន​ ការ​ចាប់ចង​ ការចោទប្រកាន់​ ដោយ​អយុត្តិធម៌​ ទៅលើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខ្ញុំ​យល់ឃើញ​ថា​គណបក្សប្រជាជន​កម្ពុជា​កំពុងតែ​ភ័យខ្លាច​នៃ​ការ​វិលត្រឡប់​ទៅវិញ​នៃ​លោក​ប្រធាន​ សម​ រង្ស៊ី​ ដើម្បី​រក​ការផ្សះផ្សា​ជាតិ​ ទប់ស្កាត់​កុំ​ឱ្យ​សហគមន៍​អឺរ៉ុប​ ក៏ដូចជា​សហរដ្ឋ​អាម៉េរិក​ដក​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ និង​GSP​ »។

មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជិត៣០រូបហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលរងការចោទប្រកាន់ពីបទញុះញង់ កៀងគរមហាជនឱ្យទទួលលោកសម រង្ស៊ី ដែលគ្រោងវិលត្រឡប់វិញនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ។​

យ៉ាងនេះ​ក្ដី​ លោក​ ស ខេង​ អះអាង​ថា​សារ​សំឡេង​ កាលពី​ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៩​ ដែល​លោក​ ណែនាំ​ទៅ​មន្ត្រី​ក្រោម​ឱវាទ​នោះ​មិនបាន​បញ្ជា​ឱ្យ​រារាំង​ឬគៀប​សង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ឱ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើយ​។

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត បាន​លើកឡើង​ក្នុង​របាយការណ៍​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នា​កិច្ចប្រជុំ​លើក​ទី៤២ឆ្នាំនេះ​ថា​ រយៈពេល១ឆ្នាំ​ចាប់ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃទី២៩កក្កដា​ ឆ្នាំ២០១៨មក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា​ពោ​ពេញ​ទៅ​ដោយ​ការ​រឹតត្បិត​។

តាមរយៈ​របាយការណ៍​ដដែល​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ​ អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ លោក​ កឹម​ សុខា​ និង​បង្កើត​លម្ហ​សម្រាប់​សន្ទនា​នយោបាយ​ រវាង​រដ្ឋាភិបាល​ និង​អ្នកនយោបាយ​ប្រឆាំង​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ