កម្ពុជា​ចោទ​អាមេរិក​ថា គាំ​ទ្រ​ចលនា​«ភេរវកម្ម» ​ដឹកនាំ​ដោយ​​អតីត​មេ​​បក្ស​សង្គ្រោះ​ជាតិ

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​ចាត់​ទុក​សកម្មភាព​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ជា​ចលនា​ភេរវកម្ម​ ដែល​មាន​អាមេរិក​នៅ​ពី​ក្រោយ។

ក្នុង​សន្នីសិទ្ធ​សារព័ត៌មាន​នៅ​ព្រឹកថ្ងៃ​១៩ កញ្ញា​នេះ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ​លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា ​អាមេរិក​កំពុង​គាំទ្រ​ដល់​ចលនា​ភេរវកម្ម​ប្រឆាំង​រដ្ឋមួយ​តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទីតាំង​ក្នុងប្រទេស​ខ្លួន ហើយ​អនុញ្ញាត្ត​ឱ្យ​ក្រុម​នេះ​ប្រមូល​លុយ​ ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​ប្រទេស​កម្ពុជា​ទៀត។

លោក ផៃ ស៊ីផាន ថ្លែង​​ថា៖ «ហេតុ​យ៉ាង​ម៉េច​ក្រុម​ហ្នឹង​ដែល​យើង​មើល​ឃើញ​ក្រុម​ភេរវកម្ម​ ព្រោះ​ទី១ ក្រុម​ហ្នឹង​បាន​រៀប​ចំ​អង្គការ​ភេរវកម្ម​មួយ​លើទឹក​ដី​អាមេរិក។ ទីពីរ​បាន​ប្រមូល​លុយ​របស់​អាមេរិក​ក្នុង​ការ​ប្រើប្រាស់​បម្រើសកម្មភាព​ភេរវកម្ម​របស់​ខ្លួន​ដោយ​ខុសច្បាប់ ដែល​CNRP ឬ​ក៏​គណៈកម្មការ​អី​អត់​បាន​ចុះ​បញ្ជីអង្គការ​មួយ​នៅ​អាមេរិក​ទេ ទាំង​ការ​ប្រើប្រាស់​ថវិការ​ ទាំង​សកម្មភាព​អី​ គឺ​អត់​មាន​ទេ គឺ​គ្រាន់​តែ​ធ្វើ​សកម្មភាព​មួយ​ជា​សម្ងាត់​យ៉ាង​ហ្នឹង»

លោក​ ផៃ ស៊ីផាន បន្ថែម​ថា​ តាម​ច្បាប់​អន្តរជាតិ ​គឺ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​អាមេរិក​ចំពោះ​ការ​គាំទ​​នេះ តែ​ដោយ​សារ​កម្ពុជា​នៅ​តែ​ចាត់​ទុក​អាមេរិក​ជា​ដៃ​គូ​សហការ​ល្អ​មួយ​ ទើប​រក្សា​សិទ្ធិ​មិន​ប្ដឹង​ប្រទេស​នេះ។

បន្ថែម​លើ​នេះ​ លោក​បណ្ឌិត​ រស់ ចន្រ្តាបុត្រ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​ទីប្រឹក្សា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា សកម្មភាព​របស់អាមេរិក​កំពុង​តែ​បំពាន​ទៅ​លើ​ការ​ប្រកាស​របស់ខ្លួន​ឯងក្នុង​ការ​ប្ដេជ្ញា​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ពិភព​លោកផង​ដែរ។

លោក រស់ ចន្រ្តាបុត្រ ថ្លែង​​ថា៖ «បើ​សិន​ជា​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​គាំទ្រ​នូវ​សកម្មភាព​ភេរវកម្ម​របស់​សម រង្ស៊ី​នេះ គឺ​សហរដ្ឋអាមេរិក​មិន​បាន​គោរព​ទៅ​តាម​អ្វី​ដែល​ជា​គោល​ការណ៍​ ជា​គោល​នយោបាយ​ ជា​គោល​សម្ដី​របស់​ខ្លួន​ដែល​ធ្លាប់​តែ​ប្រកាស​ប្រឆាំង​ភារវកម្ម​ក្នុង​ពិភព​លោក»

ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ក្រោយ​ពេល​ដែល​គណបក្សសង្គ្រោះ​ជាតិ​ដែល​មាន​ទីតាំង​​​រដ្ឋ​ Massachuesetts សហរដ្ឋ​អាមេរិក​ បាន​សម្រេច​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​សម្រាប់​ដំណើរ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី មាន ​៥​ចំនុច​ ដែល​ក្នុង​នោះ​មាន​ការ​ ប្រគល់​ភារកិច្ច​ឱ្យ​រចនា​សម្ព័ន្ធ​បក្ស​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស អនុវត្តន៍​ផែន​ការ​មាតុភូមិ​និវត្តន៍ និង​អំពាវ​នាវ​ឱ្យ​ពលករ​ក្រៅ​ស្រុក​ចូល​រួម​ជា​​កម្លាំង​នៃ​ការ​ចូល​ស្រុក​នេះ​ ជាពិសេស​ ​ត្រៀម​​ថវិកា​សម្រាប់​គាំទ្រ​ដល់​កង​កម្លាំង​ផ្ដាច់​ខ្លួនដើម្បីប្រឆាំង​រដ្ឋាភិបាលកម្ពុជា​ផង​ដែរ។

ឆ្លើយ​តប​នឹង​ការ​សាក​សួរ​ពី​វីអូឌី​តាម​អ៊ីម៉ែល​នៅ​ថ្ងៃ​នេះ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោកស្រី Emily Zeeberg បដិសេធ​​ឆ្លើយ​តប​ចំពោះ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា​នេះ​។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានប្រាប់ VOD រសៀលនេះថា គណបក្សលោកស្រីគ្មានគោលបំណងណាមួយក្នុងការតស៊ូប្រដាប់អាវុធជាមួយរដ្ឋាភិបាលកម្ពុជានោះទេ ខណៈលោកស្រីបញ្ជាក់ថា ថវិការដែលប្រមូលបានក៏មិនមែនជាថវិការបស់សហរដ្ឋអាមេរិកដែរ។

លោកស្រី មូរ សុខហួរ ប្រាប់​ថា៖ «ថវិកាដែលយើងប្រមូលមក គឺជាញើសជាឈាមនៃបងប្អូនប្រជាពលរដ្ឋខ្មែរនៅនាយសមុទ្រ។ មិនត្រឹមតែនៅសហរដ្ឋអាមេរិកទេ វាជាថវិកាសម្រាប់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ»

អ្នក​តាម​ដាននយោបាយ​កម្ពុជា​ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ក្នុង​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា ​អាច​ដាក់​លិខិត​ឱ្យ​អាមេរិក​ឆ្លើយ​បំភ្លឺ​ចំពោះ​ករណី​នេះ​បាន ​ប្រសិន​ជា​កម្ពុជា​មាន​ភស្ភុតា​ងគ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​នេះ។

លោក ឯម សុវណ្ណារ៉ា ប្រាប់​ថា៖ «ភេរវកម្ម​ជា​ទូទៅ​ គឺ​ជា​ក្រុម​ចលនា​ប្រដាប់​អាវុធ​​ដែល​អាចកម្ទេច ឬ​ក៏​ធ្វើ​ឱ្យ​រង​ផល​ប៉ះពាល់​ដល់​តួអង្គនយោបាយ​ណា​មួយ​ ឬ​ក៏​រដ្ឋ​ណា​មួយ​នេះ​ជា​រូប​ភាព​នៃ​ភេរវកម្ម។ តែ​ចំពោះ​ទស្សនៈ​របស់​លោក​អ្នក​នាំពាក្យ ​ខ្ញុំ​គិត​ថា ​វា​អាច​មិន​ទាន់​មាន​លក្ខខណ្ឌ​អី​ចោទ​អ៊ីចឹង​ទេ! តែ​ប្រសិន​យើង​មាន​ឯកសារ​សំអាង​ច្បាស់លាស់​ យើង​អាច​ធ្វើ​លិខិត​ឱ្យ​អាមេរិក​ហ្នឹង​បំភ្លឺ​ព្រោះ​ចំណង​ទាក់ទង​ទូត​យើង ​គឺ​ស្មើ​ភាព​គ្នា»។​

ក្រោយ​ការ​ប្រកាស​ជាផ្លូវ​ការ​នូវ​ចលនា​សង្គ្រោះជាតិ​កាល​ពី​ដើម​ឆ្នាំ​មុន លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ហៅ​ចលនា​នោះ​ថា​ ជា​ចលនាភេរវកម្មដែល​មានលោក​ សម រង្ស៊ី ជា​មេដឹក​នាំ ដោយ​លោក​ព្រមាន​ថា ​នឹង​ស្នើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​សហការ​ចាប់​ខ្លួនមេដឹក​នាំ​ចលនា​នេះ​​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ លោក​មិន​ទាន់​ចោទ​ប្រកាន់​ថា​ ចលនា​នេះ​មាន​ការ​គាំទ្រ​ពី​ប្រទេសណា​ពិត​ប្រាដក​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ