សកម្មជន និងសង្គមស៊ីវិលខក​ចិត្ត​ចំពោះ​សមត្ថកិច្ច​គ្មាន​ចំណាត់​ការ​លើ​ឧកញ៉ា៣​នាក់រត់គេចខ្លួន

ឈើដែលត្រូវបានគេកាប់បំផ្លាញនៅក្នុងខេត្តមណ្ឌល់គីរី (រូបដោយ៖ សកម្មជនបរិស្ថាន)

សកម្មជនការពារបរិស្ថាន និងសង្គមស៊ីវិលបង្ហាញការ​ខកចិត្តចំពោះចំណាត់ការរបស់តុលាការ និងគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជាតិ ដោយបណ្ដោយឱ្យឧកញ៉ា ៣​នាក់  ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ រត់គេចខ្លួនបាត់នោះ។

កាលពីចុងខែកក្កដា ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្រ្ត បានចេញដីកាកោះហៅឧកញ៉ា ៣​នាក់ ក្នុងនោះ មានដូចជា ឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង  ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង និងឧកញ៉ា តុប វីរដា  ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី  ឱ្យចូលបំភ្លឺឱ្យមុនបំណាច់​ខែសីហាកន្លង​មក​នេះ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

ប៉ុន្តែ ឧកញ៉ាទាំង ៣​នាក់ មិនបានចូលបំភ្លឺតាមដីការបស់តុលាការនោះទេ ដោយថា​ ឧកញ៉ាទាំងនោះ បានរត់គេចខ្លួនអស់ហើយ។

សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ ចាត់ទុកចំណាត់ការរបស់តុលាការ និងគណៈកម្មាការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើថា ធ្វើឡើងគ្រាន់តែឱ្យល្អមើលតែប៉ុណ្ណោះ។

លោកមើលឃើញថា វិធានការរបស់តុលាការ និងសមត្ថកិច្ច​កន្លងមក ធ្វើឡើងមានស្ដង់ដាពីរ ដោយថា ចំពោះប្រជាពលរដ្ឋដែលកាប់ឈើតូច អាជ្ញាធរនឹងតុលាការតែងតែចាត់វិធានការពួកគេភ្លាមៗ ប៉ុន្ដែ សម្រាប់ជនដែលបានកាប់បំផ្លាញព្រៃឈើធំៗបែរជាបណ្ដោយឱ្យរត់គេចខ្លួនទៅវិញ។

លោក ហេង ស្រស់ ប្រាប់​ថា៖ «ក្រុមទាំងនោះបានបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិមិនមែនសម្បត្តិអ្នកតូចតាចទេ គឺបំផ្លាញសម្បត្តិជាតិទាំងមូល។ អ៊ីចឹង គណៈកម្មាការក៏ដូចជាតុលាការដែលអូសជននោះមកដាក់ពន្ធនាគារតាមច្បាប់ ប៉ុន្តែបែរជាបណ្ដោយឱ្យអ្នកទាំងនោះរត់គេខ្លួនទៅវិញ។ នេះហើយសបញ្ជាក់ថា យើងមិនអាចទទួលបានទេ»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC)លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ប្រជាពលរដ្ឋបាត់បង់ជំនឿ និងមានមន្ទិលសង្ស័យទៅលើស្ថាប័នទាំងនោះ បណ្ដោយឱ្យឧកញ៉ា​ទាំង ៣​នាក់​រត់គេចខ្លួនបែបនេះ។

លោក ប៉ែន ប៊ុណ្ណារ៍ ប្រាប់​ថា៖ «ចុះជនដែលពាក់ព័ន្ធផ្សេងទៀត តើយ៉ាងម៉េច? នេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំង​ប្រទេស ពិបាកនឹងមានជំនឿការចាត់វិធានការបង្ក្រាបដែលប្រជាពលរដ្ឋមិនដូចភ្លៀងរលឹម មួយឆាវ ហើយបាត់ទៅវិញ។ អ៊ីចឹងយើងគិតថា គណៈកម្មាការគួរតែសាងកេរ្តិ៍ឈ្មោះ​​ឱ្យបានល្អ ធ្វើយ៉ាងម៉េចឱ្យប្រត្តិបត្តិការហ្នឹងទាំងនាំខ្លួន ទាំងចាប់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធឱ្យបានដូចនីតិវិធីធ្វើទៅអត់មានការសង្ស័យ»

ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ចាត់ទុកការរិះគន់របស់​សកម្មជនបរិស្ថាន និងសង្គមស៊ីវិលថា មិនបានយល់ពីរនីតិវិធីរបស់តុលាការ និងសមត្ថកិច្ច។

លោក ម៉ម វ៉ានដា ប្រាប់​ថា៖ «អ្នកដែលនិយាយគាត់អត់ពីនីតិវិធីរបស់តុលាការ សូម្បីដីកាបញ្ជាឱ្យចូលខ្លួន មានសិទ្ធិឱ្យកម្លាំងទៅចាប់គាត់បាត់ហើយ។ អ៊ីចឹង ការចាប់មិនបាននេះ ជារឿងមួយ វាមិនមែនជារឿងការយឺតយ៉ាវរបស់តុលាការទេ។ តុលាការបានចេញបញ្ជាឱ្យចូលខ្លួននេះ មានន័យថា អំណាចស្មើនឹងសមត្ថកិច្ចទៅចាប់មនុស្សហ្នឹងយកមក។ យើងចេញហើយ ​មិនមែនយើងមិនចេញទេ ហើយនៅតែបន្តហ្នឹង តែខ្ញុំមិនចង់ជម្រាបឱ្យអស់។យើងចេញតាំងពីថ្ងៃដំបូងបើបុគ្គលនឹងត្រូវបានរកឃើញគេចាប់តាំងពីថ្ងៃដំបូងហ្នឹង»។ ​

អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ លោក អេង ហ៊ី ចាត់ទុកការលើកឡើងនេះជាសិទ្ធិរបស់ពួកគេ។

លោក អេង ហ៊ី​ ប្រាប់​ថា៖ «ពួកគាត់រិះគន់ជាសិទ្ធិរបស់ពួកគាត់គណៈកម្មាធិការគ្មានអ្វីឆ្លើយតបទេ»

គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ បានបើកយុទ្ធនាការចុះប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើទ្រង់ទ្រាយធំ ចាប់​តាំងពី​​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ២០១៩  មក​រហូត​ដល់​បច្ចុប្បន្ន​  ដោយការចុះបង្ក្រាបនោះ ចាប់បានឧកញ៉ា ២ នាក់ ក្នុងនោះមាន​ ឧកញ៉ា គង់ ក្រឹង និង​ឧកញ៉ា ស៊ឹង សំអុល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ